កំពតៈ រោងចក្រ​ផលិត​ឥដ្ឋ​ដ៏ធំ​មួយ​ក្នុង​ខេត្តកំពត ដែល​មាន​ទុនវិនិយោគ ៩ ​លាន​ដុល្លារ​ជា​ការវិនិយោគ​រួមគ្នា​រវាង​វិនិយោគិន​ក្នុងស្រុក និង​វិនិយោគិន​មកពី​ប្រទេស​ចិន​បាន​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃអាទិត្យ ដោយ​អាចមាន​សមត្ថភាព​ផលិត​ឥដ្ឋ​បាន​ប្រមាណ ៨០ ​ម៉ឺន​ដុំ​ ក្នុង​ ១ ​ថ្ងៃ​។

រោងចក្រ​នេះ​ត្រូវបាន​បំពាក់​បច្ចេកវិទ្យា​ទំនើបៗ និង​មាន​ខ្សែចង្វាក់​ផលិតកម្ម​ស្វ័យប្រវត្តិ​។ នៅក្នុង​ដំណាក់កាល​ដំបូង រោងចក្រ​នេះ​នឹង​ប្រើប្រាស់​កម្លាំង​ពលកម្ម ១៧០ ​នាក់​។ រោងចក្រ​នេះ​មាន​ផ្ទៃដី​ទំហំ ៤០ ​ហិកតា​ ស្ថិត​ក្នុងស្រុក​អង្គរជ័យ ខេត្ត​កំពត​។


អភិបាល​ខេត្តកំពត​លោក ជាវ តាយ បាន​ថ្លែង​ក្នុងពេល​ចូលរួម​សម្ពោធ​រោងចក្រ​នេះ​ថា នេះ​គឺជា​សមិទ្ធផល​ថ្មី​ទៀត​ដែល​ខេត្តកំពត​សម្រេចបាន​ដើម្បី​រួមចំណែក​លើកតម្កើង​ផលិតផល​ក្នុងស្រុក បង្កើត​ការងារ​ថ្មីៗ​សម្រាប់​ប្រជាជន​ក្នុង​តំបន់​ព្រមទាំង​កាត់បន្ថយ​ការនាំចូល​ដុំឥដ្ឋ​ពី​ប្រទេស​ជិតខាង​បាន​មួយចំនួន​ផងដែរ​។


លោក​ថ្លែងថា​៖ «​នេះ​ជា​ការរួមចំណែក​យ៉ាង​ធំធេង​ពី​វិស័យ​ឯកជន​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា ជាពិសេស​វិស័យ​សំណង់​ក្នុង​ខេត្ត​ឱ្យមាន​កំណើន​ឡើង​ជា​លំដាប់ ហើយ​ក៏បាន​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ដែល​រួមចំណែក​ក្នុង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​យើង​»​។


លោក​ក៏បាន​ណែនាំ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ផលិត​ឥដ្ឋ ត្រូវ​រៀបចំ​ធ្វើយ៉ាងណា​ឱ្យ​ផលិតផល​របស់ខ្លួន​ធានា​បាន​នូវ​គុណភាព​កម្រិត​ស្តង់ដា ការបង្កើត​ឱ្យ​មាន​ឈ្មោះ និង​ដាក់​រូប​ឡូហ្គោ​នៅលើ​ផលិតផល​របស់ខ្លួន​ឱ្យបាន​ច្បាស់លាស់​ផងដែរ​។


ម្ចាស់​រោងចក្រ​ផលិត​ឥដ្ឋ​ខាងលើ​លោក លី គីមវុន បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ចន្ទ​ថា នេះ​ជា​រោងចក្រ​ផលិត​ឥដ្ឋ​ធំ​ទី​ ១ ​ក្នុង​ខេត្តកំពត ដែល​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ទំនើបៗ ខណៈ​រោងចក្រ​នេះ​នឹង​ផ្តល់​ផល​វិជ្ជមាន​ជាច្រើន​សម្រាប់​សេដ្ឋកិច្ច​ជាតិ តាមរយៈ​ការបង្កើត​ការងារ និង​ជួយ​បំពេញ​តម្រូវការ​ក្នុងស្រុក​។


លោក​បន្តថា ជាមួយ​នឹង​វត្ថុធាតុដើម​នៅក្នុង​ស្រុក​ផ្ទាល់ លោក​រំពឹងថា ដំណើរការ​ផលិត គុណភាព និង​ការចែកចាយ​លើ​ទីផ្សារ​នឹង​មាន​ភាពទូលំទូលាយ ពិសេស​ក្នុង​ខេត្តកំពត និង​ខេត្ត​ជិតខាង​។

លោក​និយាយថា​៖ «​បច្ចុប្បន្ន​រោងចក្រ​អាច​ផលិត​ឥដ្ឋ​បាន ៨០ ​ម៉ឺន​ដុំ​ ក្នុង​ ១ ​ថ្ងៃ ប៉ុន្តែ​បើ​មាន​តម្រូវការ​ខ្ពស់ យើង​នឹង​បង្កើន​ការផលិត​បន្ថែមទៀត​»​។

លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ​នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​ការបើក​ដំណើរការ​រោងចក្រ​ផលិត​ឥដ្ឋ​ដ៏ធំ​នេះ​ដោយ​លោក​និយាយ​ថា ការស្ទុះ​ឡើង​នៃ​វិស័យ​សំណង់​បាន​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​នាំចូល​សម្ភារ​សំណង់​ស្ទើរ​គ្រប់មុខ​ពី​បរទេស​ក្នុង​នោះ​ក៏មាន​ឥដ្ឋ​ផងដែរ​។

លោក​បន្ថែមថា ខណៈ​វិស័យ​សំណង់​នៅ​កម្ពុជា​នឹង​នៅ​បន្ត​មាន​កំណើន​ជា​បន្តទៀត​នោះ ការជំរុញ​ឱ្យ​មាន​ការបង្កើត​រោងចក្រ​ផលិត​ក្នុង​ស្រុក​កាន់តែ​ច្រើន វា​នឹង​ជួយ​រួមចំណែក​យ៉ាងច្រើន​ដល់​ការលើកកម្ពស់​កំណើនសេដ្ឋកិច្ច​ជាតិ​។

លោក​និយាយថា​៖ «​បច្ចុប្បន្ន​កម្ពុជា​នាំចូល​ឥដ្ឋ​ពី​ក្រៅប្រទេស​ក្នុង​បរិមាណ​ច្រើន​គួរសម​យកមក​បំពេញ​តម្រូវការ​ក្នុងស្រុក ដូច្នេះ​បើ​យើង​មាន​រោងចក្រ​ដែល​អាច​ផលិត​ក្នុងស្រុក​បាន​ច្រើន​នោះ គឺជា​ការល្អ​ណាស់​។ ម្យ៉ាងទៀត​ការផលិត​ក្នុង​ស្រុក​ គឺ​មិន​ត្រឹមតែ​អាចបង្កើត​ការងារ​សម្រាប់​ប្រជាជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​អាច​មាន​តម្លៃ​ធូរ​ថ្លៃ​ផងដែរ​»៕ LA