ទីក្រុងអាប៊ូដាប៊ីៈ ធនាគារ​កណ្ដាល​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម (CBUAE) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​បាន​បង្កើន​ទឹកប្រាក់​ទ្វេដង​ដល់​ចំនួន​ ៧០ ​ពាន់​លាន​ដុល្លារ​សម្រាប់​កញ្ចប់​លើកទឹកចិត្ត ដើម្បី​គាំទ្រ​សេដ្ឋកិច្ច​ចំពេល​ការរីករាលដាល​វីរុស​កូរ៉ូណា​។

ធនាគារកណ្ដាល​មួយ​នេះ​បាន​ឲ្យ​ដឹងថា​៖ «​តម្លៃ​សរុប​នៃ​មូលធន​ទាំងអស់​ និង​វិធានការ​សន្ទនីយភាព​ដែល​អនុម័ត​ដោយ​ CBUAE ​កាលពី​ថ្ងៃ​ ១៤ ​មីនា​ឆ្នាំ​ ២០២០ ​បាន​កើន​ឡើងដល់​ ២៥៦ ​ពាន់​លាន dirhams($៧០ ​ពាន់​លាន​)»​។


កាលពី​ខែ​មុន UAE ដែល​សម្បូរ​ប្រេង​នេះ​បានប្រកាស​ការលើក​ទឹកចិត្ត​មានតម្លៃ​ ៣៥ ​ពាន់​លាន​ដុល្លារ ដែល​បាន​ដាក់​បញ្ចូល​ជំនួយ​ដល់​ប្រព័ន្ធ​ធនាគារ​ដូចជា​ការផ្តល់​កម្ចី​ និង​ការចាក់​បញ្ចូល​ទៅ​ផ្សារហ៊ុន​។


វិធានការ​ថ្មីៗ​បាន​ផ្ដោត​សំខាន់​លើ​ការបន្ធូរបន្ថយ​លក្ខខណ្ឌ​តម្រូវ​ផ្នែក​ហិរញ្ញវត្ថុ និង​សន្ទនីយភាព​សម្រាប់​ធនាគារ​ដើម្បី​បញ្ចេញ​សាច់ប្រាក់​។


នៅក្នុង​វិធានការ​ថ្មីៗ​ធនាគារកណ្ដាល​នេះ​បាន​កាត់បន្ថយ​ទុនបម្រុង​ចំនួន​ពាក់កណ្ដាល​មក​នៅត្រឹម​ ៧ ​ភាគរយ​ដែល​ធនាគារ​ជាច្រើន​ត្រូវតម្រូវ​ឲ្យ​មាន​ដើម្បី​រក្សា​សម្រាប់​តម្រូវការ​ប្រាក់​បញ្ញើ​ដែល​អាច​ត្រូវបាន​ដក​ដោយ​អតិថិជន​នៅពេលណា​ក៏បាន​។


លោក​ Abdulhamid Saeed ប្រធាន​ធនាគារ​បាន​ថ្លែងថា​៖ «​វិធានការ​បន្ថែម​ដែល​បានប្រកាស​នៅថ្ងៃនេះ​នឹង​ជួយ​សម្រាល​សម្ពាធ​ប្រកបដោយ​ប្រសិទ្ធភាព​លើ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ផ្ដល់ជំនួយ​សង្គ្រោះ​ដែល​ត្រូវការ និង​បន្ត​លទ្ធភាព​ទទួលបាន​មូលនិធិ​សម្រាប់​ក្រុមហ៊ុន​ និង​គ្រួសារ​»៕ LA