ក្រុង​ប៉េកាំងៈ រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​​ចិន​​បាន​រិះគន់​វិធានការ​អាមេរិក​​ប្រឆាំង​​ក្រុមហ៊ុន Huawei ​​ថា​ជា​ «​ការ​គំរាម​កំហែង​ផ្នែក​​សេដ្ឋកិច្ច​» និង​បាន​​ព្រមាន​ថា ទីក្រុង​ប៉េកាំង​​ត្រៀម​ខ្លួន​រួច​ហើយ​​ក្នុង​ការ «​ប្រយុទ្ធ​រហូត​ដល់​ទី​បញ្ចប់» ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ខ្លួន​​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន។​

ជម្លោះ​ពាណិជ្ជកម្ម​រវាង​​ប្រទេស​​មាន​សេដ្ឋកិច្ច​ឈាន​មុខ​គេ​ទាំង ២ នេះ ​បាន​កើន​ឡើង​កាន់​តែ​ខ្លាំង បន្ទាប់​ពី​​លោក​​ប្រធានាធិបតី​ ដូណាល់ ត្រាំ កាល​ពី​សប្ដាហ៍​​មុន​​បាន​ចេញ​បញ្ជា​ប្រតិបត្តិ​ ដោយ​ឈរ​លើ​មូលដ្ឋាន​​​សន្ដិសុខជាតិ​​ដែល​​បណ្ដាល​​​​ឲ្យ​​ក្រុមហ៊ុន​បរទេស​​មួយ​ចំនួន​​ដក​​​ខ្លួន​ឈប់​ធ្វើ​អាជីវកម្ម​ជាមួយ​​​​​ក្រុមហ៊ុន​ Huawei។​


ក្នុង​ប្រទេស កៀហ្ស៊ីស៊ីស្ថាន លោក​ Wang Yi រដ្ឋមន្ដ្រី​ក្រសួង​​ការបរទេស​​បាន​ថ្លែង​កាល​ពី​​ថ្ងៃ​ពុធ​​​ក្នុង​កិច្ច​ប្រជុំ​មួយ​​​របស់​​​អង្គការ​សហ​ប្រតិបត្តិការ​ស៊ាងហៃ (SCO) ដែល​ជា​ក្រុម​សន្ដិសុខ​​​ប្រចាំ​តំបន់​មួយ​​​ដឹកនាំ​ដោយ​ទីក្រុង​ប៉េកាំង និង​ទីក្រុង​ម៉ូស្គូ​ថា​៖ «​ការ​ប្រើ​អំណាច​​របស់​រដ្ឋ​​របស់​អាមេរិក ដើម្បី​ដាក់​​​សម្ពាធ​តាម​អំពើ​ចិត្ត​​លើ​​ក្រុមហ៊ុន​ឯកជន​​ចិន​ ដូចជា​​ក្រុមហ៊ុន Huawei គឺ​ជា​ការ​គំរាម​កំហែង​ផ្នែក​​សេដ្ឋកិច្ច​»។​


លោក​ Wang ថ្លែង​ថា៖ «​​មនុស្ស​មួយ​ចំនួន​​នៅ​អាមេរិក ​មិន​ចង់​ឲ្យ​​ប្រទេស ​ចិន ​ទទួល​បាន​​សិទ្ធិ​ស្រប​ច្បាប់​​ក្នុង​ការ​អភិវឌ្ឍ និង​ព្យាយាម​​រារាំង​​​ដំណើរការ​​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន»។​ នេះ​បើ​យោង​តាម​​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​​ ដែល​ចេញ​ផ្សាយ​​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​។​


លោក​​លើក​ឡើង​បន្ត​ថា​៖ «​យុទ្ធវិធី​​​ប្រកប​ដោយ​​អាត្មា​និយម និង​ព្រហើន​យ៉ាង​ខ្លាំង​របស់​សហរដ្ឋ​អាមេរិក​មិន​អាច​ទទួល​បាន​ការ​ឯកភាព និង​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​​ នោះ​ទេ​»៕ AFP/LA