ភ្នំពេញៈ ខណៈ​ចំនួន​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធំៗ ​​ដែល​មក​ចូល​ចត​នៅ​​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​មាន​​ការ​​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ​នោះ​កម្ពុជា​ហាក់​នៅ​មិន​ទាន់​​​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​​ការ​មក​ដល់​របស់​​ភ្ញៀវ​ទេសចរ​​ទាំង​អស់​នេះ​ទេ។​ នេះ​បើ​យោង​តាម​មន្ត្រី​ក្រសួង​ទេសចរណ៍​។

ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​១ ​របស់​គណៈកម្មការ​អន្តរ​ក្រសួង​ស្តីពី «ការ​​សម្រប​សម្រួល​ការ​ធ្វើ​ដំណើរ ​និង​ដឹក​ជញ្ជូន​​ភ្ញៀវ​​ទេសចរ​ និង​អ្នក​ដំណើរ​នៅ​តំបន់​ច្រកទ្វារ​ព្រំ​ដែន​​អន្តរជាតិ ​និង​ច្រក​ទ្វារ​អន្តរជាតិ​ទូទាំង​ប្រទេស» ​កាល​ពី​ថ្ងៃ​ពុធ ​លោក ​ហោ ​សារុន ​អនុ​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ បាន​​ឲ្យ​ដឹង​ថា ​ភ្ញៀវ​ទេសចរ​តាម​​កប៉ាល់​មក​​កម្ពុជា​មិន​សូវ​មាន​​ឱកាស​បាន​ធ្វើ​ដំណើរ​ទៅ​​កន្លែង​​ណា​ឆ្ងាយ​ពី​កំពង់ផែ​​​ទេ ដោយសារ​​ការ​ធ្វើ​ដំណើរ​តាម​​ផ្លូវ​​អាកាស​​នៅ​កម្ពុជា​​មាន​ភាព​មិន​​ទៀង​ទាត់​។ ​


លោក​ថ្លែង​ថា៖​​ ​«ភ្ញៀវ​ទេសចរ​ភាគ​ច្រើន ពួក​គាត់​មាន​បំណង​ចង់​ទៅ​ទស្សនា​​តាម​កោះ​នានា ​និង​ចង់​ជិះ​យន្តហោះ​​ទៅ​ទស្សនា​កម្សាន្ត​នៅ​​​អង្គរវត្ត​ ដោយ​វិល​ល្ងាច​ឲ្យ​​​ទាន់​ជើង​នាវា​ចេញ​ទៅ​វិញ ​ប៉ុន្តែ​ការ​លំបាក​លើ​ទូក​ទេសចរណ៍​​មិន​​មាន​​​ម៉ោង​កំណត់​ជាក់​លាក់ ​ហើយ​ជើង​ហោះហើរ​ក៏​មិន​ទៀង​ទាត់​ទៀត​»។


លោក​ លូ ​គឹម​ឈុន ​អគ្គនាយក​​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ​​លើក​ឡើង​នៅ​ក្នុង​កិច្ច​​ប្រជុំ​នោះ​​ថា ការ​ចូល​​​ចត​​របស់​នាវា​ទេសចរណ៍​​នៅ​កំពង់ផែ​​ក្រុង​ព្រះសីហនុ ​បាន​កើន​ឡើង​ជា​លំដាប់​ពី ​១ ឆ្នាំ​ទៅ​ ១ ​​ឆ្នាំ​។​


បើ​តាម​លោក​ ​លូ ​គឹមឈុន ​​ក្នុង​រយៈពេល ​៤ ខែ ​​ឆ្នាំ ​២០១៩​ នេះ​ កំពង់ផែ​ស្វយ័ត​ក្រុង​​ព្រះសីហនុ​ទទួល​បាន​កប៉ាល់​​ទេសចរណ៍​អន្តរជាតិ​ចំនួន​ ៣០ ​គ្រឿង ​កើន​ឡើង ​៥៧,​៨៩ ភាគរយ ​បើ​ធៀប​នឹង​​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ​២០១៨ ​ដែល​បាន​នាំ​​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ​២៩ ​១១១ ​នាក់ ​កើន​ឡើង ​៧៨,​២៥ ​​​ភាគរយ។


លោក​បន្ត​ថា ​កាល​ពី​ឆ្នាំ ​២០១៨ ​កំពង់ផែ​ទទួល​បាន​កប៉ាល់​ចំនួន​ ៣៧ ​គ្រឿង ​កើន​ឡើង ​២៣,​៣៣ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ​២០១៧ ​ដែល​មាន​ចំនួន​ត្រឹម​ ៣០ ​គ្រឿង ​ដោយ​ទទួល​បាន​​​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ​៤០​ ៥៩៨ ​នាក់ កើន​ឡើង ​៥៨,៩៧ ​ភាគរយ​។


តាម​លោក​ លូ​ គឹមឈុន ​​កប៉ាល់​ដែល​ចូល​ចត​​នៅ​កំពង់ផែ ​មាន​រយៈពេល​ជា​មធ្យម​​ប្រមាណ ​១៥ ​ម៉ោង​ប៉ុណ្ណោះ​។

លោក​ ថោង ​ខុន ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ​បាន​លើក​ឡើង​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ចាំបាច់​ត្រូវ​ដោះស្រាយ​ជា​កញ្ចប់ ​ហើយ​តម្រូវ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន​។ ​លោក​ក៏​បាន​ស្នើ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ត្រូវ​រៀបចំ​កិច្ច​ប្រជុំ​ពិសេស​បន្ទាន់​មួយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ទាំង​នេះ។​

លោក​ថ្លែង​ថា៖ «​នេះ​​មិនមែន​គ្រាន់​តែ​ជា​ឱកាស​ដែល​កម្ពុជា​អាច​ចាប់​យក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជា​ក្រុម​ធំៗ​ប៉ុណ្ណោះ​​ទេ តែ​វា​ក៏​ជា​ឱកាស​នៃ​ការ​ត្រៀម​រៀបចំ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ ​២០២២ ​ផង​ដែរ»​។

លោកស្រី ​ឆាយ ​ស៊ីវលីន ​ប្រធាន​​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​​​​បើ​កម្ពុជា​អាច​មាន​លទ្ធភាព​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​តាម​កប៉ាល់​ធំៗ​ធ្វើ​ដំណើរ​ទៅ​ទស្សនា​​តំបន់​រមណីយដ្ឋាន​ផ្សេងៗ ​ពិសេស​តំបន់​ប្រាសាទ​អង្គរវត្ត​នោះ ​ជា​ការ​ល្អ​ណាស់​​។​

លោកស្រី​​ថ្លែង​ថា៖ ​«​ភ្ញៀវ​ទេសចរ​តាម​កប៉ាល់ ​ត្រូវ​បាន​គេ​ចាត់​ទុក​​ថា​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ និង​ពេល​វេលា​​ច្រើន ​ហេតុ​នេះ​​​បើ​យើង​​អាច​បង្ក​ភាព​ងាយ​ស្រួល​ដល់​ពួក​គាត់​ កម្ពុជា​នឹង​​អាច​ទទួល​បាន​​ប្រយោជន៍​ច្រើន​»​។

ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​កម្ពុជា​​នៅ​ឆ្នាំ​ ២០១៨​ មាន​​ចំនួន ​៦,២ លាន​​នាក់​ កើន​​ឡើង​ ​១១ ​ភាគរយ បើ​ធៀប​​​នឹង​​ឆ្នាំ ​២០១៧ ​ហើយ​ទេសចរ​ចិន​​នៅ​តែ​បន្ត​ឈាន​មុខ​​គេ ​រយៈពេល​ ២ ឆ្នាំ​ជាប់ៗ​គ្នា​៕​LA