ក្រុងប៉ារីសៈ ប្រភពពីប្រធានាធិបតីបារាំងបានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេស បារាំង កំពុងពន្លឿនការរៀបចំខ្លួនសម្រាប់ «ការចាកចេញរបស់អង់គ្លេសពីសហភាពអ៊ឺរ៉ុប (Brexit) ដោយគ្មានកិច្ចព្រមព្រៀង» បន្ទាប់ពីសមាជិកសភារបស់អង់គ្លេសដ៏ច្រើនលើសលប់បានបោះឆ្នោតច្រានចោលកិច្ចព្រមព្រៀង Brexit។
ប្រភពនេះឲ្យដឹងថា៖ «សេណារីយោដែលយើងមិនចង់បាន គឺ Brexit ដោយគ្មានកិច្ចព្រមព្រៀង ហើយហានិភ័យកើនឡើងកាន់តែខ្លាំង កាលពីម្សិលមិញ»។ ប្រភពដដែលបន្ថែមថា៖ «នាយករដ្ឋមន្ត្រីបារាំងនឹងជួបប្រជុំជាមួយរដ្ឋមន្ត្រីសំខាន់ៗដែលពាក់ព័ន្ធដើម្បីវាយតម្លៃទៅលើការត្រៀមខ្លួន និងពន្លឿនការរៀបចំខ្លួនទាំងនេះ» ។
រដ្ឋមន្រ្តីនានាបានកំណត់ពេលប្រជុំរួចហើយដើម្បីសម្រេចទៅលើការឆ្លើយតបរបស់បារាំងចំពោះលទ្ធផលនៃការបោះឆ្នោតច្រានចោលពីសភាអង់គ្លេស។
ប្រទេស បារាំង ក៏ដូចទៅនឹងប្រទេសនៅក្នុងតំបន់អឺរ៉ុបដទៃទៀតដែរ បាននិងកំពុងរៀបចំសេណារីយ៉ូមួយសម្រាប់ទប់ទល់នឹង Brexit ដោយគ្មានកិច្ចព្រមព្រៀង ហើយក៏បានជ្រើសរើសមន្រ្តីភ្នាក់ងារគយបន្ថែមទៀតផងដែរដើម្បីដាក់ពង្រាយនៅតាមកំពង់ផែនានា។
ទន្ទឹមនឹងនេះដែរ ក្រុមសហជីពនិយោជកបារាំង ហៅកាត់ថា MEDEF បានអំពាវនាវដល់ធុរកិច្ចដទៃទៀតឲ្យត្រៀមខ្លួនសម្រាប់រឿងដ៏ «អាក្រក់បំផុត» ដែលនឹងកើតឡើង ។
លោក Geoffroy Roux de Bezieux ប្រធានសហជីពនិយោជកបារាំង MEDEF ថ្លែងថា៖ «ការបោះឆ្នោតច្រានចោលកាលពីម្សិលមិញបានធ្វើឲ្យមានភាពមិនច្បាស់លាស់បន្ថែមលើភាពមិនច្បាស់លាស់»។
ក្រសួងហិរញ្ញវត្ថុបារាំងបានឲ្យដឹងថា មានក្រុមហ៊ុនបារាំងប្រមាណ ៣០ ០០០ ក្រុមហ៊ុនដែលបាននាំចេញផលិតផលរបស់ពួកគេទៅកាន់ចក្រភពអង់គ្លេស ដោយក្នុងនោះទំនិញមានតម្លៃប្រហែល ៣១ ពាន់លានអឺរ៉ូ (៣៥,៤ ពាន់លានដុល្លារ) នៅឆ្នាំ ២០១៧។
សហព័ន្ធអ្នកនាំចេញស្រារបស់បារាំង (FEVS) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនេះ។
អង់គ្លេស គឺជាទីផ្សារធំបំផុតទីពីរបន្ទាប់ពីសហរដ្ឋអាមេរិកសម្រាប់ការនាំចេញស្រាបារាំង ហើយបារាំង គឺជាអ្នកនាំចូលស្រាអង់គ្លេសដ៏ធំផងដែរ។
លោក Antoine Leccia ប្រធានសហព័ន្ធ FEVS បានថ្លែងថា៖ «ការបោះឆ្នោតច្រានចោលកិច្ចព្រមព្រៀង Brexit ធ្វើឲ្យខួចប្រយោជន៍ធំណាស់ចំពោះទំនាក់ទំនងពាណិជ្ជកម្មជាប្រវត្តិសាស្ត្រប្រកបដោយផ្លែផ្ការវាងប្រទេសយើងទាំង ២»។ លោកក៏បានអំពាវនាវឲ្យមេដឹកនាំចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប «ត្រូវធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីស្វែងរកដំណោះស្រាយនយោបាយឲ្យបាននៅត្រឹមថ្ងៃទី ២៩ មីនា។
ក្រុមអ្នកតំណាងរាស្ត្របារាំងចាប់តាំងពីខែវិច្ឆិកាមក បាននិងកំពុងពិភាក្សាគ្នាអំពីផលវិបាក Brexit ដែលអាចផ្តល់អំណាចដល់រដ្ឋាភិបាលឲ្យចេញក្រឹត្យគ្រាអាសន្នមួយបើចាំបាច់៕ AFP/NS