ភ្នំពេញ: គុណភាពការងារនៅកម្ពុជាកំពុងបង្ហាញពីការកែលម្អកាន់តែប្រសើរឡើង ប៉ុន្តែកម្ពុជាចាំបាច់ត្រូវមានគោលនយោបាយថ្មីៗ ដើម្បីទាញប្រយោជន៍ពីទីផ្សារពិភពលោកនៅពេលអនាគត។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក។
របាយការណ៍ដែលមានចំណងជើងថា «អនាគតការងារនៅកម្ពុជា តំណភ្ជាប់ ជាមួយសេដ្ឋកិច្ចនាពេលខាងមុខ» ចេញផ្សាយកាលពីថ្ងៃអង្គារបង្ហាញថា ក្នុងចំណោមការងារជាង ៨ លានការងារនៅកម្ពុជាមាន ៣៧ ភាគរយជាការងារមានប្រាក់ឈ្នួលដែលភាគច្រើនផ្តល់ប្រាក់ចំណូលខ្ពស់ និងការពារអត្ថប្រយោជន៍បន្ថែមដល់កម្មករ។
ទោះបីយ៉ាងនេះក្តី ៦៣ ភាគរយទៀតនៅតែជាការងារបែបប្រពៃណីនៅឡើយ។ ការងារទាំងនោះ រួមមាន ការងារដាំដុះ ឬអាជីវកម្មជាលក្ខណៈគ្រួសារ ដែលមិនសូវបានធ្វើសមាហរណកម្មចូលទៅក្នុងសេដ្ឋកិច្ចទំនើប ហើយការងារទាំងនេះបានផ្តល់ប្រាក់ចំណូលទាបដល់កម្មករ។
លោកស្រី Inguna Dobraja ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍នៅទីក្រុងភ្នំពេញកាលពីថ្ងៃអង្គារថា សារៈសំខាន់ក្នុងរបាយការណ៍នេះគឺការកំណត់ពីគោលនយោបាយអំពីការងារ ដើម្បីជួយដល់កម្មករ និងនិយោជកដែលជាការរួមចំណែកជួយដល់សេដ្ឋកិច្ចកម្ពុជា។
លោកស្រីបន្ថែមថា នេះជាការសិក្សាលើកទី ១ ដែលបង្ហាញពីទិដ្ឋភាពរួមពីទំនាក់ទំនងរវាងការងារ និងសេដ្ឋកិច្ច និងពីគោលនយោបាយការងារផ្សេងៗពាក់ព័ន្ធសេដ្ឋកិច្ចអភិវឌ្ឍ ការកាត់បន្ថយភាពក្រីក្រ និងជំនាញការងារក្នុងវិស័យឯកជនផងដែរ។
លោកស្រីថ្លែងថា៖ «ភាពចម្រុះ និងគុណភាពការងារនៅក្នុងប្រទេសកម្ពុជាត្រូវបានកែល្អឲ្យប្រសើរឡើងជាបណ្តើរហើយ។ ប៉ុន្តែនិន្ននាការសកលដូចជាការកើនឡើងនូវចំនួនវណ្ណៈកណ្តាលនៅតំបន់អាស៊ី បម្រែបម្រួលលំនាំក្នុងការធ្វើពាណិជ្ជកម្ម និងស្វ័យប្រវត្តិកម្មតម្រូវឲ្យកម្ពុជាគិតគូរឡើងវិញអំពីយុទ្ធសាស្ត្រការងាររបស់ខ្លួន ខណៈប្រទេសនេះកំពុងឈានឆ្ពោះទៅកាន់ដំណាក់កាលមួយទៀតនៃការអភិវឌ្ឍផ្អែកលើការនាំចេញ»។
របាយការណ៍បង្ហាញថា បច្ចុប្បន្នកម្ពុជាមាន ៨,២ លានការងារ ដោយមានកម្មករនិយោជិកចូលថ្មីចំនួន ១៦០ ០០០ នាក់ ទៅក្នុងកម្លាំងពលកម្មជារៀងរាល់ឆ្នាំ។ ប៉ុន្តែកម្ពុជាត្រូវការចាំបាច់បុគ្គលិកជំនាញបន្ថែមទៀត។
លោក ភួង វិសិដ្ឋ អនុប្រធាននាយកដ្ឋាននៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចូលរួមកម្មវិធីនេះថ្លែងថា ការអភិវឌ្ឍបច្ចេកវិទ្យាជឿនលឿនគឺស្របនឹងគោលនយោបាយឧស្សាហកម្ម ៤.០ របស់រដ្ឋាភិបាល ដើម្បីឆ្លើយនឹងការខ្វះជំនាញដែលរដ្ឋាភិបាលចាំបាច់ត្រូវសហការជាមួយវិស័យឯកជនក្នុងការបណ្តុះបណ្តាលជំនាញនេះ។ លោកថ្លែងថា៖ «កង្វះកម្លាំងពលកម្មជំនាញជាការព្រួយបារម្ភរបស់រដ្ឋាភិបាលកម្ពុជា»។
លោក ឡុង កែមវិចិត្រ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងក្នុងកម្មវិធីនេះថា ដើម្បីបង្កើនភាពប្រកួតប្រជែង ក្រសួងពាណិជ្ជកម្មបានបង្កើតយុទ្ធសាស្ត្រសមាហរណកម្មឆ្នាំ ២០១៩ ដល់ ឆ្នាំ ២០២៣ ដែលយុទ្ធសាស្ត្រនេះបានផ្តោតលើការអភិវឌ្ឍពាណិជ្ជកម្ម ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងឧស្សាហកម្ម ៤.០។
លោកថ្លែងថា៖ «យើងត្រូវដឹងថានេះជាដំណាក់កាលមួយដែលយើងត្រូវរៀបចំខ្លួន ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសនានា យុទ្ធសាស្ត្រនេះក៏បានផ្តោតលើការបង្កើនជំនាញរបស់កម្មករយើង។ ការបង្កើនជំនាញរបស់កម្មករ វាមានសារៈសំខាន់ទំនាក់ទំនងជាមួយវិស័យឧស្សាហកម្ម ៤.០ និងសេដ្ឋកិច្ចឌីជីថលដែលត្រូវជំរុញបន្ថែមទៀត»។
លោកស្រី Wendy Cunningham សេដ្ឋវិទូជាន់ខ្ពស់ និងជាអ្នកនិពន្ធរបាយការណ៍បានឲ្យដឹងថា ការធ្វើរបាយការណ៍នេះធ្វើឡើងក្នុងគោលបំណងកំណត់អំពីចំណុចអាទិភាពក្នុងអន្តរវិស័យ ដើម្បីបង្កើតការងារឲ្យបានច្រើន និងគុណភាពការងារឲ្យប្រសើរជាងមុន។
លោកស្រីថ្លែងថា៖ «ភាពជោគជ័យនៃយុទ្ធសាស្ត្រការងាររបស់កម្ពុជានឹងអាស្រ័យលើការចូលរួម និងកិច្ចសហប្រតិបត្តិការរបស់ភាគីពាក់ព័ន្ធនានាលើគ្រប់ផ្នែកនៃសេដ្ឋកិច្ច មិនមែនត្រឹមតែអ្នកធ្វើនយោបាយ និងថ្នាក់ដឹកនាំរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែព្រមទាំងសហគ្រិន អ្នកវិនិយោគ ដៃគូអភិវឌ្ឍន៍ ជាពិសេសកម្មករខ្លួនឯងផ្ទាល់ផងដែរ»៕LA