ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​គ្រោង​សាងសង់​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​បន្ថែម ដែលមាន​ជម្រៅ​ ១៤,៥ ​ម៉ែត្រ​ នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​របស់​កម្ពុជា​តាមរយៈ​ពង្រឹង​សមត្ថភាព​ពាណិជ្ជកម្ម និង​ការកាត់បន្ថយ​តម្លៃ​។ នេះ​បើ​យោង​តាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

លោក ស៊ុន ចាន់ថុល បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​ថា គម្រោង​នេះ​ត្រូវបាន​គាំទ្រ​ហិរញ្ញប្បទាន​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​។


លោក​ថ្លែងថា​៖ «​ចំណត​ផែកុងតឺន័រ​នេះ​នឹង​អនុញ្ញាត​ឲ្យ​នាវា​ដឹកទំនិញ​ធំៗ​ប្រមាណ​ ៩៣ ភាគរយ​ ដែល​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ចូល​ចត​នៅ​កម្ពុជា​។ យើង​អាច​នាំចេញ​ទំនិញ​ដោយផ្ទាល់​ទៅកាន់​ប្រទេស​បញ្ជា​ទិញ ដោយ​មិន​ចាំបាច់​មាន​ការ​ផ្ទេរ​ទំនិញ​នៅ​កំពង់ផែ​សិង្ហបុរី និង​ហុងកុង​ទៀត​នោះទេ​»​។


លោក ឈៀង ពេជ្រ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារកម្ម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ឲ្យ​ដឹងថា គម្រោង​កំពង់ផែ​ទឹកជ្រៅ​នេះ​បាន​សិក្សា​ចប់សព្វគ្រប់​ហើយ​ដោយ​អង្គការ JICA ហើយ​គម្រោង​នេះ​កំពុង​បន្ត​អនុវត្ត​។ លោក​ថ្លែងថា​៖ «​កំពង់ផែ​កុងតឺន័រ​នេះ​នឹង​ជួយ​សម្រួល​ដល់​អ្នក​នាំចូល និង​នាំចេញ​ទំនិញ​ទូទាំង​តំបន់​អាច​ចូល​ចត​នៅ​កំពង់ផែ​នេះ ដោយ​វា​នឹង​ជួយ​កាត់បន្ថយ​តម្លៃ​ដើម​ផងដែរ​»​។


មិនអាច​ទាក់ទង​លោក លូ គឹមឈន់ អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​ទេ​កាលពី​ថ្ងៃអាទិត្យ​។ ប៉ុន្តែ​បើ​យោងតាម​ការរាយការណ៍​របស់​ភ្នំពេញ​ប៉ុស្តិ៍​នាពេល​កន្លងមក គម្រោង​សាងសង់​កំពង់ផែ​កុងតឺន័រ​ថ្មី​នេះ នឹង​ត្រូវ​វិនិយោគ​ក្នុង​ទឹកប្រាក់​តម្លៃ ២០៣ ​លានដុល្លារ​ ដែល​គាំទ្រ​ហិរញ្ញប្បទាន​ពី​អង្គការ JICA ។


វិស័យ​ឯកជន លើក​ឡើង​ថា​កំពង់ផែ​កុងតឺន័រ​នេះ​នឹង​ជួយ​ជំរុញ​ឲ្យ​ការនាំចេញ​របស់​កម្ពុជា​លឿន​ជាង​មុន និង​កាន់​តែមាន​ទំនុកចិត្ត​ក្នុង​វិស័យ​ឡូជីស្ទិក​។


លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កំពង់ផែ​កុងតឺន័រ​នេះ​នឹង​ជួយ​ធ្វើឲ្យ​ប្រសើរ​ឡើង​ដល់​កន្លែង​ផ្ទុក​កុងតឺន័រ ខណៈ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មិន​ទាន់​អាចបំពេញ​តម្រូវការ​កំណើន​ទីផ្សារ​បាន​នៅឡើយ​។

លោក​ថ្លែងថា​៖ «​វា​ជា​សញ្ញា​ល្អ​សម្រាប់​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ដែល​យើង​គាំទ្រ​គម្រោង​នេះ​។ កំពង់ផែ​កុងតឺន័រ​នេះ​នឹង​ជួយ​សម្រួល និង​កាត់បន្ថយ​ការកកស្ទះ​ការផ្ទុក​កុងតឺន័រ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ហើយ​វា​ក៏​នឹង​ជួយ​ជំរុញ​កំណើន​ប្រាក់ចំណូល​របស់​រដ្ឋាភិបាល​ផងដែរ ប្រសិនបើ​យើង​មាន​ចំណត​ផែ​ថ្មី​នេះ​»​។

បើ​យោងតាម​លោក ស៊ុន ចាន់ថុល រដ្ឋាភិបាល​កម្ពុជា​ក៏​នឹង​មាន​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ទឹកជ្រៅ​មួយ​ទៀត​នៅ​ខេត្ត​ព្រះសីហនុ​ដែល​មាន​ជម្រៅ​ ១៧ ម៉ែត្រ​។ លោក​ថ្លែងថា​៖ «​កំពង់ផែ​នេះ​នឹង​អនុញ្ញាត​ឲ្យ​យើង​ដឹកទំនិញ​ដោយផ្ទាល់​ទៅ​អាមេរិក​។ សព្វថ្ងៃ​យើង​ធ្វើការ​ស្និទ្ធ​ជាមួយ​អង្គការ JICA»​។

យោងតាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា ប្រាក់ចំណូល​សរុប​របស់​កំពង់ផែ​នេះ​បាន​កើនឡើង​ដល់​ប្រហែល​ ៨០ ​លាន​ដុល្លារ​ សម្រាប់​​ឆ្នាំ ២០១៩ កើនឡើង ១៧,៥ ភាគរយ ​បើ​ធៀប​នឹង​ប្រហែល ៦៨ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ ២០១៨ ។

បើតាម​របាយការណ៍​របស់​ក្រសួង​ឲ្យ​ដឹង​ទៀតថា ចំនួន​កុងតឺន័រ​ដែល​ផ្ទុក​នៅ​កំពង់ផែ SAP បាន​កើនឡើង ១៧ ភាគរយ​ កើនឡើង​ដល់​សរុប ៦៣៣ ០៩៩ TEU ត្រឹម​ចុង​ឆ្នាំ ២០១៩ ធៀប​នឹង ៥៤១ ២២៨ TEU កាលពី​ឆ្នាំ ២០១៨៕LA