ភ្នំពេញៈ ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​នៅតែ​មាន​កំណើន​ល្អ ទោះបី​ជា​ប្រទេស​ថៃ​បានប្រកាស​បិទ​ការធ្វើ​ចរាចរណ៍​ក្នុងប្រទេស​នេះ​ចាប់តាំងពី​សប្ដាហ៍​មុន​ក៏ដោយ​។ ទោះបី​យ៉ាងណា​មន្ដ្រី​អះអាង​ថា ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ នឹង​ប៉ះពាល់​ដល់​ក្តីប្រាថ្នា​របស់​មេដឹកនាំ​ប្រទេស​ទាំង​ ២ ​ដែល​ចង់​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឈានដល់​ ១៥ ​ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំនេះ​។

យោងតាម​កាសែត​របស់​ថៃ The Nation ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃទី​ ១ ខែមេសា ដោយ​ដកស្រង់​សម្តី​របស់​លោក Keerati Rushchano អគ្គនាយក​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​ (DFT) ​បាន​ឲ្យ​ដឹងថា ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ជាមួយ​កម្ពុជា​មាន​ចំនួន ៣៣,៩០៤ ​ពាន់​លាន​បាត​ (១ ០៣៤,៧ ​លាន​ដុល្លារ​) កើនឡើង ១៥,៦៦ ​ភាគរយ​នៅ​រយៈពេល​ ២ ​ខែ​ដំបូង​ឆ្នាំនេះ ខណៈ​ប្រទេស​ជិតខាង​ផ្សេងទៀត​មាន​ចំនួន​សរុប ៧១,៣១៤ ​ពាន់​លាន​បាត (៥ ២៣០ ​លាន​ដុល្លារ​) ធ្លាក់ចុះ ៦,៤៦ ​ភាគរយ​។


លោក Keerati បាន​និយាយថា ប្រទេស​កម្ពុជា​បាន​មើលឃើញ​កំណើន​ខ្ពស់បំផុត​នៅក្នុង​ការនាំចេញ​របស់​ប្រទេស​ថៃ​ក្នុង​ចំនួន ១៤,៨៦ ​ភាគរយ​ដែល​បាន​ជំរុញ​ដោយ​ការនាំចេញ​ភេសជ្ជៈ​មិនមែន​គ្រឿងស្រវឹង រថយន្ត ឧបករណ៍​អគ្គិសនី គ្រឿង​ផ្គុំ និង​ផលិតផល​បសុសត្វ​។


លោក​ថ្លែងថា​៖ «​នៅ​ពីក្រោយ​ប្រទេស​កម្ពុជា ជា​ទិសដៅ​នាំចេញ​របស់​ប្រទេស​ថៃ គឺ​ប្រទេស​ឡាវ និង​មីយ៉ាន់ម៉ា សម្រាប់​ភេសជ្ជៈ​មិនមាន​ជាតិ​ស្រវឹង កុំព្យូទ័រ ក្រណាត់ ប្រេងម៉ាស៊ូត និង​អំបោះ និង​ប្រទេស​ម៉ាឡេស៊ី សម្រាប់​ផលិតផល​កៅស៊ូ កុំព្យូទ័រ​ឧបករណ៍​អគ្គិសនី និង​គ្រឿង​ផ្គុំ​»​។


លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា លោក​ក៏​ទទួលបាន​ដំណឹង​មក​ថា ការដោះដូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ ​នៅមាន​សកម្មភាព​ជា​ប្រក្រតី បើទោះបី​ជា​ថៃ​ប្រកាស​បិទ​ព្រំដែន​ជាមួយ​កម្ពុជា​ដោយ​ហាម​តែ​ចំពោះ​អ្នកដំណើរ​ប៉ុណ្ណោះ​។


លោក​ថា​៖ «​ខ្ញុំ​មាន​សេចក្ដី​រីករាយ​ដោយ​ទទួល​ព័ត៌មាន​ពី​ថៃ​ដែល​ផ្សាយ​ថា ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា-ថៃ​មាន​កំណើន​ល្អ​។ កន្លងទៅ​ដោយសារ​ជំងឺ​កូវីដ​១៩ ប្រទេស​ថៃ​បាន​បិទ​ការចេញចូល​អ្នកដំណើរ តែ​មិនបាន​បិទ​ការដោះដូរ​ទំនិញ​ទេ គ្រាន់តែ​មាន​លក្ខខណ្ឌ​ខ្លះ​ចំពោះ​អ្នកបើកបរ​ជាដើម​»​។


លោក​បន្តទៀត​ថា​ការរាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ជា​រឿង​សកល​ទៅហើយ​។ ប្រទេស​ជាច្រើន​បាន​បន្ថយ​ផលិតកម្ម​របស់​ពួកគេ ដោយ​យកចិត្ត​ទុកដាក់​លើ​ការប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូវីដ​១៩ ដើម្បី​សុខុមាលភាព​ប្រជាជន ដូច្នេះ​វា​នឹង​ជះឥទ្ធិពល​ដល់​ការរំពឹងទុក​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ ​ក្នុង​ការសម្រេច​មហិច្ឆតា​នៃ​ការដោះដូរ​ទំនិញ​នៅតាម​ព្រំដែន​។

លោក​អះអាងថា​៖ «​កម្ពុជា និង​ថៃ​ក៏​រង​នូវ​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩​ដែរ ដូច្នេះ​ការដោះដូរ​ពាណិជ្ជកម្ម​ក៏​អាចមាន​ការលំបាក​ក្នុង​ការសម្រេច​តាម​ផែនការ​ដែល​បានដាក់​ចេញ​ដែរ បើ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩ វា​បន្ត​អូស​បន្លាយពេល​យូរ​»​។

លោក Keerati បាន​ឲ្យ​ដឹងថា ការរីក​រាលដាល​កូ​វីដ​១៩ បាន​បណ្ដាល​ឲ្យ DFT ត្រូវ​ផ្អាក​ពិព័រណ៍​ពាណិជ្ជកម្ម​តាម​ព្រំដែន​នៅ​ស្រុក​អារញ្ញប្រាថេត ខេត្ត​ស្រះកែវ ដែល​ជាប់​ព្រំដែន​ជាមួយ​កម្ពុជា​ចាប់ពី​ថ្ងៃទី​ ២៨ ខែមីនា ដល់​ថ្ងៃទី​ ៣១ ខែមីនា នៅ​ឆ្នាំនេះ​។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ​មាន​តម្លៃ​ប្រហែល​ ៩ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩ កើនឡើង​ ៧,១៤ ​ភាគរយ​ធៀប​នឹង ៨,៤ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​។

ប្រទេស​ថៃ​ស្ថិតនៅក្នុង​ចំណោម​បណ្ដា​ប្រទេស​ឈានមុខ​គេ​ទាំង​ ៩ ដែល​បាន​បង្កើន​ការវិនិយោគ​របស់​ពួកគេ​នៅ​ប្រទេស​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​ ១៩៩៤ ដល់​ចុង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៧ ជាមួយ​នឹង​តម្លៃ​វិនិយោគ​ចំនួន ៩៦៧,៨៩ ​លាន​ដុល្លារ​នៅពេល​នោះ​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)៕ LA