ក្រុងប៉េកាំងៈ ប្រទេស ​ចិន ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ខ្លួន​នឹង​ស្វែងរក​ការ​គាំទ្រ​ពាណិជ្ជកម្ម​សេរី និង​ពហុភាគី​ នៅ​ក្នុង​​កិច្ច​ប្រជុំ​កំពូល​​ក្រុម​ប្រទេស​មាន​​សេដ្ឋកិច្ច​រីក​ចម្រើន​ទាំង ​២០ ​(G20) ​នៅ​សប្ដាហ៍​នេះ​ ខណៈ​ប្រទេស​នេះ​បាន​បរិហារ​ការ​គាំពារ​និយម​ ដោយ​​ខ្លួន​​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​សង្គ្រាម​ពន្ធ​នាំចូល​ជាមួយ​អាមេរិក​។​

កិច្ច​ប្រជុំ​មួយ​រវាង​លោក ​ស៊ី ​ជីនភីង ​និង​លោក​ ដូណាល់ ​ត្រាំ ​នៅ​ក្រៅ​ជំនួប​នៃ​​កិច្ច​ប្រជុំ​នៅ​ទីក្រុង​អូសាកា ប្រទេស ​ជប៉ុន បាន​ជំរុញ​​ឲ្យ​ក្ដី​សង្ឃឹម​នៃ​ការ​បញ្ឈប់​ការ​ជាប់​គាំង​ដែល​ខូចខាត​យ៉ាង​​ខ្លាំង​រវាង​ប្រទេស​មាន​សេដ្ឋកិច្ច​ឈាន​មុខ​គេ​ទាំង ​២ ​របស់​ពិភព​លោក​។​


លោក ​Zhang ​Jun ​ជំនួយ​ការ​រដ្ឋមន្ដ្រី​​ក្រសួងការ​បរទេស​របស់​ប្រទេស ​ចិន​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​ខ្លី​មួយ ​ដើម្បី​បង្ហាញ​នៅ​មុន​ពេល​ការ​ចូលរួម​របស់​លោក ​ស៊ី ក្នុង​កិច្ច​ប្រជុំ​នេះ​ថា៖ «ឯកតោ​ភាគី និង​ការ​គាំពារ​និយម​ បាន​​ធ្វើ​ឲ្យ​ខូច​ដល់​កំណើន​សេដ្ឋកិច្ច​ពិភព​លោក បាន​បំផ្លាញ​ចង្វាក់​តម្លៃ​ពិភព​លោក​ និង​បាន​កាត់​បន្ថយ​​ទំនុក​ចិត្ត​ទីផ្សារ​»។​ ​


លោក Zhang បន្ត​​ថា​៖ «​ប្រទេស ​ចិន ​នឹង​ធ្វើ​ការងារ​ជាមួយ​នឹង​​ប្រទេស​ផ្សេង​ទៀត​​នៅ​ក្នុង​​កិច្ចប្រជុំ​ G20 ដើម្បី​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ពហុភាគី និង​ការ​បើក​ចំហ​បទ​បញ្ជា​ពាណិជ្ជកម្ម​ពិភព​​លោក​ដែល​មាន​មូលដ្ឋាន​លើ​ច្បាប់​»។​


ប៉ុន្តែ​ប្រទេស ​ជប៉ុន ​សហភាព​អឺរ៉ុប​ និង​​ដៃគូ​ពាណិជ្ជកម្ម​ផ្សេង​ទៀត​ កាលពី​​ពេល​កន្លង​មក​បាន​លើក​ឡើង​ស្រដៀង​​គ្នា​នឹង​ការ​ត្អូញត្អែរ​របស់​អាមេរិក​អំពី​ការ​ចោទ​ប្រកាន់​លើ​ចោរកម្ម​​កម្មសិទ្ធិ​បញ្ញា​ និង​កង្វះ​​កម្រិត​ស្មើភាព​គ្នា​សម្រាប់​​ក្រុម​វិនិយោគិន​បរទេស​នៅ​ក្នុង​ប្រទេស ​ចិន​។​


ការ​ប៉ុនប៉ង​ណា​មួយ​ក្នុង​ការ​​បង្កើត​ជួរ​មុខ​រួម​ជាមួយ​ប្រទេស ​ចិន ​នឹង​ត្រូវ​បាន​រារាំង​ដោយ​​ការ​បារម្ភ​ទាំង​នេះ។​


ការចរ​ចា​ដើម្បី​ដោះ​ស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​បាន​ជាប់​គាំង​កាល​ពី​ខែ​មុន​ ដែល​បណ្ដាល​​ឲ្យ​ភាគី​ទាំង ២ សងសឹក​ការ​យក​ពន្ធ​ទំនិញ​នាំចូល​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​​​មាន​តម្លៃ​​ច្រើន​ពាន់​​លាន​ដុល្លារ។​

លោក​ Wang ​Shouwen​ អនុ​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​​ប្រទេស ​ចិន​ បាន​ឲ្យ​ដឹង​ថា ក្រុម​មក​ពី​ភាគី​ទាំង​ ​២ ​​ក្នុង​ពេល​នេះ​ «កំពុង​ពិភាក្សា​ជំហាន​​បន្ទាប់​សម្រាប់​ការ​ទំនាក់ទំនង​» មុន​ពេល​​​កិច្ច​ប្រជុំ​រវាង​​លោក ស៊ី និង​លោក ​ត្រាំ​ ចាប់​ផ្តើម​។​

លោក​ Wang ​ថ្លែង​ថា​៖ «​មេ​ដឹកនាំ​​ទាំង​ពីរ​នេះ​គួរ​តែ​ធ្វើ​ការ​សន្យា​ និង​ការ​ចរចា​ណា​មួយ​រវាង​ប្រទេស ​ចិន ​និង​អាមេរិក​​ត្រូវ​តែ​ពឹង​ផ្អែក​លើ​ «​ការ​គោរព​​គ្នា​ទៅ​វិញ​ទៅ​មក សមភាព​ ផល​ប្រយោជន៍​ និង​គោរព​តាម​ច្បាស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​»។​

មេ​ដឹកនាំ​ទាំង​ពីរ​ក៏ត្រូវ​បាន​រំពឹង​​ថា នឹង​ពិ​ភាក្សា​ពី​ជោគ​វាសនា​របស់​​ក្រុមហ៊ុន Huawei ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈាន​មុខ​​គេ​របស់​ប្រទេស ​ចិន ​ផង​ដែរ​ ដែល​បាន​ទទួល​រង​ការ​វាយ​ប្រហារ​ដ៏​ធ្ងន់ធ្ងរ​មួយ​ បន្ទាប់​ពី​រដ្ឋបាល​លោក ​ត្រាំ បាន​ហាម​ឃាត់​​ក្រុមហ៊ុន​អាមេរិក​​មិន​ឲ្យ​ធ្វើ​ការងារ​ជាមួយ​​ក្រុមហ៊ុន​នេះ​ ដែល​លើក​ឡើង​ពី​ការ​បារម្ភ​ការ​ស៊ើប​ការណ៍​។​

លោក ​Wang​ ក៏​បាន​ជំរុញ​ឲ្យ​អាមេរិក ​ត្រូវ​លុប​ចោល​​ឧបសគ្គ «​មិន​សមរម្យ និង​រើស​អើង» ប្រឆាំង​នឹង​​ក្រុមហ៊ុន​របស់​ប្រទេស ​ចិន ​ដែល​លើក​ឡើង​ថា វិធានការ​បែប​នោះ​បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​អត្ថ​ប្រយោជន៍​ទាំង​ក្រុមហ៊ុន​របស់​ប្រទេស ​ចិន​ និង​អាមេរិក​។​

កិច្ច​ប្រជុំ​ដែល​គ្រោង​ទុក​នេះ​​ធ្វើ​ឡើង​មួយ​សប្ដាហ៍ បន្ទាប់​ពី​លោក​ ស៊ី បាន​ធ្វើ​ទស្សន​កិច្ច​​ប្រទេស ​កូរ៉េខាងជើង​​ ហើយ​​ក្រុម​អ្នក​វិភាគ​​បាន​ឲ្យ​ដឹង​ថា ឥទ្ធិពល​ណា​មួយ​ដែល​លោក​អាច​មាន​លើ​មេ​ដឹកនាំ​ឯកោ​របស់​ទីក្រុង​ព្យុងយ៉ាង​ អាច​ត្រូវ​បាន​ប្រើប្រាស់​ជា​ការ​ទាញ​យក​ប្រយោជន៍​ដើម្បី​ទទួល​បាន​​សម្បទាន​ពី​លោក​ ត្រាំ​។​

លោក Zhang បាន​បដិសេធ​បញ្ជាក់​ថា​ តើ​​ប្រទេស ​កូរ៉េខាងជើង ​នឹង​ស្ថិត​នៅ​ក្នុង​របៀបវារៈ​សម្រាប់​ការ​ជួប​ដោយ​ផ្ទាល់​រវាង​លោក​ ត្រាំ ​និង​លោក ​ស៊ី ដែរ​យ៉ាង​ណា​ទេ។

លោក​ក៏​បាន​​ឲ្យ​ដឹង​ថា ប្រទេស​ ចិន​ នឹង​ «​មិន​អនុញ្ញាត​»​ឲ្យ​មាន​ការ​ពិភាក្សា​​​ស្ដីពី​ទីក្រុង​ហុងកុង​ ក្នុង​កិច្ច​ប្រជុំ​ G20 ​នោះ​ទេ ​ទោះ​បីជា​ទីក្រុង​វ៉ាស៊ីនតោន​ បាន​ឲ្យ​ដឹង​ថា ​លោក​ ត្រាំ​ គ្រោង​នឹង​លើក​ឡើង​ការ​តវ៉ា​ប្រឆាំង​ទ្រង់ទ្រាយ​ធំ​របស់​ទីក្រុង​ហុងកុង​ នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​លោក​ជាមួយ​លោក​ ស៊ី ​ក៏​ដោយ​៕​ AFP/LA