ក្រុងប៉ារីសៈ ​គណៈកម្មការ​ពិភពលោក​ខាង​ផ្នែក​បម្រែបម្រួល​អាកាសធាតុ​បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ថា បណ្ដា​ប្រទេស​អ្នកមាន និង​ប្រទេស​ក្រីក្រ​ ត្រូវតែ​វិនិយោគ​នៅពេល​នេះ​ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​ការប្រែប្រួល​អាកាសធាតុ បើ​មិន​អ៊ីចឹង​ទេ​នឹង​ទទួល​លទ្ធផល​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​នៅពេល​ក្រោយ​។

របាយការណ៍​បាន​ពី​គណៈកម្មការ​បន្សុំា​បរិយាកាស​ពិភពលោក​បាន​លើក​ឡើង​ថា ការចំណាយ ១,៨ ​ពាន់​ពាន់​លាន​ដុល្លារ​ក្នុង​វិស័យ​សំខាន់ៗ​ចំនួន ៥ ក្នុងពេល​មួយ​ទសវត្សរ៍​ក្រោយ​នឹង​មិន​គ្រាន់តែ​ជួយ​ទប់ស្កាត់​ផលប៉ះពាល់​អាក្រក់​បំផុត ដោយសារ​ការកើនឡើង​កម្ដៅ​លើ​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​រកប្រាក់​ចំណេញ​សុទ្ធ​ជាង ៧ ពាន់​ពាន់​លាន​ដុល្លារ​ថែម​ទៀតផង​។


លោក បាន គីមូន អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ដែល​ដឹកនាំ គណៈកម្មការ​នេះ​បាន​ឲ្យ​ដឹង​នៅក្នុង​កម្មវិធី​ចេញផ្សាយ​របាយការណ៍​នេះ​នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន​ថា​៖ «​យើង​គឺជា​មនុស្ស​ជំនាន់​ចុងក្រោយ​ដែល​អាច​ផ្លាស់ប្តូរ​ដំណើរ​នៃ​ការប្រែប្រួល​អាកាសធាតុ ហើយ​យើង​គឺជា​មនុស្ស​ជំនាន់​ដំបូង​គេ​ផងដែរ ដែល​បន្ទាប់មក​ត្រូវតែ​រស់នៅ​ជាមួយ​នឹង​ផលវិបាក​»​។


របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា ការវិនិយោគ​នៅពេល​នេះ​លើ​ប្រព័ន្ធ​ប្រកាសអាសន្ន​ដំបូង ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ធន់​នឹង​អាកាសធាតុ ការការពារ​ព្រៃកោងកាង កសិកម្ម​កាន់តែ​ប្រសើរ និង​កែលម្អ​ប្រភព​ទឹកសាប​នឹង​ចំណាយ​សម្រាប់​ខ្លួនឯង​។


ឧទាហរណ៍ ព្រៃកោងកាង​ដែល​ជា​ព្រៃ​ទឹកនាច​ត្រូពិក​ការពារ​ប្រឆាំង​នឹង​ការកើនឡើង​នៃ​ព្យុះ និង​ដើរតួនាទី​ជា​កន្លែង​សម្រាប់​ជលផល​ពាណិជ្ជកម្ម ប៉ុន្តែ​យ៉ាងហោច​ណាស់ ១ ភាគ​ ៣ នៃ​ព្រៃ​ទាំងនោះ​នៅ​ទូទាំង​ពិភពលោក​ត្រូវបាន​គេ​បំផ្លាញ​សម្រាប់​វិស័យ​ទេសចរណ៍ ឬ​វារីវប្បកម្ម​។


របាយការណ៍​នេះ​បាន​លើកឡើង​ថា​៖ «​ការចាត់​សកម្មភាព​ពិភពលោក​ដើម្បី​បន្ថយល្បឿន​ការប្រែប្រួល​អាកាសធាតុ​មាន​សក្តានុពល​ខ្លាំង ប៉ុន្តែ​មិន​មាន​ការធ្វើ​ឲ្យ​គ្រប់គ្រាន់​នោះ​ទេ​»​។


របាយការណ៍​ដដែល​បាន​បន្ត​ឲ្យ​ដឹងថា​៖ «​យើង​ត្រូវតែ​វិនិយោគ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏ធំ​មួយ​ក្នុង​ការបន្សុំា​ខ្លួន​ទៅនឹង​លក្ខខណ្ឌ​នានា ដែល​ពេលនេះ​មិនអាច​ចៀស​រួច​»​។

បើ​គ្មាន​ការចាត់​សកម្មភាព​នៅត្រឹម​ឆ្នាំ​ ២០៣០ នោះទេ ការប្រែប្រួល​អាកាស​ធាតុ​អាច​ជំរុញ​ប្រជាជន​ជាង ១០០ ​លាន​នាក់​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ឲ្យ​ធ្លាក់​មក​នៅ​ក្រោម​បន្ទាត់​ក្រីក្រ​។ នេះ​បើ​យោងតាម​របាយការណ៍​ដដែល​នេះ​៕ LA