ភ្នំពេញ: ពលករ​កម្ពុជា​បម្រើ​ការងារ​នៅ​ក្រៅ​ប្រទេស​ទាំងអស់​បាន​ផ្ញើ​ប្រាក់​មក​ស្រុក​កំណើត​ជិត ៣​ ពាន់​លាន​ដុល្លារ​ ក្នុង​ ១ ​ឆ្នាំៗ​ ដែល​ប្រាក់​បញ្ញើ​ទាំងនេះ​បាន​ជួយ​ឲ្យ​ជីវភាព​គ្រួសារ​របស់​ពួកគេ​ធូរធារ​ជាង​មុន​។ នេះ​បើតាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

របាយការណ៍​បាន​បង្ហាញថា ពលករ​កម្ពុជា​បម្រើការងារ​នៅ​បរទេស​បាន​ផ្ញើ​ប្រាក់​មក​ឲ្យ​ក្រុម​គ្រួសារ​នៅ​ស្រុកកំណើត​ប្រមាណ ២,៨០ ​ពាន់​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំៗ​។


លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២០ កាលពី​សប្តាហ៍​មុន​ថា ដើម្បី​រក្សា និង​បង្កើត​មុខរបរ​នៅក្នុង និង​ក្រៅប្រទេស​ក្រសួង​បាន​បន្ត​ខិតខំ​គ្រប់គ្រង​ទីផ្សារការងារ និង​កម្លាំង​ពលកម្ម​សរុប​ប្រមាណ​ ១០ ​លាន​នាក់​។ ក្នុងនោះ​ពលករ​កម្ពុជា​នៅ​ក្រៅ​ប្រទេស​មាន​ជាង ១,២៨ ​លាន​នាក់​។ លោក​បាន​បន្តថា​៖ «​កត្តា​នេះ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ ៩៩,៣ ភាគរយ​»​។


លោក ស្រ៊ុន ធារាជ្យ ពលករ​ខ្មែរ​ ១ ​រូប​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន​ក្នុង​រោងចក្រ​ឧស្សាហកម្ម​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា លោក​បាន​ផ្ញើ​ប្រាក់​មក​ឲ្យ​ឪពុកម្តាយ​ជា​មធ្យម ៥០០ ​ដុល្លារ​ក្នុង​ ១ ​ខែ ដើម្បី​ជួយ​សម្រួល​ជីវភាព​គ្រួសារ​របស់​លោក​ដែល​រស់នៅ​ខេត្តស្ទឹងត្រែង​។ លោក​បន្តថា បច្ចុប្បន្ន​ឪពុកម្តាយ​របស់​លោក​កំពុង​ប្រកបរបរ​ដាំ​ដំណាំ​កសិកម្ម​។


យុវជន​វ័យ​ ៣២ ​ឆ្នាំ​រូបនេះ​ប្រាប់​ទៀត​ថា លោក​បម្រើការងារ​នៅ​ជប៉ុន​អស់​រយៈពេល​ជាង​ ២ ​ឆ្នាំ​មកហើយ ដោយ​ទទួល​បាន​ប្រាក់ខែ​ប្រមាណ​ ១ ៣០០ ដុល្លារ​ ១ ​ខែ​។ លោក​បាន​បន្តថា​៖ «​ចាប់តាំងពី​មក​ធ្វើការ​នៅ​ប្រទេស​ ជប៉ុន​កាលពី​ឆ្នាំ​ ២០១៨ គ្រួសារ​ខ្ញុំ​មាន​ជីវភាព​ល្អ​ជាងមុន ដោយ​ខ្ញុំ​មាន​លទ្ធភាព​ពង្រីក​ផ្ទះ​បាន​ធំ​ជាង​មុន​។ ខ្ញុំ​គិតថា​ប្រទេស​ជប៉ុន​បាន​ផ្តល់​ជំនាញ​វិជ្ជាជីវៈ​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​យកចំណេះ​នេះ​មក​បន្តការងារ​នៅ​ស្រុកកំណើត​នៅពេល​ចប់​អាណត្តិ​នៅ​ប្រទេស​ជប៉ុន​»​។


របាយការណ៍​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ពលករ​ទាំងនោះ​ក្រសួង​បាន​បញ្ជូន​ទៅ​ធ្វើការ​នៅ​បរទេស​តាមរយៈ​ទីភ្នាក់ងារ​ឯកជន និង​តាមរយៈ​រដ្ឋ​សរុប ៦៨ ០៤០ ​នាក់​កាលពី​ឆ្នាំ​២០១៩ រួមមាន​ប្រទេស​ថៃ កូរ៉េ ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី ហុងកុង និង​អារ៉ាប៊ីសាអ៊ូឌីត​។


លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​បាន​ឲ្យ​ដឹងថា ពលករ​កូរ៉េ​ខាងត្បូង​ភាគច្រើន​ផ្ញើ​ប្រាក់​មក​ស្រុកកំណើត​តាមរយៈ​ធនាគារ​អេស៊ីលីដា​។ លោក​បន្ថែម​ថា ការផ្ញើ​ប្រាក់​មក​ស្រុកកំណើត​របស់​ពលករ​ខ្មែរ​ទៅធ្វើការ​ក្រៅប្រទេស​បាន​ជួយ​ដល់​ការពង្រីក​ការធ្វើ​អាជីវកម្ម​របស់​ពួកគេ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​ឃើញ​ថា ក្រុមគ្រួសារ​គាត់​នៅឯ​ស្រុកកំណើត​ភាគច្រើន​បាន​យក​ប្រាក់​ពី​កូនៗ​ផ្ញើ​មកពី​ក្រៅប្រទេស ដើម្បី​មក​បង្កើត និង​ពង្រីក​មុខរបរ​ខ្នាតតូច និង​មធ្យម​របស់​ពួកគេ​»​។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​និយាយថា ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ភាគច្រើន​បាន​ទទួល​បាន​ចំណេះដឹង និង​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់​នៅពេល​ត្រឡប់មក​ស្រុកកំណើត​វិញ​។

លោក​បន្តថា​៖ «​ពលករ​ខ្មែរ​ភាគច្រើន​នៅ​កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ជប៉ុន ទទួល​បាន​ប្រាក់ខែ​ល្អ​ជាងគេ​។ ​ខ្ញុំ​សង្កេត​ឃើញ​ថា ប្រាក់​របស់​ពួកគេ​ផ្ញើមក​ស្រុក ដើម្បី​ធ្វើ​ផ្ទះ​ថ្មី ឬ​កែលម្អ​ផ្ទះ បង្កើត​មុខរបរ ជាពិសេស​ពង្រីក​ការដាំដុះ​ជាដើម​»​។

ទោះបី​យ៉ាងនេះ​ក្តី បើ​យោង​តាម​របាយការណ៍​ធនាគារ​ជាតិ​នៃ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៨ ពលករ​ខ្មែរ​បាន​ផ្ញើ​ប្រាក់​មក​អ្នកផ្ទះ​ប្រមាណ ១,៤ ពាន់​ដុល្លារ​ ក្នុង​នោះ​ការផ្ញើ​ប្រាក់​ត្រឡប់​មក​ផ្ទះ​វិញ​របស់​ពលករ​នៅ​កូរ៉េ​មាន​ជាង​ ៥៣ ​លាន​ដុល្លារ ដែល​ជា​ចំណែក​ធំជាងគេ​៕LA

វីដេអូ៖