ភ្នំពេញៈ របាយការណ៍​ថ្មី​មួយ​បាន​រកឃើញ​ថា ប្រជាជន​កម្ពុជា​ជិត​​ ៣០ ​ភាគរយ​ ខ្ចីប្រាក់​ ដើម្បី​ចំណាយ​លើ​ការថែទាំ​សុខភាព ខណៈ​អ្នក​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​បញ្ជាក់ថា របាយការណ៍​នេះ​មិន​ឆ្លុះបញ្ចាំង​ពី​ការអនុវត្ត​ពិតប្រាកដ​នៅក្នុង​វិស័យនេះ​ទេ​។

សាកលវិទ្យាល័យ University of New South Wales (UNSW) នៅ​ចក្រភព​អង់គ្លេស​បាន​ស្ទង់​មតិ​ប្រជាជន ៥ ០០០ គ្រួសារ ​ទូទាំងប្រទេស​ កម្ពុជា និង​បាន​រកឃើញថា ២៨,១ ​ភាគរយ​ បាន​ខ្ចីប្រាក់​ដើម្បី​ថែទាំ​សុខភាព​។ ក្នុងចំណោម​អ្នក​ខ្ចី​នោះ​ ៥៥ ​ភាគរយ ​រង​ផលប៉ះពាល់​ពី​កម្ចី​។ នេះ​បើតាម​របាយការណ៍​។


លោក Augustine Asante សហ​ដឹកនាំ​ការនិពន្ធ សាលា​សុខភាព​សាធារណៈ និង​វេជ្ជសាស្ដ្រ​សហគមន៍​នៅ​សាកលវិទ្យាល័យ UNSW Sydney បាន​ឲ្យ​ដឹងថា ការសិក្សា​នេះ​បាន​បញ្ជូន​សារ​ដ៏ច្បាស់​មួយ​ថា វិធានការ​ថែទាំ​សុខភាព​របស់​ប្រទេស​ កម្ពុជា ​មិន​គ្រប់គ្រាន់​ក្នុង​ការទទួល​បាន​ការការពារ​ចាំបាច់​សម្រាប់​ការធានារ៉ាប់រង​សុខភាព​ជា​សកល​ (UHC) ​នោះ​ទេ​។


លោក​ថ្លែងថា​៖ «​ប្រទេស​ កម្ពុជា ​បាន​ធ្វើឲ្យ​មាន​ការរីកចម្រើន​ល្អ ទាក់ទង​នឹង​ការលើកកម្ពស់​គុណភាព​នៃ​ប្រព័ន្ធ​ហិរញ្ញប្បទាន​សុខភាព​របស់​ខ្លួន ប៉ុន្តែ​មាន​ការងារ​នៅសល់​ជាច្រើន​ត្រូវ​ធ្វើ ដើម្បី​កាត់បន្ថយ​ចំណាយ​ដោយផ្ទាល់ ពិសេស​សម្រាប់​ពលរដ្ឋ​ក្រីក្រ និង​ងាយ​ទទួលរង​គ្រោះ​បំផុត​»​។


របាយការណ៍​នេះ​បង្ហាញថា កម្ចី​ជា​មធ្យម​មាន​ចំនួន ១២៥ ​ដុល្លារ​អាមេរិក​ទៅ​ ២០០ ​ដុល្លារ​ ដែល​មាន​ការប្រាក់​ខណៈ កម្ចី​ត្រឹម​ ៧៥ ​ភាគរយ​ ដុល្លារ​អាមេរិក​មិនមាន​ការប្រាក់​ទេ​។ របាយការណ៍​នេះ​បន្តថា​៖ «​រយៈពេល​ជា​មធ្យម​ក្នុង​ការសង​កម្ចី​នេះ គឺ​រយៈពេល​ ៨ ​ខែ ខណៈ​ ៧៨ ​ភាគរយ​នៃ​គ្រួសារ​បាន​បរាជ័យ​ក្នុង​ការសង​កម្ចី​នេះ ដោយ​ចំណាយពេល​ជាង​​ ១២ ​ខែ​»​។


លោក ប៊ុន មុនី អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វិថី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ កាលពី​ថ្ងៃ​ពុធ​ថា​ជា​ធម្មតា​ភាគច្រើន​នៃ​ប្រជាជន​កម្ពុជា​នៅ​ជនបទ តែងតែ​យក​កម្ចី​ពី​អ្នកផ្ដល់​កម្ចី​ក្រៅផ្លូវការ​នៅក្នុង​ចំនួន​ប្រាក់​តិចតួច​។ ប៉ុន្តែ​លោក​ពន្យល់​ថា កម្ចី​បែប​នោះ​នឹង​ធ្វើឲ្យ​ប្រជាជន​ប្រឈម​ហានិភ័យ​ផងដែរ ដែល​គិត​អត្រា​ការប្រាក់​ខ្ពស់​។


លោក​បន្តថា​៖ «​ប្រសិន​បើ​ពួកគេ​ខ្ចីប្រាក់​ពី​អ្នកផ្ដល់​កម្ចី​ក្រៅផ្លូវការ ដើម្បី​ចំណាយ​សម្រាប់​ការថែរក្សា​សុខភាព ពួកគេ​ប្រឈម​នឹង​ហានិភ័យ​ខ្លាំង​ជាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​មាន​អាជ្ញាប័ណ្ណ​ផ្សេងទៀត ដោយសារ​ពួកគេ​ត្រូវតែ​ចំណាយ​លើ​អត្រា​ការប្រាក់​ខ្ពស់​»​។

របាយការណ៍​ឲ្យ​ដឹងថា ការប្រឈម​នឹង​ការខូចខាត​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ការព្យាបាល​ជំងឺ​ជា​រឿង​ធម្មតា​នៅក្នុង​កម្ពុជា ដែល​ការចំណាយ​ភ្លាមៗ​មាន​រហូត ៦០ ​ភាគរយ ​ដែល​ជា​ចំនួន​មួយ​ខ្ពស់បំផុត​នៅក្នុង​អាស៊ីអាគ្នេយ៍​។

លោក គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ឲ្យ​ដឹងថា នៅក្នុង​ការអនុវត្ត​ជាក់ស្តែង​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​មិន​មាន​ប្រភេទ​កម្ចី​សម្រាប់​ការព្យាបាល​ជំងឺ​នោះទេ ប៉ុន្តែ​ភាគច្រើន​នៃ​ប្រជាជន​កម្ពុជា​នៅ​តំបន់​ជនបទ​តែងតែ​ប្រើប្រាស់​ផ្នែក​មួយ​នៃ​កម្ចី​សម្រាប់​ការព្យាបាល​របស់​ពួកគេ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គិត​ថា ការយក​កម្ចី​ណាមួយ​មិន​មានន័យថា អាក្រក់ ឬ​ល្អ​នោះ​ទេ ដោយសារ​តែ​ពួកគេ​កំពុង​ស្ថិត​ក្នុង​តម្រូវការ ថា​តើ​សម្រាប់​អាជីវកម្ម ឬ​សម្រាប់​ការប្រើប្រាស់​លក្ខណៈ​បុគ្គល​?»​។

លោក Asante បាន​ឲ្យ​ដឹងថា ២០០ ​ដុល្លារ​អាមេរិក​ គឺជា​ចំនួន​ប្រាក់​ច្រើន​ចំពោះ​ប្រជាជន​នៅក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ទាប​។ លោក​ថ្លែងថា​៖ «​ប្រសិនបើ​អ្នករស់នៅ​ក្នុង​ប្រទេស​អូស្ដ្រាលី អ្នក​អាច​គិតថា ២០០ ​ដុល្លារ​ មិន​ច្រើន​នោះទេ ប៉ុន្តែ​នៅ​ជនបទ​ប្រទេស​ កម្ពុជា​ ចំនួន​នេះ​គឺ​ប្រហែល ៧ ​ភាគរយ​ នៃ​ប្រាក់ចំណូល​គ្រួសារ​ប្រចាំឆ្នាំ​»​។

លោក​បន្តថា​៖ «​ដូច្នេះ​ភាពក្រីក្រ​គឺជា​វត្ថុ​ដ៏សំខាន់​នៅពេល​និយាយ​អំពី​អ្វីដែល​កំណត់ថា អ្នកណា​ទទួលរង​ផលប៉ះពាល់​ដោយសារ​ហិរញ្ញប្បទាន​សុខភាព​ដោយសារ​តែ​គ្រួសារ​ក្រីក្រ​ទំនង​ជា​ត្រូវ​ខ្ចី​ដោយ​មាន​អត្រា​ការប្រាក់​»៕LA