ភ្នំពេញៈ ការវិនិយោគ​លើ​រោងចក្រ​វេចខ្ចប់​ផ្លែឈើ​ស្រស់​មាន​តម្លៃ​ ១០ ​លាន​ដុល្លារ ​របស់​ក្រុមហ៊ុន Hyundai Mao Legacy បាន​បើក​ដំណើរការ​ហើយ​កាលពី​ថ្ងៃ​ពុធ ដោយបាន​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​លើកដំបូង​របស់​កម្ពុជា​ទៅ​ទីផ្សារ​របស់​ប្រទេស ​កូរ៉េខាងត្បូង ខណៈ​វា​នឹង​បង្កើន​ផលិតផល​មាន​ស្លាក​​យីហោ​ផលិត​នៅ​កម្ពុជា​ទៅ​​ទីផ្សារ​ពិភពលោក​ផងដែរ​។

ក្រុមហ៊ុន Hyundai Mao Legacy ជាការ​វិនិយោគ​រវាង​ក្រុមហ៊ុន Hyundai Corporation របស់​ប្រទេស​ កូរ៉េ​ខាងត្បូង​ ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក Mao Legacy​។ ក្រុមហ៊ុន​នេះ​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១៦ និង​ដាំដុះ​ស្វាយ​លើ​ផ្ទៃដី​ទំហំ ២ ៤០០ ហិកតា​ នៅក្នុង​ខេត្តកំពង់ស្ពឺ​។


លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា​ដែល​បាន​ធ្វើជា​អធិបតី​នៅក្នុង​ការដាក់​ឲ្យ​ដំណើរការ​របស់​រោងចក្រ​នេះ​នៅ​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា រោងចក្រ​នេះ​គឺជា​ការរួមចំណែក​ផ្សេងទៀត​នៃ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​កម្ពុជា​ដែល​វា​អាច​វេចខ្ចប់​ផ្លែឈើ​ស្រស់​មានការ​គ្រប់គ្រង​គុណភាព​គោរព​តាម​ស្ដង់ដា​អន្តរជាតិ​។ លោក​បន្តថា​៖ «​រោងចក្រ​នេះ​គឺជា​ការរួមចំណែក​ក្នុង​ការលើកកម្ពស់​ផលិតផល ផលិត​នៅ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​»​។ ​


លោក​ថ្លែងថា​៖ «​រោងចក្រ​នេះ​តួនាទី​ដ៏សំខាន់​ក្នុងការ​សហការ​ជា​​ដៃគូ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម បង្កើន​ជីវភាព​រស់នៅ​នៅក្នុង​វិស័យ​កសិកម្ម ពិសេស​ដើម្បី​បង្កើន​វិស័យ​កសិឧស្សាហកម្ម​ឲ្យ​វា​កាន់តែ​មាន​ស្ដង់ដា ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​​ទីផ្សារ​អន្តរជាតិ​»​។


លោក​ ម៉ៅ គុណពិសី តំណាង​ឲ្យ​ក្រុមហ៊ុន Hyundai Mao Legacy Co.Ltd បាន​ឲ្យ​ដឹងថា ការបង្កើត​ក្រុមហ៊ុន​នេះ​កើតចេញ​ពី​ទំនាក់ទំនង​ដ៏ល្អ​រវាង​ប្រទេស​ទាំង​ ២​។ លោក​បាន​ឲ្យ​ដឹងថា រហូត​មក​ដល់​ពេលនេះ ប្រទេស​កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ជាច្រើន រួមមាន​ពោត ផ្សិត សណ្ដែកសៀង ប្រេងដូង គ្រាប់ស្វាយចន្ទី ម្រេច និង​ស្ករស ហើយ​ក៏មាន​ផលិតផល​ឧស្សាហកម្ម​ដូច​ជា​សម្លៀកបំពាក់ វាយនភណ្ឌ និង​ស្បែកជើង​ផងដែរ​។


លោក Park Heung-Kyeoug ឯកអគ្គរាជទូត​កូរ៉េ​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា ផែនការ​នេះ​បណ្ដាល​មកពី​កិច្ចសហប្រតិបត្តិការ​ដ៏ល្អ​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង​បាន​បង្កើន​ទំនុកចិត្ត​សម្រាប់​វិស័យ​ឯកជន​ប្រទេស​ទាំង​​ ២​។


លោក​បន្តថា​៖ «​វា​គឺជា​ការវិនិយោគ​រួម​រវាង​ក្រុម​វិនិយោគិន​កូរ៉េខាងត្បូង និង​ក្រុម​វិនិយោគិន​កម្ពុជា​ក្នុង​ការតភ្ជាប់​ផលិតផល​កសិកម្ម​កម្ពុជា​ជាមួយ​ទីផ្សារ​បរទេស​ផ្សេងទៀត​»​។

លោក ងិន ឆាយ អគ្គនាយក​កសិកម្ម​នៅ​ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​កម្ពុជា​អាច​ផ្ដល់​ទិន្នផល​ផ្លែស្វាយ​ប្រហែល​ ៤ ​លាន​តោន​ក្នុង​ ១ ​ឆ្នាំ លើ​ផ្ទៃដី​ដាំដុះ​​ ១០ ​ម៉ឺន​ហិកតា​។ លោក​បន្ថែមថា​កាលពី​ឆ្នាំមុន កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់ ៥៨ ១៦២ ​តោន​។ លោក​ថ្លែងថា​៖ «​តាម​ផែនការ បន្ទាប់ពី​យើង​ធ្វើការ​នាំចេញ​ជា​លើកដំបូង​ទៅ​ប្រទេស​កូរ៉េខាងត្បូង យើង​នឹង​សម្រេច​បាន​កិច្ចព្រមព្រៀង​នាំចេញ​ផ្លែស្វាយ​ទៅ​ចិន​នៅ​ឆ្នាំនេះ​ផងដែរ​»៕LA