ភ្នំពេញៈ បុព្វលាភ​ក្នុង​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​គិត​ត្រឹម​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២០ សម្រេចបាន​ជិត ២០២ ​លាន​ដុល្លារ កើនឡើង​ជាង ៨​ ​ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយ​កំណើន​ភាគច្រើន​បានមកពី​ធានារ៉ាប់រង​ទូទៅ​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​ធានារ៉ាប់រង​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឱ្យ​ដឹងថា គិត​ត្រឹម​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២០ បុព្វលាភ​ធានារ៉ាប់រង​សរុប​របស់​ទីផ្សារ​សម្រេចបាន​ប្រមាណ ២០១,៧ ​លាន​ដុល្លារ​កើនឡើង ៨,២ ​ភាគរយ​ពី​ចំនួន ១៨៦,៣ ​លាន​ដុល្លារ​កាលពី​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០១៩​។ ក្នុងនោះ​ផលិតផល​ទីផ្សារ​ធានារ៉ាប់រង​ទូទៅ​មាន​កំណើន ១៨,២ ​ភាគរយ ទីផ្សារ​ធានារ៉ាប់រង​អាយុជីវិត​មាន​កំណើន ២,៨ ​ភាគរយ ខណៈ​ទីផ្សារ​ធានារ៉ាប់រង​ខ្នាតតូច ថយចុះ​ជិត ២២ ​ភាគរយ​។


សម្រាប់​ទីផ្សារ​ធានារ៉ាប់រង​ទូទៅ​គិតត្រឹម​ចុង​ត្រីមាស​ទី​ ៣ សម្រេចបាន​បុព្វលាភ​ប្រមាណ ៨៧,៩ ​លាន​ដុល្លារ កើនឡើង ១៨,២ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​​ ២០១៩ ដែលមាន​តម្លៃ ៧៤,៤ ​លាន​ដុល្លារ​។


កំណើន​បុព្វលាភ​ធានារ៉ាប់រង​ទូទៅ​នេះ គឺ​បានមកពី​ស្ទើរ​គ្រប់​ផលិតផល​ដែលមាន​ដូចជា ធានារ៉ាប់រង​វិស្វកម្ម កើន ៧៤,២ ​ភាគរយ ធានារ៉ាប់រង​លើ​នាវា​យន្តហោះ​ការដឹកជញ្ជូន​ទំនិញ​កើន ៣៥,៣ ​ភាគរយ ធានារ៉ាប់រង​សុខភាព កើន ២១,៥ ​ភាគរយ ធានារ៉ាប់រង​ទ្រព្យសម្បត្តិ​ (​អគ្គិភ័យ​) កើន​ ១៥,៩ ​ភាគរយ ធានារ៉ាប់រង​យានយន្ត​កើនឡើង ៧ ​ភាគរយ និង​ធានារ៉ាប់រង​ផ្សេងៗ​កើន ១៥,១ ​ភាគរយ​។


ចំណែក​ទីផ្សារ​ធានារ៉ាប់រង​អាយុជីវិត​គឺ​បាន​កើនឡើង​តិចតួច ដោយ​ទំហំ​បុព្វលាភ​មាន ១០៩,៨ ​លាន​ដុល្លារ កើន​ពី ១០៦,៨ ​លាន​ដុល្លារ​កាលពី​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៩​។


ដោយឡែក​ទីផ្សារ​ធានារ៉ាប់រង​ខ្នាតតូច​ទំហំ​បុព្វលាភ​មាន​ត្រឹមតែ ៤,១ ​លាន​ដុល្លារ​ប៉ុណ្ណោះ​ធ្លាក់ចុះ ២១,៧ ​ភាគរយ​។ ការធ្លាក់ចុះ​នេះ គឺ​បណ្តាលមកពី​ផលប៉ះពាល់​នៃ​ការរីករាលដាល​ជំងឺ​កូវីដ ១៩​។


លោក ហ៊ុយ វ៉ាថារ៉ូ ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃ​អង្គារ​ថា ទីផ្សារ​ធានារ៉ាប់រង​នៅ​កម្ពុជា​ក្នុង​រយៈពេល​ ៣ ​ត្រីមាស ឆ្នាំ​ ២០២០ នៅតែ​បន្ត​សញ្ញា​វិជ្ជមាន​ដដែល​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន គ្រាន់តែ​អត្រាកំណើន​មិន​កើនឡើង​ខ្ពស់​ដូច​ឆ្នាំមុន​។

លោក​បន្ថែមថា មូលហេតុ​ដែល​ធ្វើឱ្យ​អត្រាកំណើន​រយៈពេល ៩ ​ខែ​ឆ្នាំនេះ​មិន​កើន​ខ្ពស់ គឺ​ដោយសារ​តែ​ផលប៉ះពាល់​របស់​កូវីដ​១៩ ដែល​ធ្វើឲ្យ​ការធានារ៉ាប់រង​លក្ខណៈ​បុគ្គល​ជាច្រើន​ត្រូវ​ធ្លាក់ចុះ​។

លោក​ថ្លែងថា​៖ «​កូវីដ​១៩ បាន​ធ្វើឱ្យ​មាន​ផលប៉ះពាល់​ទៅគ្រប់​វិស័យ​។ ទោះជា​យ៉ាងណា​សម្រាប់​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា គឺ​នៅតែ​រក្សាបាន​នូវ​ភាព​វិជ្ជមាន​ដដែល​គ្រាន់តែ​មិន​កើនខ្ពស់​ដូច​មុន​» ។

ទិន្នន័យ​របស់​សមាគម​ធានារ៉ាប់រង​កម្ពុជា​បាន​ឲ្យ​ដឹងថា មកដល់​ពេល​នេះ​សមាគម​ធានារ៉ាប់រង​កម្ពុជា​មាន​ក្រុមហ៊ុន​ជា​សមាជិក ៣១ ​ក្រុមហ៊ុន​ក្នុង​នោះ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​មាន ១៥ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ ១០ ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាតតូច​ ៥ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត ១​។

លោក យក់ ចំរើនឫទ្ធិ ប្រធាន​អគ្គនាយក​ក្រុមហ៊ុន Forte Insurance បាន​និយាយថា សម្រាប់​រយៈពេល ៩ ​ខែ​ដើមឆ្នាំ​ ២០២០ នេះ​បុព្វលាភ​ដែល Forte Insurance ទទួល​បាន​គឺមាន​កំណើន​ប្រមាណ ១៧ ​ភាគរយ​ធៀប​នឹង​រយៈពេល ៩ ​ខែ​ឆ្នាំមុន ខណៈ​កាលពី​ឆ្នាំ​ ២០១៩ អត្រាកំណើន​ប្រហែល ២០ ​ភាគរយ​។

លោក​បន្ថែមថា វិស័យ​ដែល​ទទួលរង​ផលប៉ះពាល់​ខ្លាំង​ពី​ការផ្ទុះឡើង​នៃ​ជំងឺ​កូវីដ​ ១៩ រួមមាន ធានារ៉ាប់រង​លើ​ការធ្វើដំណើរ ធានារ៉ាប់រង​លើ​ការដឹកជញ្ជូន​ទំនិញ អចលនទ្រព្យ និង​ការសាងសង់ ខណៈ​ធានារ៉ាប់រង​ផ្នែក​សុខភាព មាន​សម្ទុះ​កើនឡើង​។

លោក​អះអាង​ថា​៖ «​ក្នុងអំឡុង​កូវីដ ​១៩ នេះ​បុព្វលាភ​អាចមាន​ការធ្លាក់ចុះ​ច្រើន​លើ​ការធានារ៉ាប់រង​លក្ខណៈ​បុគ្គល ប៉ុន្តែ​ការធានារ៉ាប់រង​លើ​សុខភាព និង​យានយន្ត​បាន​កើនឡើង​»​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន BIMA Cambodia លោកស្រី អំ គីមតុល បាន​ប្រាប់ថា ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​សកម្មភាព​របស់​ក្រុមហ៊ុន​លោកស្រី​នៅក្នុង​រយៈពេល ៩ ​ខែ​ដើមឆ្នាំ​ ២០២០ ធ្លាក់​ចុះខ្សោយ​បន្តិច​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។

លោកស្រី​បន្តថា ការធ្លាក់ចុះ​នោះ ដោយសារ​អតិថិជន​របស់​ក្រុមហ៊ុន​ភាគច្រើន​ជា​ក្រុម​អ្នកធ្វើការ​នៅតាម​រោងចក្រ ឬ​អាជីវកម្ម​តូចៗ ដែល​ពួកគាត់​ត្រូវ​បាត់បង់​ប្រាក់​ចំណូល​ក្នុងអំឡុងពេល​វិបត្តិ​កូវីដ​។

លោកស្រី​និយាយថា​៖ «​ដោយសារ BIMA Cambodia ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាតតូច​ដែលមាន​អតិថិជន​ភាគច្រើន​ជា​អ្នកមាន​ប្រាក់ចំណូល​ទាប ហេតុនេះ​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ​១៩ នេះ ពិតជា​កើតមាន​ចៀស​មិន​ផុត​»​។

ក្នុង​រយៈពេល ៩ ​ខែ​ដើមឆ្នាំ​ ២០២០ នេះ​បុព្វលាភ​របស់​ក្រុមហ៊ុន BIMA- Cambodia ធ្លាក់ចុះ​ចន្លោះ​ពី ៥ ​ទៅ​ ៧ ​ភាគរយ​ធៀប​នឹង ៩ ​ខែ​ឆ្នាំ​ ២០១៩​។ នេះ​បើតាម​លោកស្រី អំ គីមតុល​។

របាយការណ៍​សមាគម​ធានារ៉ាប់រង​កម្ពុជា​ឲ្យ​ដឹងថា ក្នុង​រយៈពេល ៩ ​ខែ​ឆ្នាំ​ ២០២០ នេះ​ទឹកប្រាក់​សំណង​ដែល​ក្រុមហ៊ុន​ធានារ៉ាប់រង​បាន​ទូទាត់​ទៅកាន់​អតិថិជន​មាន​ចំនួន​សរុប ២១,៧ ​លាន​ដុល្លារ​ ក្នុង​នោះ​សំណង​ដែល​បាន​ទូទាត់​ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​មាន ១៦,១ ​លាន​ដុល្លារ ធានារ៉ាប់រង​អាយុជីវិត​មាន ៤,៧ ​លានដុល្លារ និង​ធានារ៉ាប់រង​ខ្នាតតូច​មាន ០,៧៥ ​លាន​ដុល្លារ​៕ LA