ក្រុងប៉ារីសៈ លោក Carlos Ghosn សេដ្ឋីក្នុងវិស័យរថយន្ត ដែលបច្ចុប្បន្នស្ថិតក្រោមការឃុំខ្លួននៅក្នុងផ្ទះនាទីក្រុងតូក្យូ កំពុងដាក់ពាក្យប្តឹងក្រុមហ៊ុន Nissan និងក្រុមហ៊ុន Mitsubishi នៅតុលាការក្នុងប្រទេស ហូឡង់ ពីបទ «បញ្ចប់កិច្ចសន្យាការងារមិនសមស្រប»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែតបារាំង Le Figaro កាលពីថ្ងៃពុធ។
កាសែតនេះបានរាយការណ៍ថា លោក Ghosn បានចោទប្រកាន់ក្រុមហ៊ុនផលិតរថយន្តជប៉ុនទាំង ២ នេះ ពីបទរំលោភលើកិច្ចសន្យាការងាររបស់លោកក្នុងនាមជានិយោជិតម្នាក់របស់ក្រុមហ៊ុន NMBV ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរួមគ្នារបស់ក្រុមហ៊ុនទាំង ២ នេះ ដែលមានមូលដ្ឋាននៅប្រទេស ហូឡង់ ហើយលោកកំពុងទាមទារសំណង ១៥ លានអឺរ៉ូ (១៦,៨ លានដុល្លារ) ដែលជាថ្នូរនឹងការខូចខាត។
អតីតប្រធានក្រុមហ៊ុនផលិតរថយន្ត Renault និងក្រុមហ៊ុនផលិតរថយន្តជប៉ុនដែលជាដៃគូនឹងគ្នានេះ កំពុងរង់ចាំការជំនុំជម្រះក្តីក្នុងតុលាការនៅប្រទេស ជប៉ុន ក្នុងករណីប្រព្រឹត្តកំហុសផ្នែកហិរញ្ញវត្ថុ។
លោកបានជាប់ឃុំឃាំងក្នុងពន្ធនាគារអស់រយៈពេលជាង ១០០ ថ្ងៃ មុនពេលត្រូវបានផ្តល់សិទ្ធិឲ្យបង់ប្រាក់នៅក្រៅឃុំបណ្តោះអាសន្ន និងត្រូវបានបណ្តេញចេញពីតួនាទីគ្រប់គ្រប់ទាំងអស់របស់លោក។
លោក Ghosn ត្រូវបានចោទប្រកាន់ពីបទរាយការណ៍មិនត្រឹមត្រូវនូវប្រាក់ចំណូលប្រចាំខែរបស់លោកដែលមានទឹកប្រាក់រាប់លានដុល្លារ ដែលទទួលបានពីក្រុមហ៊ុន Nissan និងពីបទប្រើប្រាស់មូលនិធិរបស់ក្រុមហ៊ុនសម្រាប់ការចំណាយផ្ទាល់ខ្លួន ពោលគឺជាការចោទប្រកាន់ដែលលោកបានបដិសេធ។
កាសែត Le Figaro បានរាយការណ៍ថា មេធាវីរបស់លោកបានលើកឡើងថា ខណៈដែលលោក Ghosn បានលាលែងតំណែងពីក្រុមហ៊ុន Renault-Nissan BV (RNBV) មែនក្តី តែលោកមិនបានលាលែងតំណែងពីក្រុមហ៊ុន NMBV នោះទេ ហើយ «ការរំលោភលើកិច្ចសន្យាការងារ» មិនយុត្តិធម៌ឡើយ។
កាសែតប្រចាំថ្ងៃនេះបានឲ្យដឹងទៀតថា ក្រុមហ៊ុន Nissan និងក្រុមហ៊ុន Mitsubishi លើកឡើងថា កិច្ចសន្យាការងាររបស់លោក Ghosn មិនមានសុពលភាពនោះទេ ដោយសារកិច្ចសន្យានេះនឹងមិនត្រូវបានបញ្ជូនទៅកាន់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន NMBV នោះទេ។
ក្រុមហ៊ុន NMBV បានអរគុណលោក Ghosn បន្ទាប់ពីកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាភិបាលនៅថ្ងៃទី ១២ ខែ មីនា ពោលគឺនៅថ្ងៃតែមួយដែលកិច្ចសន្យាការងារនេះត្រូវបានរំលាយចោល។
អ្នកនាំពាក្យរបស់លោក Ghosn និងមេធាវីរបស់លោក បានបដិសេធអត្ថាធិប្បាយនៅពេលទីភ្នាក់ងារព័ត៌មាន AFP ទាក់ទងទៅ៕ AFP/KC