ភ្នំពេញ: រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​អនុគ្រោះ​ពន្ធ​លើ​ប្រាក់ចំណូល​របស់​សហគ្រាស​ឧស្សាហកម្ម​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​សម្រាប់​ឆ្នាំ​ ២០២០ ដែល​រង​ផលប៉ះពាល់​ដោយសារ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​លើកលែងតែ​អាវុធ​ (EBA)» របស់​សហភាព​អឺរ៉ុប​។ នេះ​បើ​តាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។

បើ​យោង​តាម​ប្រកាស​ស្តីពី​វិធានការ​ផ្នែក​ពន្ធដារ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​បញ្ហា​ប្រឈម​លើ​សហគ្រាស​ឧស្សាហកម្ម​ផ្នែក​វាយនភណ្ឌ​កាត់ដេរ រដ្ឋាភិបាល​បាន​សម្រេច​ធ្វើការ​អនុគ្រោះ​ពន្ធ​លើ​ប្រាក់ចំណូល​សម្រាប់​ឆ្នាំនេះ​ដល់​សហគ្រាស​វាយនភណ្ឌ​ផលិត​សម្លៀកបំពាក់ ស្បែកជើង កាបូប​យួរដៃ កាបូបដៃ និង​មួក​ក្នុង​រយៈពេល ៦ ​ខែ​សម្រាប់​សហគ្រាស​ដែល​រង​ផលប៉ះពាល់​ក្នុង​កម្រិត​ពី ២០ ​ភាគរយ​ទៅ ៣៩ ​ភាគរយ​ត្រូវ​បាន​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ ៥០ ​ភាគរយ​នៃ​ប្រាក់​ពន្ធ​ត្រូវ​បង់​សរុប​។


ប្រកាស​ដែល​ចុះហត្ថលេខា​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បន្តថា ចំណែក​សហគ្រាស​ដែល​រង​ផលប៉ះពាល់​ពី​ ៤០ ភាគរយ​ទៅ ១០០ ​ភាគរយ​ត្រូវបាន​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​ ១០០ ​ភាគរយ​នៃ​ប្រាក់ពន្ធ​ត្រូវ​បង់​សរុប​។


ប្រកាស​ដែលមាន ៧ ​ប្រការ​នេះ​បញ្ជាក់ថា មាន​វិសាលភាព​អនុវត្តន៍​ចំពោះ​សហគ្រាស​ឧស្សាហកម្ម​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​នៅ​កម្ពុជា​។ ដើម្បី​ទទួលបាន​ការលើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​នេះ​សហគ្រាស​ត្រូវដាក់​ឯកសារ​បញ្ជាក់​ពី​ទំហំ​ផលប៉ះពាល់​ជាក់ស្តែង​ពី​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ក្នុងអំឡុង​ពេល​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​។


ការសម្រេច​ព្យួរ EBA ដោយ​គណៈកម្មការ​អឺរ៉ុប​សម្រាប់​ទំនិញ​នាំចូល​ទីផ្សារ​អឺរ៉ុប ១ ​ភាគ ៥ ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​លើកលែង​តែ​អាវុធ​ (EBA) ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ១ ​ពាន់​លាន​ដុលា្លរ​ក្នុង ១ ​ឆ្នាំ​។


លោក​ កាំង ម៉ូនីកា​អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ (GMAC) ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការលើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​នេះ​ហាក់​មិនបាន​ជួយ​សម្រាល​បន្ទុក​ច្រើន​ប៉ុន្មាន​ទេ​ដល់​វិស័យ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់ដេរ​កម្ពុជា ស្របពេល​អ្នកបញ្ជា​ទិញ​ធំៗ​មួយ​ចំនួន​បាន​សម្រេច​ផ្អាក​ការបញ្ជា​ទិញ​ពី​កម្ពុជា​ដោយសារ​ការរាលដាល​ជំងឺ​កូវីដ​១៩​។


លោក​ថ្លែងថា​៖ «​យើង​មិន​រំពឹងថា ឆ្នាំនេះ​សហគ្រាស​វាយនភណ្ឌ​កាត់ដេរ​នៅ​កម្ពុជា​ទទួល​បាន​ប្រាក់ចំណេញ​ទេ​»​។

លោក​បន្តថា​៖ «​អ្វី​ដែលជា​បញ្ហា​ប្រឈម​ធំ​របស់​រោងចក្រ​ពេលនេះ និង​ពេល​ខ្លី​ខាងមុខ​គឺ​បញ្ហា​លំហូរ​សាច់ប្រាក់​ (Cash flow) ព្រោះ​យើង​មិនអាច​ដឹកទំនិញ​ទៅ​ឲ្យ​អ្នក​បញ្ជា​ទិញ​បាន យើង​ក៏​អត់​បានការ​ទូទាត់​សាច់ប្រាក់​ដែរ ដូច្នេះ​រោងចក្រ​អត់​មាន​លុយ​សម្រាប់​បើកប្រាក់​ខែ​ឲ្យ​កម្មករ​និយោជិត​នោះទេ​»​។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ (CLC) បាន​ប្រាប់ថា វិធាន​ការលើកលែង​ពន្ធ​លើ​ប្រាក់​ចំណេញ​នេះ​នឹង​ជួយ​ប៉ះប៉ូវ​បាន​មួយ​ផ្នែក​ដល់​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់ដេរ​នៅ​កម្ពុជា​។ លោក​បន្តថា ទោះបី​យ៉ាង​ណា​វិស័យនេះ​កំពុង និង​កង្វះ​ទីផ្សារ​ដោយសារ​ការផ្អាក​ពី​អ្នកបញ្ជា​ទិញ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា បើ​មិន​មាន​ទីផ្សារ​លក់​ទេ យើង​មិនដឹង​ផលិត​យកទៅ​ណា​ទេ មិនយូរ​មិនឆាប់​បញ្ហា​អត់​ការងារ​ធ្វើ​នឹង​កើតមាន​»​។

កម្ពុជា​បាន​នាំចេញ​ផលិតផល​ធ្វើ​ដំណើរ​មានតម្លៃ ១,២ ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំមុន​កើនឡើង ១០០ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែល​មាន​តម្លៃ ៦០០ ​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​។

បើ​យោងតាម​របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ការនាំចេញ​ផលិតផល​របស់​កម្ពុជា​មាន​តម្លៃ ១៤,៦៣ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៩ កើនឡើង ១២,៧ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ខណៈ​ការនាំចូល​មាន​តម្លៃ ២២,៣៤ ​ពាន់​លាន​ដុល្លារ​កើនឡើង ១៨,៦ ភាគរយ​។

ផលិតផល​កម្ពុជា​នាំចេញ​រួមមាន​សម្លៀកបំពាក់ ស្បែកជើង អង្ករ ទោចក្រយាន និង​ផលិតផល​វាយនភណ្ឌ​ផ្សេងទៀត ខណៈ​កម្ពុជា​នាំចូល​មកវិញ​មាន​ប្រេងឥន្ធនៈ រថយន្ត សម្ភារ​សំណង់ ភេសជ្ជៈ និង​អាហារ​ព្រម​ទាំង​វត្ថុធាតុ​សម្រាប់​បម្រើ​ដល់​វិស័យ​កម្មន្តសាល​ក្នុង​ស្រុក​ផងដែរ​៕ LA