ក្រុងកាត់ថ្មាន់ឌូៈ ប្រាក់​បញ្ញើ​ត្រឡប់​មក​ផ្ទះ​របស់​ពលករ​នេប៉ាល់​ក្នុង​រយៈពេល​ ៧ ខែ​ដំបូង​នៃ​ឆ្នាំ​សារពើ​ពន្ធ បាន​កើន​ឡើង ២៨,៥ ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដែល​ផ្តល់​ការ​ការពារ​ដែល​ត្រូវ​ការ​យ៉ាង​ខ្លាំង​ដល់​ទុន​បម្រុង​រូបិយប័ណ្ណ​អន្តរជាតិ​ដែល​​កំពុង​ធ្លាក់ចុះ​របស់​ប្រទេស​​នេះ។

យោង​តាម​របាយការណ៍​ស្តីពី​ម៉ាក្រូ​សេដ្ឋកិច្ច​ចុង​ក្រោយ​បំផុត​ដែល​ចេញ​ផ្សាយ​ដោយ​ធនាគារ​ Nepal Rastra Ba-nk ដែល​ជា​ធនាគារ​កណ្តាល​​របស់​ប្រទេស ​នេប៉ាល់ បាន​ឲ្យ​ដឹង​ថា ប្រាក់​ដែល​ត្រូវ​បាន​ផ្ញើ​ត្រឡប់​មក​ផ្ទះ​​ដោយ​ពលករ​ចំណាក​ស្រុក​នេប៉ាល់​ដែល​កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​​ផ្សេងៗ​ សរុប​មាន​ចំនួន ៥១៥,៥៥ ពាន់​លាន​រូប​ពី (ប្រហែល ៤,៦​៦ ពាន់​លាន​ដុល្លារ) ក្នុង​អំឡុង​ពី​ពាក់​កណ្តាល​ខែ​កក្កដា​​ ឆ្នាំ ២០១៨ ដល់​ពាក់​កណ្តាល​ខែ​កុម្ភៈ ឆ្នាំ ២០១៩ បើ​ទោះ​ជា​ការ​ចាក​ចេញ​ទៅ​ធ្វើ​ការ​របស់​ពលករ​ធ្លាក់​ចុះ​ខ្លាំង​ក៏​ដោយ។


អ្នក​ជំនាញ​ផ្នែក​ឧស្សាហកម្ម​នេះ​​ឲ្យ​ដឹង​ថា ការ​កើន​ឡើង​ប្រាក់​បញ្ញើ​នេះ​គឺ​ដោយ​​សារ​ការ​កើន​ឡើង​ការ​ប្រើប្រាស់​​​បណ្តាញ​​ផ្ញើ​ប្រាក់​ផ្លូវ​ការ​ដោយ​ពលករ​សម្រាប់​ការ​ផ្ញើ​ប្រាក់​មក​ផ្ទះ។


លោក Suman Pokharel អគ្គ​នាយក​ក្រុមហ៊ុន IME Remit ដែល​ជា​ក្រុមហ៊ុន​មួយ​ក្នុង​​ចំណោម​ក្រុមហ៊ុន​ផ្តល់​សេវា​ផ្ញើ​ប្រាក់​ធំ​បំផុត​​ក្នុង​ប្រទេស​ ​នេប៉ាល់​ ​ថ្លែង​ថា៖ «ការ​​ប្រើប្រាស់​បណ្តាញ​ក្រៅ​ផ្លូវ​ការ​ដើម្បី​ផ្ទេរ​ប្រាក់​បាន​ធ្លាក់ចុះ​ក្នុង​រយៈ​ពេល​​ថ្មីៗ​នេះ»។


លោក​មាន​ប្រសាសន៍​​ថា៖ «និន្នាការ​នេះ​នឹង​បន្ត​កើន​ឡើង​ក្នុង​ពេល​ខាង​មុខ ដោយ​រដ្ឋាភិបាល​កំពុង​អនុវត្ត​វិធានការ​តឹងរ៉ឹង​ប្រឆាំង​នឹង​អ្នក​ផ្ញើ​ប្រាក់​ខុស​ច្បាប់ ហើយ​ការណ៍​នេះ​នឹង​ជួយ​ជំរុញ​កំណើន​ប្រាក់​បញ្ញើ​បន្ថែម​ទៀត​ក្នុង​ពេល​អនាគត»។


ក្រុម​អ្នក​ជំនាញ​បាន​​ឲ្យ​ដឹង​ថា ហេតុផល​មួយ​នៃ​ការ​កើន​ឡើង​​លំហូរ​ចូល​ប្រាក់​បញ្ញើ​ត្រឡប់​មក​ផ្ទះ​នេះ​គឺ​ដោយ​សារ​ការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​ប្រទេស ​នេប៉ាល់ ​ពី​ទិសដៅ​ការងារ​ថ្មីៗ​តាមរយៈ​បណ្តាញ​ផ្លូវ​ការ។


បច្ចុប្បន្ន ៣៥ ទៅ ៤០ ភាគរយ​នៃ​ប្រាក់​បញ្ញើ​ប្រចាំ​ឆ្នាំ​ចូល​ក្នុង​ប្រទេស ​នេប៉ាល់ ​តាម​បណ្តាញ​​ផ្លូវ​ការ៕ ANN/KC