ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន នឹង​ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ដើម្បី​ទៅ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន​ ( FTA) នៅ​ខែ​សីហា​ខាងមុខ ខណៈ​កិច្ចព្រមព្រៀង​ថ្មី​នេះ​គឺជា​ការបើក​ទំព័រ​ថ្មី​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការធ្វើ​ពិពិធកម្ម​ទីផ្សារ​ទៅកាន់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ​ទី​ ២ លើ​ពិភពលោក និង​លេខ​ ១ ​នៅ​តំបន់​អាស៊ី​។

កាលពី​ដើម​ខែ​មិថុនា ក្រុមការងារ​បច្ចេកទេស​ប្រទេស​ទាំង​ ២ ​បាន​បញ្ចប់​ជុំ​ទី​ ៣ នៃ​ការចរចា FTA ដោយបាន​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ក្នុង​អត្ថបទ​កិច្ចព្រមព្រៀង​នេះ និង​បាន​យល់ព្រម​ជា​គោលការណ៍​ពី​លទ្ធភាព​ចូល​ទីផ្សារ​របស់​ទំនិញ និង​សេវាកម្ម​ផ្សេងៗ​​រួចរាល់​អស់ហើយ​។


ប្រសិន​បើ​មេដឹកនាំ​របស់​ប្រទេស​ទាំងពីរ​យល់ព្រម​លើ​ខ្លឹមសារ​នៃ​អត្ថបទ​កិច្ចព្រមព្រៀង នោះ​លទ្ធភាព​នៃ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ក្នុង​អត្រា​ជា​មធ្យម ២០ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​។


ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា​៖ «​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ក៏​ត្រូវ​បាន​រំពឹង​ថា នឹង​កើនឡើង​ខ្លាំង​ផងដែរ ហើយ​កិច្ចព្រមព្រៀង​នេះ​នឹង​ក្លាយ​ទៅ​ជា​ប្រភព​ដ៏សំខាន់​មួយ​នៃ​ប្រាក់ចំណូល និង​ការងារ​សម្រាប់​ប្រជាជន​កម្ពុជា​»​។


លោក វង្ស៊ី វិសុទ្ធ រដ្ឋលេខាធិការ​ប្រចាំការ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ក្រសួង​សេដ្ឋកិច្ច​កាលពី​ថ្ងៃ​ពុធ​ថា ការចរចា FTA នឹងត្រូវ​បញ្ចប់​ក្នុង​រយៈពេល​ឆាប់ៗ​ខាងមុខនេះ​។ លោក​បាន​បន្ថែមថា លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន រួម​ជាមួយ​នឹង​មេដឹកនាំ​របស់​ប្រទេស​ចិន​នឹង​ចូលរួម​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។


លោក​បាន​ថ្លែងថា​៖ «​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ ២ នឹង​ប្រកាស​ការបញ្ចប់​លទ្ធផល​ការចរចា​ស្ដីពី FTA»​។ លោក​បាន​បញ្ជាក់ថា​៖ «​សម្តេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន គ្រោង​នឹង​ទៅ​ទីក្រុង​ប៉េកាំង​នៅមុន​ថ្ងៃទី​ ១២ ខែសីហា ដើម្បី​ធ្វើ​ជា​សាក្សី​លើ​ការចុះ​ហត្ថលេខា​លើ FTA រវាង​ប្រទេស​កម្ពុជា និង​ចិន​។ ដូច្នេះ​សម្តេចនាយករដ្ឋមន្ដ្រី​របស់​យើង​នឹង​ទៅ​ទីនោះ​ដោយផ្ទាល់​»​។


លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន​ផ្ដល់​សេវា Cambodia Investment Management Co Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ខែ​មុន​ថា ការចុះ​កិច្ចព្រមព្រៀង​ទ្វេភាគី​នេះ គឺជា​ឱកាស​ដ៏ល្អ​សម្រាប់​ប្រទេស​កម្ពុជា ហើយ​កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ពិពិធកម្ម​លើ​សេដ្ឋកិច្ច​នាំចេញ​របស់ខ្លួន ដោយ​វា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ក្នុង​ការជំរុញ​ការធ្វើ​ពាណិជ្ជកម្ម ក៏ដូចជា​ទទួល​បាន​ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ​របស់​ប្រទេស​ចិន​ផងដែរ ជាពិសេស​លើ​គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សេវា​ហិរញ្ញវត្ថុ ផលិតកម្ម និង​ការលក់រាយ ជាដើម​។

លោក​លើកឡើង​ថា​៖ «​ភាពទាក់ទាញ​របស់ FTA សម្រាប់​ប្រទេស​ចិន​គឺជា​ការវិនិយោគ​កាន់តែ​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ជាជាង​ការនាំចេញ​ទំនិញ និង​សេវា​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ចិន​»​។

ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី FTA នេះ​ត្រូវ​បាន​រំពឹងថា នឹង​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ដល់ ១០ ​ពាន់​លាន ដុល្លារ​ត្រឹម​ឆ្នាំ​ ២០២៣​។ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ចិន បាន​កើនឡើង​ដល់ ៧,៤ ​ពាន់​លាន​ដុល្លារ​​ កាលពី​ឆ្នាំ​ ២០១៨ កើនឡើង​ ២២ ​ភាគរយ បើ​ធៀប​ទៅ​នឹង​ ៦,០៤ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៧៕ LA