បុណ្យ​សមុទ្រ​នឹង​មាន​ទេសចរ ២០ ម៉ឺន​នាក់


130807_11
ទេសចរបរទេសដែលមកទស្សនាឆ្នេរនៅខេត្ត ព្រះសីហនុនាពេលកន្លងមក ការរៀបចំបុណ្យសមុទ្រលើកទី១ របស់កម្ពុជាត្រូវបានធ្វើនៅខេត្ត ព្រះសីហនុ ម៉ៃ វីរៈ

កែបៈ មន្រ្តី​មន្ទីរ​ទេសចរណ៍​ខេត្ត កែប រំពឹង​ថា​ភ្ញៀវ​ទេសចរ និង​អ្នក​ដំណើរ​យ៉ាង​ហោច​ណាស់ ២០ ម៉ឺន​នាក់​នឹង​ចូល​រួម​ពិធី​បុណ្យ​សមុទ្រ នៅ​ចុង​ឆ្នាំ​នេះ។

ពិធី​បុណ្យ​សមុទ្រ​ត្រូវ​បាន​អាក់​ខាន​មួយ​ឆ្នាំ ក្នុង​ឆ្នាំ​កន្លង​ទៅ​ដោយ​សារ​ប្រជារាស្រ្ត​ខ្មែរ​កាន់​ទុក្ខ​ការ​ចូល​ទិវង្គត​អតីត​ព្រះ​ករុណា​ព្រះ​មហាវីរក្សត្រ​ក្នុង​ខែ​តុលា​ឆ្នាំ ២០១២។

រដ្ឋាភិបាល​បាន​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​មួយ​នៅ​ខេត្ត ព្រះ​សីហនុ ដែល​ទាក់​ទាញ​មនុស្ស​រាប់​ម៉ឺន​នាក់​ទៅ​ចូល​រួម​កម្សាន្ត​ដោយ​គ្រាន់​តែ​ថ្ងៃ​ទីមួយ មនុស្ស​ប្រមាណ ៥ ម៉ឺន​នាក់​ត្រូវ​គេ​ប៉ាន់​ស្មាន​ថា បាន​ចូល​រួម។

លោក សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត កែប បាន​និយាយ​ថា ពិធី​បុណ្យ​សមុទ្រ​ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត កែប​ក្នុង​ឆ្នាំ​នេះ មិន​មាន​អ្វី​ប៉ះពាល់​ទៀត​នោះ​ទេ។ រដ្ឋាភិបាល​បាន​សម្រេច​ប្រារព្ធ​ពិធី​បុណ្យ​នៅ​ថ្ងៃ​ទី៧ និង​ទី៨​ខែ​ធ្នូ​ឆ្នាំ​នេះ​។

លោក​បន្ត​ថា៖ «យើង​មាន​បទ​ពិសោធ​នៅ​ខេត្ត ព្រះ​សីហនុ​ដែល​ជា​ខេត្ត​មាន​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ច្រើន តែ​នៅ​តែ​ជួប​ប្រទះ​ការ​ខ្វះ​ខាត​កន្លែង​ស្នាក់នៅ​ច្រើន ចំណែក​ខេត្ត កែប​នៅ​មាន​តិច​នៅ​ឡើយ​យើង​នឹង​ខ្វះ​ខាត​ច្រើន​ដែរ»។ ប៉ុន្តែ​លោក​ថ្លែង​ថា៖ «យើង​បាន​ត្រៀម​ខ្លួន​ចំពោះ​ការ​ខ្វះខាត​នេះ ដោយ​ផ្សព្វ​ផ្សាយ​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​រួម​ដើម្បី​សម្រួល​ដល់​ការ​ស្នាក់នៅ​របស់​ភ្ញៀវ»។

លោក​បន្ថែម​ថា ពិធី​បុណ្យ​សមុទ្រ​នេះ​នឹង​ត្រូវ​ប្រារព្ធ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​ប្រារព្ធ​មហា​សន្និបាត​ឆ្នេរ​សមុទ្រ​ស្អាត​នៅ​រមណីយដ្ឋាន​ស្ថានសួគ៌ បូកគោ​ដែល​មាន​ប្រទេស​ជា​សមាជិក​ក្លិប​ឆ្នេរ​ស្អាត​ក្នុង​ពិភពលោក​មក​ចូល​រួម​ផង​ដែរ។

លោក ថោង ខុន រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​កាល​ពី​ខែ​ឧសភា​ថា មហា​សន្និបាត​នឹង​មាន​ការ​ចូល​រួម​ពី​មន្រ្តី​ជាច្រើន​មក​ពី​បណ្ដា​ប្រទេស ជាច្រើន​នៅ​លើ​ពិភពលោក។

លោក​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ ឆ្នេរ​សមុទ្រ​ដែល​បាន​ក្លាយ​ជា​សមាជិក​របស់​ឆ្នេរ​ស្អាត​បំផុត​លើ​ពិភពលោក​មាន​ចំនួន ៣៩ ឆ្នេរ ក្នុង​ប្រទេស​ចំនួន ៣០ លើ​ពិភពលោក។ លោក​បន្ត​ថា៖ «វា​គឺជា​ឱកាស​ថ្មី​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​ឆ្នេរ​របស់​យើង​នៅ​លើ​ឆាក​អន្តរជាតិ​ឲ្យ​បាន​ឃើញ​ឆ្នេរ​នេះ»។

ឆ្នេរ​កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា ជា​សមាជិក​ក្លិប ឆ្នេរ​ស្អាត​បំផុត​របស់​ពិភពលោក​នៅ​ថ្ងៃ​ទី២៦ ខែ​ឧសភា ឆ្នាំ ២០១១។

លោក អ៊ុយ វុនលី ម្ចាស់​ផ្ទះ​សំណាក់ ចំប៉ី ស ដែល​មាន ១៣ បន្ទប់ នៅ​ខេត្ត​កែប បាន​និយាយ​ថា លោក​រំពឹង​ថា​កំណើន​ភ្ញៀវ​នឹង​កើន​ឡើង​ខ្លាំង​នៅ​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យ នោះ ហើយ​ភ្ញៀវ​មួយ​ចំនួន​នឹង​ទៅ​រក​កន្លែង​ស្នាក់នៅ​ខេត្ត កំពត​ដែល​មាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ប្រារព្ធ​ពិធី​នោះ៕

ព័ត៌មានថ្មីៗ