ក្រុងដេត្រយៈ សហជីព United Auto Workers (UAW) បានចាប់ផ្ដើមធ្វើបាតុកម្មទូទាំងប្រទេសប្រឆាំងនឹងក្រុមហ៊ុន General Motors (GM) កាលពីថ្ងៃចន្ទ ដោយមានសមាជិកប្រហែល ៤៦ ០០០ នាក់ដើរចេញពីការងារ បន្ទាប់ពីការចរចាកិច្ចសន្យាបានជាប់គាំង។
ការធ្វើបាតុកម្មដែលកាសែត Wall Street Journal បានហៅថាជាការឈប់ធ្វើការងារដ៏ធំលើកដំបូងនៅក្នុងក្រុមហ៊ុន GM ក្នុងរយៈពេលជាងមួយទសវត្សរ៍ បានធ្វើឡើងបន្ទាប់ពីកិច្ចសន្យាការងាររយៈពេល ៤ ឆ្នាំរបស់ក្រុមហ៊ុនផលិតរថយន្តមួយនេះជាមួយបុគ្គលិកកម្មករបានផុតកំណត់ដោយមិនមានកិច្ចព្រមព្រៀងមួយស្ដីពីការផ្លាស់ប្តូរថ្មីណាមួយឡើយ។
សហជីព UAW បានឲ្យដឹងនៅលើគណនី Twitter របស់ខ្លួនថា ក្រុមមេដឹកនាំសហជីពនៅមូលដ្ឋានបានជួបគ្នានៅទីក្រុងដេត្រយ និងបានជ្រើសរើសយកការធ្វើបាតុកម្មនៅពាក់កណ្ដាលអធ្រាត្រថ្ងៃអាទិត្យ»។
លោក Terry Dittes អ្នកចរចាជាន់ខ្ពស់របស់សហជីពនេះជាមួយក្រុមហ៊ុន GM បានប្រាប់សន្និសីទព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំនេះថា៖ «នេះគឺជាជម្រើសចុងក្រោយរបស់ពួកយើង។ យើងនឹងក្រោកឈរឡើងដើម្បីសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនដែលធ្វើការងារនៅក្នុងប្រទេសនេះ»។
ក្នុងសេចក្ដីប្រកាសព័ត៌មានមួយក្រុមហ៊ុន GM ឲ្យដឹងថា ខ្លួនកំពុងខកចិត្តថា មេដឹកនាំ UAW បានសម្រេចចិត្តអំពាវនាវឲ្យមានការធ្វើបាតុកម្មដោយលើកឡើងថា វាបានបង្ហាញពីការ «ផ្ដល់ជូនដ៏រឹងមាំ» មួយក្នុងការចរចាកិច្ចសន្យានេះ៕ LA