វ៉ាស៊ីនតោនៈ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​ចង់​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏ទូលំទូលាយ​មួយ​ជាមួយ​ចិន ខណៈ​មន្ដ្រីជាន់ខ្ពស់​អាមេរិក និង​ចិន​នឹង​ចាប់ផ្ដើម​ជាថ្មី​ការចរចា​ពាណិជ្ជកម្ម​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។

ប៉ុន្តែ​ជាមួយ​នឹង​សញ្ញា​តិចតួច​ប៉ុណ្ណោះ​ដែល​ពួកគេ​បាន​ធ្វើឲ្យ​មាន​ការរីកចម្រើន​ក្នុងការ​​តភ្ជាប់​គម្លាត ការរំពឹងទុក​បាន​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ថា ពួកគេ​អាច​នឹង​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ដែល​ដោះស្រាយ​ការបារម្ភ​ដ៏ធំ​មួយ​ចំនួន​របស់​ទីក្រុង​វ៉ាស៊ីនតោន​។


នៅពេល​សួរថា តើ​លោក​អាច​ទទួល​យក​កិច្ចព្រមព្រៀង​មួយផ្នែក​ដែរ ឬ​យ៉ាងណា​? ​លោក ត្រាំ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​៖ «​ខ្ញុំ​គិតថា​វា​មិនមែន​ជា​អ្វីដែល​យើង​ចង់បាន​ទាល់តែសោះ​។ ការចង់​បាន​របស់​ខ្ញុំ​គឺ​ទទួល​បាន​កិច្ចព្រមព្រៀង​ដ៏ធំ​មួយ​»​។ លោក​បន្ថែម​ថា​៖ «​យើង​បាន​មកដល់​ចំណុច​នេះ យើង​កំពុង​ធ្វើបាន​យ៉ាង​ល្អ​។ ខ្ញុំ​ចង់បាន​កិច្ចព្រមព្រៀង​ដ៏ធំ​មួយ ហើយ​ខ្ញុំ​គិតថា នោះ​ជា​អ្វីដែល​យើង​កំពុង​ជម្នះ​»​។


ប៉ុន្តែ​លោក​បាន​ទទួលស្គាល់​ថា​លទ្ធផល​ដែល​ចង់​បាន​របស់​លោក មិន​ប្រាកដ​នោះទេ​។ ​លោក​លើកឡើងថា​៖ «​ខ្ញុំ​គិតថា តើ​អ្វី​អាច​កើតឡើង​? តើ​នរណា​អាច​ដឹង​? ប៉ុន្តែ​ខ្ញុំ​គិតថា វា​មិន​ទំនង​នឹង​កើតឡើង​នោះទេ​»​។


បណ្តាញ​ព័ត៌មាន​រដ្ឋ​ចិន​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ថា ខណៈ​នៅ​សល់​ពេល​ ៨ ​ថ្ងៃ​ទៀត​ដែល​ជុំ​ចុង​បន្ទាប់​នៃ​ពន្ធ​នាំចូល​នឹង​ចាប់ផ្ដើម​លោក Liu He បេសកជន​ពិសេស​ផ្នែក​ពាណិជ្ជកម្ម​របស់​ទីក្រុង​ប៉េកាំង​នឹង​ជួប​លោក Robert Lighthizer តំណាង​ពាណិជ្ជកម្ម និង​លោក Steven Mnuchin រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​។


ក្រុម​គណៈប្រតិភូ​កម្រិត​ខ្ពស់​ចិន​រួមមាន​លោក Zhong Shan រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម លោក Yi Gang ប្រធាន​ធនាគារកណ្ដាល និង​លោក Wang Zhijun អនុរដ្ឋមន្ដ្រី​ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មានវិទ្យា​។


លោក Han Jun អនុរដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ក៏​ត្រូវ​បាន​បញ្ចូល​ទៅក្នុង​ក្រុម​ចរចា​នេះ​ផង​ដែរ បន្ទាប់ពី​ប្រទេស​ចិន​កាលពី​ខែ​មុន​បាន​ប្រកាស​ថា ខ្លួន​បានចាប់ផ្ដើម​ទិញ​សណ្ដែកសៀង និង​សាច់ជ្រូក​អាមេរិក​។

ប៉ុន្តែ​ការចរចា​ធ្វើឡើង​ចំពេល​ការកើនឡើង​ភាពតានតឹង​រវាង​ប្រទេស​ទាំង​ ២ បន្ទាប់ពី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ​បាន​ដាក់​ក្រុមហ៊ុន​ចិន​ ២៨ ​ក្នុង​បញ្ជីខ្មៅ​ដោយ​អះអាង​ថា​ក្រុមហ៊ុន​ទាំងនោះ​បាន​ជាប់ទាក់ទង​នឹង​ការរំលោភ​សិទ្ធិ និង​ការរំលោភ​លើ​ជនជាតិ​ភាគតិច Uighurs និង​ក្រុម​ជនជាតិ​ភាគតិច​មូស្លីម​ភាគច្រើន​ផ្សេងទៀត​នៅ​តំបន់ Xinjiang ។

វិធានការ​ដែល​រារាំង​ក្រុមហ៊ុន​ទាំងនោះ​មិន​ឲ្យ​ទិញ​ផលិតផល​អាមេរិក​បាន​ធ្វើ​ឡើង​រយៈពេល​ជាច្រើន​ខែ បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន​បាន​ហាមឃាត់ Huawei ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​របស់​ប្រទេស​ចិន និង​ក្រុមហ៊ុន​ចិន​ជាច្រើន​ផ្សេង​ទៀត​ពី​កិច្ចព្រមព្រៀង​របស់​រដ្ឋាភិបាល ដោយសារ​តែ​ការរំលោភ​លើ​ការដាក់​ទណ្ឌកម្ម​របស់​ប្រទេស​អ៊ីរ៉ង់​។

សេចក្ដីប្រកាស​របស់​សេតវិមាន​បាន​ឲ្យ​ដឹងថា ការពិភាក្សា​នេះ​នឹង​ផ្ដោតលើ​វិស័យ​ជាច្រើន​ដែល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ធ្វើការ​ទាមទារ​ដ៏ទូលំទូលាយ​ចាប់តាំងពី​ឆ្នាំមុន​គឺ​កម្មសិទ្ធិបញ្ញា ការផ្ទេរ​បច្ចេកវិទ្យា​ជា​កម្មសិទ្ធិ​ដោយ​បង្ខំ កសិកម្ម និង​ការអនុវត្ត​ច្បាប់​។

ជុំ​បន្ទាប់​នៃ​ការបង្កើន​ពន្ធ​នាំចូល​អាមេរិក​គ្រោង​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ថ្ងៃទី​ ១៥ ខែ​តុលា ខណៈ​តម្លៃ​ពន្ធ​អាមេរិក​លើ​ទំនិញ​ចិន​មាន​តម្លៃ​ ២៥០ ​ពាន់​លាន​ដុល្លារ​កើនឡើង​ដល់​ ៣០ ​ភាគរយ​។

លោក ត្រាំ បាន​បញ្ជាក់ថា សេដ្ឋកិច្ច​ដែល​ចុះខ្សោយ​របស់​ប្រទេស​ចិន​បានដាក់​ទីក្រុង​ប៉េកាំង​ស្ថិតក្រោម​សម្ពាធ​ក្នុង​ការធ្វើឲ្យ​មាន​កិច្ចព្រមព្រៀង​មួយ​៕ LA