ក្រុងសេអ៊ូលៈ លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង មូន ជេអ៊ីន កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ថ្លែង​បែប​ភាព​ផ្សះផ្សា​ទៅកាន់​ប្រទេស​ជប៉ុន​ដោយ​ផ្តល់ «​ការចូលរួម​សហការ​» ប្រសិន​បើ​ទីក្រុង​តូក្យូ ជ្រើសរើស​យក​ការសន្ទនា​គ្នា ខណៈ​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ធ្លាក់​ចុះ​ក្នុងស្ថានភាព​វិបត្តិ​។

ទីក្រុង​សេអ៊ូល និង​ទីក្រុង​តូក្យូ​ដែល​ប្រទេស​ទាំង​ ២ ​នេះ​ប្រកាន់​យក​របប​ដឹកនាំ​ប្រជាធិបតេយ្យ និង​សេដ្ឋកិច្ច​ទីផ្សារ​កំពុង​ស្ថិត​ក្នុង​ជម្លោះ​មួយ​ជុំវិញ​ការប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​ដោយ​ប្រទេស​ជប៉ុន​ក្នុង​អំឡុងពេល​ពាក់កណ្តាល​ទី​ ១ នៃ​សតវត្សរ៍​ទី​ ២០​។


ប្រទេស​ជិត​ខាង​ទាំង​ ២ ​បាន​ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​សងសឹក​គ្នា​ទៅវិញ​ទៅមក​មួយ​ដែល​បាន​មើលឃើញ​ថា​ប្រទេស​ទាំង​ ២ ​បាន​ដក​ឈ្មោះ​គ្នា​ទៅវិញ​ទៅមក​ចេញពី​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​ទុកចិត្ត​បំផុត​របស់​ខ្លួន​នៅ​ខែ​នេះ ដែល​បង្កើន​ក្តីបារម្ភ​ជុំវិញ​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក​។


ការដក​ឈ្មោះ​ប្រទេស​ចេញពី​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​ដែល​ទុកចិត្ត​បំផុត​នេះ កើតមាន​ឡើង​បន្ទាប់ពី​ទីក្រុង​តូក្យូ​បាន​ដាក់​ការរឹតបន្តឹង​លើ​ការនាំចេញ​ផលិតផល​សំខាន់ៗ​ទៅ​កាន់​ក្រុមហ៊ុន​បច្ចេកទេស​ធំៗ​ដូចជា ក្រុមហ៊ុន Samsung កាលពី​ខែ​មុន បន្ទាប់ពី​តុលាការ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ចេញ​សាលក្រម​ជា​បន្តបន្ទាប់ ដោយ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​សង​សំណង​ដល់​ពលករ​កូរ៉េខាងត្បូង​ដែល​បង្ខំ​ឲ្យ​ធ្វើការ​នៅ​សម័យ​សង្គ្រាម​។


ប៉ុន្តែ​លោក មូន បាន​ស្វែងរក​ការបន្ធូរបន្ថយ​ស្ថានភាព​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​និយាយ​ថា ទីក្រុង​សេអ៊ូល​មាន​ឆន្ទៈ​ធ្វើ​ការងារ​ជាមួយ​ទីក្រុង​តូក្យូ ដើម្បី​ធានាបាន «​កិច្ចសហប្រតិបត្តិការ និង​ពាណិជ្ជកម្ម​ស្មើភាព​» ក្នុង​តំបន់​។


លោក មូន បាន​ថ្លែង​ក្នុង​សុន្ទរកថា​មួយ ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍​នៃ​ការរំដោះ​ប្រទេស​កូរ៉េ​ចេញពី​ការគ្រប់គ្រង​របស់​ជប៉ុន​ចាប់ពី​ឆ្នាំ​ ១៩១០ ដល់​ឆ្នាំ ១៩៤៥ ថា​៖ «​ប្រសិន​បើ​ប្រទេស​ជប៉ុន​ជ្រើស​យក​ផ្លូវ​សន្ទនា និង​កិច្ចសហប្រតិបត្តិការ យើង​នឹង​រីករាយ​ចូលរួម​សហការ​»​។


លោក មូន ដែល​នៅ​ដើម​ខែ​នេះ​បាន​ប្តេជ្ញា​ថា កូរ៉េ​ខាង​ត្បូង​នឹង «​មិន​ត្រូវបាន​បំបាក់​ជាថ្មី​ម្តងទៀត​ដោយ​ប្រទេស​ជប៉ុន​» នោះ​បាន​ទទូច​ថា ទីក្រុង​សេអ៊ូល «​មិន​រស់នៅ​ជាមួយ​នឹង​អតីតកាល​ឡើយ​»​។

លោក​ថ្លែងថា​៖ «​ការ​សម្លឹងមើល​ទៅកាន់​អតីតកាល​មិនមែន​មានន័យថា​ជា​ការឱបក្រសោប​អតីតកាល​នោះ​ទេ ប៉ុន្តែ​ជម្នះ​អ្វី​ដែល​បាន​កើតឡើង និង​ដើរ​ទៅមុខ​ឆ្ពោះ​ទៅ​រក​អនាគត​»​។ លោក​បាន​បន្ថែម​ថា​៖ «​យើង​សង្ឃឹម​ថា ជប៉ុន​នឹង​ដើរតួនាទី​ដឹកនាំ​មួយ​រួមគ្នា​ក្នុង​ការផ្សះផ្សា​សន្តិភាព និង​សុខុមាលភាព​ក្នុង​តំបន់​អាស៊ី​បូព៌ា​»៕ KC