ភ្នំពេញៈ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃអង្គារបានអំពាវនាវឲ្យប្រជាកសិករត្រូវបង្កើនការបង្កបង្កើនផលដើម្បីចាប់យកឱកាសបង្កើនការផលិត ខណៈដែលតម្រូវការក្នុងស្រុកកំពុងកើនឡើង។
ការអំពាវនាវនេះបានធ្វើឡើងក្នុងអំឡុងសន្និសីទព័ត៌មានស្ដីពីកូវីដ១៩ ដែលរៀបចំឡើងនៅវិមានសន្ដិភាពកាលពីថ្ងៃអង្គារ ដោយលោកលើកឡើងថា ទន្ទឹមនឹងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់រួមទាំងប្រទេសកម្ពុជាផងមានការធ្លាក់ចុះភាគច្រើនទៅលើវិស័យសេវា និងឧស្សាហកម្មនោះ ពេលនេះជាឱកាសដ៏ល្អសម្រាប់វិស័យកសិកម្មក្នុងការបង្កើនការផលិត។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកាលពីចុងខែមីនា និងដើមខែមេសានេះបានប្រកាសហាមឃាត់ការនាំចេញស្រូវ អង្ករស និងផលិតផលនេសាទ ដើម្បីធានាដល់ការផ្គត់ផ្គង់នៅក្នុងស្រុកនាអំឡុងការរីករាលដាលជំងឺនេះ។
លោកថ្លែងថា៖ «ខ្ញុំអំពាវនាវឲ្យប្រជាជនត្រូវបង្កើនការធ្វើកសិកម្ម បន្លែ និងដំណាំកសិកម្មផ្សេងទៀតរួមទាំងការចិញ្ចឹមសត្វ និងត្រីដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុកនាអំឡុងពេលដ៏ពិបាកនេះ។ ខ្ញុំគិតថា ប្រជាជនរបស់យើងអាចមានលទ្ធភាពក្នុងការផលិតវាបាន»។
លោកបន្តថា៖ «ពិតហើយ វិស័យទេសចរណ៍ និងកាត់ដេរកំពុងរងផលប៉ះពាល់ ប៉ុន្តែវាមិនប៉ះពាល់លើវិស័យកសិកម្មទេ។ ផ្ទុយទៅវិញ វាជាឱកាសដ៏មានតម្លៃសម្រាប់វិស័យកសិកម្ម ដើម្បីបង្កើនការផលិត ដូច្នេះទាមទារឲ្យប្រជាជនយើងធ្វើកសិកម្ម និងបង្កើនស្បៀងអាហារ បន្លែ និងសាច់ ដើម្បីឆ្លើយតបនឹងតម្រូវការ»។
លោកក៏បានជំរុញឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីពាក់ព័ន្ធត្រូវដឹកនាំ និងបណ្ដុះបណ្ដាលប្រជាជនឲ្យធ្វើកសិកម្ម ចិញ្ចឹមសត្វ និងដាំបន្លែដែលមានតម្រូវការទីផ្សារខ្ពស់។
លោកបានលើកឡើងថា៖ «យើងត្រូវតែប្រែក្លាយពេលវេលាដ៏ពិបាកនេះទៅជាឱកាសដើម្បីលើកកម្ពស់ផលិតភាពក្នុងវិស័យកសិកម្មដែលមានដំណើរការយឺតយ៉ាវពីមុន។ កាលពីពេលកន្លងមក កំណើនវិស័យសេវាកម្ម និងឧស្សាហកម្មបានកើនឡើងខ្ពស់បំផុត ប៉ុន្តែកសិកម្មមានភាពយឺតយ៉ាវខ្លាំងបំផុត។ នៅក្នុងពេលអនាគតដ៏ខ្លី វិស័យកសិកម្មនឹងកើនឡើងខ្លាំង ដោយសារយើងបានមើលឃើញឱកាសចាប់ពីពេលនេះ»។
លោក ឃី កុសល អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងកាលពីមុនថា នៅក្នុងវិស័យកសិកម្មកម្ពុជាប្រព័ន្ធទឹកមានសារៈសំខាន់ណាស់ ដូច្នេះត្រូវការការវិនិយោគកាន់តែខ្ពស់។
លោកថ្លែងថា៖ «បើនៅពេលអនាគតរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិចារណាការកែតម្រូវការវិនិយោគសាធារណៈ និងពង្រីកវាទៅដល់ធនធានទឹក កសិករនឹងទទួលបានលទ្ធភាពកាន់តែច្រើនក្នុងការទទួលបានហិរញ្ញប្បទាន»។
យោងតាមក្រសួងកសិកម្មប្រជាជនកម្ពុជាប្រហែល ៧៨ ភាគរយរស់នៅជនបទ និងពឹងផ្អែកលើវិស័យកសិកម្មដែលបង្កើត ១ ភាគ ៣ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា និងផ្ដល់ការងារ ៤០ ភាគរយនៃកម្លាំងពលកម្មសរុប៕ LA