ទីក្រុងបាងកកៈ ទីភ្នាក់ងារអាកាសចរណ៍បានឲ្យដឹងកាលពីថ្ងៃសុក្រថា ជើងហោះហើរដឹកអ្នកដំណើរទាំងអស់ត្រូវបានហាមឃាត់ការចុះចតនៅក្នុងប្រទេសនេះ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណាថ្មី។
ភ្នាក់ងារបាងកកប៉ុស្តិ៍ ដោយដកស្រង់ពីសារព័ត៌មាន Reuter រាយការណ៍ថា អាជ្ញាធរអាកាសចរណ៍ថៃបានឲ្យដឹងនៅក្នុងបទបញ្ជាមួយដែលចេញផ្សាយកាលពីយប់ថ្ងៃសុក្រថា ការហាមឃាត់នេះចាប់ផ្ដើមអនុវត្តកាលពីព្រឹកថ្ងៃសៅរ៍ ហើយនឹងដំណើរការរហូតដល់យប់ថ្ងៃចន្ទ។
យោងតាមបទបញ្ជា នរណាម្នាក់មកដល់តាមជើងហោះហើរដែលបានចេញដំណើរការមុនពេលបទបញ្ជានេះបានចាប់ផ្ដើមអនុវត្តនឹងត្រូវដាក់ឲ្យដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ ពេលមកដល់ប្រទេស ថៃ។
តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Reuters ដែលបានស្រង់ផ្សាយដោយបាងកកប៉ុស្តិ៍មានមូលដ្ឋាននៅប្រទេសថៃ មន្ដ្រីការិយាល័យអន្ដោប្រវេសន៍បានអះអាងថា បទបញ្ជានេះធ្វើឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីការភ្ញាក់ផ្អើលមួយនៅព្រលានយន្តហោះសុវណ្ណភូមិ នៅពេលជនជាតិថៃជាង ១០០ នាក់ បានមកដល់តាមជើងហោះហើរផ្សេងៗគ្នាកាលពីថ្ងៃសុក្រ។
មន្ដ្រីនោះបន្តថា៖ «មន្ដ្រីសុខភាពសាធារណៈបានអនុញ្ញាតឲ្យពួកគេត្រូវដាក់ខ្លួនឯងដាច់ពីគេនៅក្នុងផ្ទះ។ មានការភ្ញាក់ផ្អើលមួយដោយសារតែពួកគេមិនបានដឹងថា ពួកគេត្រូវបានដាក់ឲ្យនៅដាច់ពីគេឡើយ»។
ប្រទេសថៃបានរាយការណ៍ វីរុសកូរ៉ូណា ១ ៩៧៨ ករណី និងមនុស្ស ១៩ នាក់បានស្លាប់ រហូតមកដល់ពេលនេះចង់គេចផុតពីការនាំចូលជំងឺបន្ថែមទៀត។
ចាប់តាំងពីថ្ងៃទី ១ ខែមីនា មានការកើនឡើងចំនួនប្រជាជនដែលបានឆ្លងជំងឺនៅបរទេសមុនពេលត្រឡប់មកផ្ទះ។ អាជ្ញាធរបានដាក់មនុស្សជិត ២ ០០០ នាក់ ដែលបានទំនាក់ទំនងជាមួយពួកគេដាច់ដោយឡែកពីគេ៕ LA