ក្រុងប៊ែរឡាំងៈ ទិន្នន័យផ្លូវការកាលពីថ្ងៃអង្គារបានបង្ហាញថា ផលិតកម្មឧស្សាហកម្មនៅអាល្លឺម៉ង់ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចនៅអឺរ៉ុប បានងើបឡើងវិញបន្តិចកាលពីខែសីហាដែលផ្ដល់នូវចំណុចល្អមួយចំពេលកំពុងមានការគំរាមកំហែងពីខាងក្រៅ។
អាជ្ញាធរផ្នែកស្ថិតិ Destatis បានឲ្យដឹងថា ទិន្នផលឧស្សាហកម្មអាល្លឺម៉ង់បានកើនឡើង ០,៣ ភាគរយ បើធៀបទៅនឹងខែកក្កដា។
ប៉ុន្តែការធ្វើពាណិជ្ជកម្មរបស់អាល្លឺម៉ង់បានរងផលប៉ះពាល់ដោយសារតែភាពមិនច្បាស់លាស់នៃសង្គ្រាមពាណិជ្ជកម្មដែលដឹកនាំដោយអាមេរិក និងការចង់ចាកចេញរបស់ប្រទេសអង់គ្លេសពីសហភាពអឺរ៉ុប។ ការធ្វើពាណិជ្ជកម្មកាលពីខែសីហាមានកម្រិត ៤ ភាគរយទាបជាងខែសីហា ឆ្នាំ ២០១៨។
ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «ឧស្សាហកម្មនៅតែស្ថិតក្នុងការធ្លាក់ចុះ» ដោយសារ «ការចុះខ្សោយតម្រូវការនៅតែបន្តកើតមាន»។
តួលេខដែលបានចេញផ្សាយកាលពីថ្ងៃចន្ទក៏បានបង្ហាញថា ការបញ្ជាទិញឧស្សាហកម្មក៏បានធ្លាក់ចុះកាលពីខែសីហាផងដែរ។
លោក Carsten Brzeski សេដ្ឋវិទូនៅធនាគារ ING បានឲ្យដឹងថា ការស្ទុះងើបឡើងវិញពិតប្រាកដមួយហាក់ដូចមានរយៈពេលវែងឆ្ងាយទៀត ខណៈពេលដែលឧស្សាហកម្មនៅតែងាយមានបញ្ហា ចំពោះការអភិវឌ្ឍបន្ថែមទៀតដោយសារតែសង្គ្រាមពាណិជ្ជកម្មដែលកំពុងតែបន្តមាន។
ការសម្លឹងមើលវិស័យផ្សេងៗនៃឧស្សាហកម្មទាំងក្រុមហ៊ុនផលិតទំនិញ និងក្រុមហ៊ុនមូលធនបានរាយការណ៍ទិន្នផលកើនឡើង ខណៈការផលិតរបស់ក្រុមហ៊ុនទំនិញប្រើប្រាស់បានធ្លាក់ចុះ។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានរំពឹងថា នឹងសម្រេចចិត្តនៅខែក្រោយថា តើត្រូវហូតពន្ធនាំចូលលើរថយន្តនាំចូលពីអឺរ៉ុបទៅកាន់អាមេរិកដែរឬទេ?LA