ភ្នំពេញ: រដ្ឋាភិបាល និង​វិស័យ​ឯកជន​កាលពី​ថ្ងៃទី​ ១៦ ខែមករា បានប្រកាស​គម្រោង «​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី និង​ស្ត្រី​សហគ្រិន​» ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ដល់​ស្ត្រី​ជា​សហគ្រិន​ក្នុងការ​រួមចំណែក​បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​។

ក្រសួង​កិច្ចការនារី ធនាគារជាតិ​នៃ​កម្ពុជា​បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ​គម្រោង «​ការលើក​កម្ពស់​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី និង​ស្ត្រី​សហគ្រិន​» ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ការគ្រប់គ្រង​ហិរញ្ញវត្ថុ បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍​ (ICT) សម្រាប់​អភិវឌ្ឍ​សហគ្រិនភាព និង​ការទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​សុវត្ថិភាព​។


នៅក្នុង​គម្រោង​នេះ​ក្រុមហ៊ុន Visa បាន​ជំនួយ​ហិរញ្ញវត្ថុ ៥០ ០០០ ដុល្លារ​សម្រាប់​ក្រសួង​កិច្ចការនារី ដើម្បី​លើក​កម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី និង​សហគ្រិន​ស្ត្រី​នៅតាម​តំបន់​ជនបទ​ក្នុងប្រទេស​កម្ពុជា​។ គម្រោង​មាន​រយៈពេល​ ១២ ​ខែ​ចាប់ពី​ខែ​សីហា ឆ្នាំ​ ២០១៩ ដល់ ខែសីហា ឆ្នាំ​ ២០២០ ដែល​អនុវត្ត​នៅ​ខេត្ត​ចំនួន​ ៤ ​គឺ​ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​សៀមរាប​។


លោកស្រី ជុំ ម៉ូនីកា នាយិកា​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការចាប់ផ្តើម​គម្រោង​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គម្រោង​នេះ​នឹង​ជួយ​លើកកម្ពស់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ស្ត្រី​ឲ្យ​កាន់តែ​ប្រសើរ ហើយ​វា​ក៏​នឹង​ធ្វើឲ្យ​ជីវភាព​របស់​ពួកគេ​ធូរធារ​ជាង​មុន​។


លោកស្រី​បន្តថា​៖ «​នៅពេល​មនុស្ស​ម្នាក់ៗ​ត្រូវបាន​លើកកម្ពស់​វា​នឹង​ធ្វើឲ្យ​សេដ្ឋកិច្ច​កាន់តែ​ប្រសើរ សហគមន៍​ក៏មាន​ការរីកលូតលាស់ អាជីវកម្ម​ខ្នាតតូច​នឹងមាន​ស្ថិរភាព និង​រីកចម្រើន បំណុល​គ្រួសារ​កាន់តែ​អាច​គ្រប់គ្រង​បាន​យ៉ាង​ងាយស្រួល ហើយ​ប្រាក់​ចំណូល​គ្រួសារ​នឹងមាន​ការកើនឡើង​ផងដែរ​»​។


យោងតាម​របាយការណ៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​ខ្វះ​ជំនាញ ខ្វះ​ភាព​ជា​អ្នកដឹកនាំ​ក្នុង​អាជីវកម្ម ខណៈ​ ៩០ ភាគរយ​នៃ​ចំណូល​នៅក្នុង​វិស័យ SME បាន​មកពី​អាជីវកម្ម​គ្រប់គ្រង​ដោយ​ស្ត្រី​។


លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី​ថ្លែង​ថា កង្វះ​ចំណេះដឹង ផ្នែក​ហិរញ្ញវត្ថុ​នឹង​ជំរុញ​ឲ្យ​ស្ត្រី​នឹង​ចងការ​ប្រាក់​ពី​វិស័យ​ឯកជន​ក្រៅផ្លូវការ​ដែល​អត្រា​ការប្រាក់​ខ្ពស់​។ លោកស្រី​បន្តថា​៖ «​ដើម្បី​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​របស់​សហគ្រិន​ស្ត្រី​ដែល​បណ្តាល​មកពី​កង្វះ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នេះ គម្រោង​នេះ​នឹង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ពួកគេ​»​។

លោក​បញ្ជាក់ថា​៖ «​ស្ត្រី​សហគ្រិន​នឹង​ទទួល​បាន​សមត្ថភាព ភាពជឿជាក់ ទំនុកចិត្ត​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​គ្រួសារ និង​ចូលរួម​ធ្វើ​សេចក្តីសម្រេច​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​ផងដែរ​»​។

នៅ​កម្ពុជា​មាន​សហគ្រាស​សរុប ៥១៣ ៧៥៩ ក្នុង​នោះ​ជាង ៩៧ ភាគរយ​ជា​សហគ្រាស​ខ្នាតតូច និង​ ២,២ ភាគរយ​ជា​សហគ្រាស​ខ្នាត​មធ្យម ហើយ​ស្ត្រី​គ្រប់គ្រង SME ២៦ ភាគរយ និង​សហគ្រាស​លក្ខណៈ​គ្រួសារ ៦២ ភាគរយ​។ នេះ​បើ​តាម​របាយការណ៍​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។

លោកស្រី នាវ ច័ន្ទថាណា ទេ​សាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែងថា ការទទួល​បាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​គឺជា​មូលដ្ឋានគ្រឹះ​ក្នុង​ការលើកកម្ពស់​បរិយាប័ន្នហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ លោកស្រី​បន្តថា​៖ «​ចំពោះ​ប្រជាជន​នឹង​ជួយ​សម្រួល​ជីវភាព​រស់នៅ​ការផ្តល់​លទ្ធភាព​ឲ្យ​មាន​ការសន្សំ​ហិរញ្ញវត្ថុ ការបង្កើន​គុណភាព​ធុរកិច្ច ហើយ​សហគ្រាស​ធុន​តូច និង​មធ្យម​នឹង​ទទួល​បាន​ការបង្កើន​លទ្ធភាព​វិនិយោគ ការទទួល​បាន​សេវា​ប្រឹក្សា​ជាដើម​»​។

លោកស្រី​បាន​ឲ្យ​ដឹង​ទៀតថា កម្រិត​បរិយាប័ន្ន​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​ទាំង​ ២ ​ភេទ​ដោយ​ស្ត្រី​ខ្ពស់ជាង​បុរស​បន្តិច​គឺ ៧៣ ​ភាគរយ ហើយ​បុរស ៦៩ ​ភាគរយ ដូច្នេះ​ការលើក​កម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​រួមមាន ឧបសគ្គ​ក្នុង​ការទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដោយសារ​កង្វះ​មធ្យោបាយ​រូបវន្ត ប្រាក់​ចំណូល​នៅមាន​កម្រិត​ទាប និង​កង្វះ​លទ្ធភាព​ក្នុង​ការបំពេញ​តាម​លក្ខខណ្ឌ​នានា និង​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ដោយសារ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មិនអាច​ផ្តល់​ផលិតផល​ស្របតាម​តម្រូវការ​អតិថិជន និង​ការយល់ដឹង​ចំពោះ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​មាន​កម្រិត​។

លោក​បញ្ជាក់ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ខាងលើ​រដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិយាបន្ន​ហិរញ្ញវត្ថុ​ឆ្នាំ ២០១៩-២០២៥ ដែល​យុទ្ធសាស្ត្រ​ជាតិ​បាន​ផ្តល់នូវ​ក្របខណ្ឌ​ក្នុង​ការកំណត់​បាន​ចែក​កម្រិត​អាទិភាព សម្របសម្រួល វាស់វែង និង​តាមដាន​ក្នុងការ​អនុវត្ត​។

លោកស្រី​បន្តថា យុទ្ធសាស្ត្រ​នេះ​បាន​ចង្អុល​បង្ហាញ​គោលដៅ​ក្នុង​ការបង្កើត​លទ្ធភាព​ក្នុង​ការទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ដែល​មាន​គុណភាព កាត់បន្ថយ​អត្រា​ស្ត្រី​ដែល​មិនទាន់​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ឲ្យ​បាន​ពាក់កណ្តាល​ពី​ ២៧ ​ភាគរយ​មក​ត្រឹម​ ១៣​ ភាគរយ និង​ពង្រីក​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ពី ៥៩ ​ភាគរយ ​ដល់​ ៧០ ​ភាគរយ​ ត្រឹម​ឆ្នាំ​ ២០២៥​។

លោក​បន្ថែមថា​៖ «​ដើម្បី​សម្រេច​បាន​គោលដៅ​កំណត់​ខាងលើ ការលើកកម្ពស់​សិទ្ធិ បង្កើន​កិច្ចការពារ​អតិថិជន និង​បង្កើន​តម្លាភាព​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ត្រូវ​បាន​កំណត់​ជា​កិច្ចការ​អាទិភាព​របស់​រដ្ឋាភិបាល​»​។

បើតាម​លោកស្រី ប្រជាជន​ពេញវ័យ​នៅ​កម្ពុជា​ប្រមាណ ៥៩ ​ភាគរយ ទទួល​បាន​សេវាហិរញ្ញវត្ថុ​ផ្លូវការ​ក្នុងនោះ​ ១៧ ​ភាគរយ ​ពី​គ្រឹះស្ថាន​ធនាគារ ៤២ ​ភាគរយ​ ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្សេងទៀត ១២ ​ភាគរយ​ទទួល​បាន​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ និង​​ ២៩ ​ភាគរយ​ដែល​បាន​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ទាំង​ផ្លូវការ​ និង​ក្រៅផ្លូវការ​៕LA