ភ្នំពេញៈ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី (Royal Group Co.,Ltd) នឹងធ្វើ​ការវិនិយោគ​លើ​ការសាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ (SEZ) ​នៅលើ​ផ្ទៃដី​ ១ ​ម៉ឺន​ហិកតា ​ក្នុង​ឧទ្យាន​ជាតិ​បទុមសាគរ ខេត្តកោះកុង ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​នៃ​លំហូរ​វិនិយោគ​នានា​ទៅកាន់​ខេត្ត​នា​ដែនសមុទ្រ​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ​។

កាលពី​ថ្ងៃ​ចន្ទ ទី​ ២៣ ខែ វិច្ឆិកា ឆ្នាំ​ ២០២០ លោក អ៊ុក ភ័ក្ត្រា អភិបាលរង​ខេត្តកោះកុង​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​សិក្សា​លម្អិត​អំពី​ទីតាំង​ដែល​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី បាន​ស្នើសុំ​នៅក្នុង​ឧទ្យាន​ជាតិ​បទុមសាគរ​នា​ភូមិសាស្ត្រ​ឃុំ​តានូន និង​ឃុំ​ថ្មស ស្រុក​បទុមសាគរ ខេត្តកោះកុង​។


កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​បរិស្ថាន រដ្ឋបាល​ខេត្តកោះកុង អភិបាល​នៃ​គណៈអភិបាលស្រុក​បទុមសាគរ​ប្រធាន​មន្ទីរ​បរិស្ថាន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ស្រុក​បទុមសាគរ មេឃុំ​ថ្មស មេឃុំ​តានូន និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​។


បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ «​ជា​លទ្ធផល អង្គប្រជុំ​បាន​ឯកភាព និង​គាំទ្រ​ឱ្យមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅក្នុង​ឧទ្យាន​ជាតិ​បទុមសាគរ ដើម្បី​ធ្វើការ​អភិវឌ្ឍ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ដោយឡែក​ក្រុមការងារ​ស្នើ​សុំឱ្យ​បញ្ចៀស​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​ជីវចម្រុះ​ឱ្យនៅ​កម្រិត​ទាប​បំផុត​។ បន្ថែម​ពីលើ​នេះ ក្រុមការងារ​នឹង​ចុះទៅ​ពិនិត្យ​ទីតាំង​ទាំងអស់​ក្នុង​ឧទ្យាន​ជាតិ​បទុមសាគរ​ក្នុង​គោលបំណង​សិក្សា​លម្អិត​អំពី​ស្ថានភាព​ភូមិសាស្ត្រ​ឱ្យបាន​ជាក់លាក់​»​។


លោក សុខ សុទ្ធី អភិបាលរង​ខេត្តកោះកុង និង​ជា​អ្នកនាំពាក្យ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​អង្គារ​ថា ក្រុមហ៊ុន​បាន​សុំ​គោលការណ៍​ពី​រដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ដីឧទ្យាន​ជាតិ​ចំនួន​ ១ ​ម៉ឺន​ហិកតា ដោយមាន​ការសម្រេច​ពី​រាជរដ្ឋាភិបាល និង​ក្រសួងបរិស្ថាន​រួចហើយ​គឺ​អនុញ្ញាត​ឱ្យ​គាត់​ធ្វើ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​នៅ​មិនទាន់​ជ្រើសរើស​ទីតាំង​ច្បាស់លាស់​នៅឡើយ​ទេ ព្រោះ​ក្រុមហ៊ុន​ត្រូវការ​សិក្សា​លម្អិត​ជាមួយ​ក្រសួង​បរិស្ថាន​ក៏​ដូចជា​ជំនាញ​ពាក់ព័ន្ធ​។


លោក​ថ្លែងថា​៖ «​ដោយសារ​រាជរដ្ឋាភិបាល​បានសម្រេច​ជូន​ក្រុមហ៊ុន​រួច​ហើយ ដូច្នេះ​ក្រុមហ៊ុន​ត្រូវ​រក​ទីតាំង​សមស្រប​ជាមួយ​ការវិនិយោគ​របស់គាត់ ដោយ​ធ្វើយ៉ាងណា​មិន​ត្រូវ​ឱ្យ​ប៉ះពាល់​ដល់​ជម្រក​សត្វ និង​បរិស្ថាន​នានា​»​។


លោក​បន្តថា​៖ «​សម្រាប់​ជំហរ​របស់​ខេត្ត គឺ​យើង​តែងតែ​អនុវត្ត​ទៅ​តាម​សេចក្តី​សម្រេច​នានា​របស់​រដ្ឋាភិបាល ហើយ​យើង​ស្វាគមន៍​ចំពោះ​ការវិនិយោគ​នានា​មក​ខេត្ត​របស់​យើង ព្រោះ​វា​បាន​ជួយ​លើកស្ទួយ​មិន​ត្រឹមតែ​សេដ្ឋកិច្ចជាតិ​ប៉ុណ្ណោះ​ទេ តែ​ដល់​សេដ្ឋកិច្ច​ខេត្ត​ផងដែរ​»​។

លោក​បន្តថា មកទល់​ពេល​នេះ​ខេត្តកោះកុង​មាន SEZ ចំនួន​ ១ ដែល​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់​។

យោងតាម​ទិន្នន័យ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ការនាំ​ចេញ​របស់​កម្ពុជា​តាមរយៈ​តំបន់​សេដ្ឋកិច្ច​ពិសេស​កាលពី​ឆ្នាំមុន​បាន​កើនឡើង ២៧ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ តម្លៃ​សរុប​នៃ​ការនាំចេញ​របស់​កម្ពុជា​បាន​កើន​ដល់ ២,៦៨ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។ គិត​ត្រឹម​ចុង​ឆ្នាំមុន​មាន​ក្រុមហ៊ុន ៤៦៥ ប្រតិបត្តិការ​ក្នុង SEZ ទាំង​ ៥៤ របស់​កម្ពុជា​ដោយ​ផ្ដល់​ការងារ​ជាង ១០ ​ម៉ឺន​៕ LA