ក្រុងវ៉ាស៊ីនតោនៈ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) កាលពី​ថ្ងៃ​ពុធ​បាន​អនុម័ត​ជា​ផ្លូវការ​នូវ​កញ្ចប់​ជំនួយ ៥០ ពាន់​លាន​ដុល្លារ​ដែល​មាន​បំណង​ជួយ​ប្រទេស​អាហ្សង់ទីន ដើម្បី​ទប់ទល់​ទៅ​នឹង​អតិផរណា ឱនភាព​ថវិកា និង​ការធ្លាក់​ចុះ​តម្លៃ​រូបិយប័ណ្ណ​។

ក្រុម​ប្រឹក្សាភិបាល​របស់​មូលនិធិ​នេះ​បាន​អនុម័ត​កិច្ចព្រមព្រៀង​នេះ​ដែល​ប្រទេស​អាហ្សង់ទីន​បាន​សម្រេច​ជាមួយ​បុគ្គលិក​របស់​មូលនិធិ IMF កាលពី​ដើម​ខែ​នេះ​។


យោង​តាម​មូលនិធិ IMF ប្រទេស​អាហ្សង់ទីន​គ្រោង​នឹង​ប្រើប្រាស់​ទឹកប្រាក់​ចំនួន ១៥ ពាន់​លាន​ដុលា្លរ​ដំបូង​នៃ​កម្មវិធី​ជំនួយ​នេះ​ដែល​ក្នុង​ចំណោម​នោះ ពាក់​កណ្ដាល​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការគាំទ្រ​ថវិកា ខណៈ​ប្រាក់​នៅសល់​ចំនួន ៣៥ ពាន់​លាន​ដុល្លារ​ទៀត​សម្រាប់​ទុកជា «​ការត្រៀម​បង្ការ​»​។


លោកស្រី Christine Lagarde នាយក​គ្រប់គ្រង​របស់​មូលនិធិ IMF បាន​សរសើរ​យ៉ាង​ខ្លាំង​ដល់​ផែនការ​សម្រាប់​កំណែទម្រង់សេដ្ឋកិច្ច​របស់​ប្រទេស​អាហ្សង់ទីន ប៉ុន្តែ​បាន​ទទូច​ឲ្យ​ការសម្រេច​ចិត្ត​នេះ​ត្រូវ​ធ្វើ​នៅ​ទីក្រុង​ប៊ុយណូស៊ែ និង​មិន​ត្រូវ​ប្រកាស​ជា​ផ្លូវការ​ចេញ​ពី​មូលនិធិ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​មួយ​នេះ​ទេ​។


លោកស្រី​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា​៖ «​ការ​អនុម័ត​នៅ​ថ្ងៃ​នេះ​គឺជា​ភ័ស្ដុតាង​ដ៏ច្បាស់លាស់​នៃ​ទំនុក​ចិត្ត​របស់​សហគមន៍​អន្តរជាតិ​មួយ​នេះ​លើ​ការជំរុញ​កំណែទម្រង់​របស់​ប្រទេស​អាហ្សង់ទីន និង​គាំទ្រ​ផែនការ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ដែល​បាន​គាំទ្រ​ដោយ​មូលនិធិ IMF»​។


លោកស្រី​បន្ថែម​ថា​៖ «​នេះ​គឺជា​ផែនការ​មួយ​ដែល​ត្រូវ​បាន​បង្កើតឡើង ហើយ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អាហ្សង់ទីន​។ អាជ្ញាធរ​អាហ្សង់ទីន​ពិចារណា​លើ​ស្ថានការណ៍​ក្នុង​ស្រុក​របស់​ពួកគេ​។ វា​ត្រូវ​បង្កើន​ល្បឿន​ឆ្ពោះ​ទៅ​រក​ការពង្រឹង​សេដ្ឋកិច្ច ដើម្បី​អត្ថប្រយោជន៍​របស់​ប្រជាជន​អាហ្សង់ទីន​ទាំងអស់​»​។


ការតវ៉ា​ប្រឆាំង​តាម​ដងផ្លូវ និង​ការគំរាមកំហែង​ធ្វើ​បាតុកម្ម​ដោយ​កម្មករ​បាន​ស្វាគមន៍​ការសម្រេច​ចិត្ត​របស់​លោក​ប្រធានាធិបតី​អាហ្សង់ទីន Mauricio Macri ក្នុង​ការ​ស្វែងរក​ការ​ផ្ដល់​ហិរញ្ញប្បទាន​របស់​មូលនិធិ IMF​។

អាហ្សង់ទីន​មាន​ប្រវត្តិសាស្ដ្រ​ដ៏ជូរចត់​ជាមួយ​មូលនិធិ​ដែល​ផ្តល់​កម្ចី​ដោះស្រាយ​វិបត្តិ​ពិភពលោក​មួយ​នេះ​ដែល​ប្រជាជន​អាហ្សង់ទីន​ជាច្រើន​មើល​ឃើញ​ថា​បាន​ដាក់​លក្ខខណ្ឌ​ដ៏តឹងរ៉ឹង​ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​កាន់តែ​ខ្លាំង​ដល់​សេដ្ឋកិច្ច​កាលពី ១៧ ឆ្នាំ​មុន​។

លោកស្រី Lagarde បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា​មូលនិធិ IMF សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ទីក្រុង​ប៊ុយណូស៊ែ​ជាមួយ​នឹង «​ការគោរព​យ៉ាង​ខ្លាំង និង​ការយក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ទៅ​នឹង​ស្ថានការណ៍​ក្នុង​ស្រុក​របស់​ប្រជាជន​អាហ្សង់ទីន​ទាំងអស់​»៕ LA