ភ្នំពេញៈ ក្រុមហ៊ុន​មក​ពី​ប្រទេស ​កូរ៉េ​ខាង​ត្បូង ​ចំនួន​ ២៣ បាន​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​​នៅ​អំឡុង​ពេល​នៃ​ការ​​ដំណើរ​ទស្សនកិច្ច​របស់​លោក​​​ប្រធានាធិបតី​កូរ៉េ​នៅ​កម្ពុជា​កាល​ពី​ចុង​សប្តាហ៍​មុន​។​

ក្រោម​កិច្ច​សហការ​ជា​មួយ​ក្រសួង​ពាណិជ្ជកម្ម​ ឧស្សហកម្ម ​និង​ថាមពល​​របស់​ប្រទេស ​កូរ៉េ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កូរ៉េ​នៅ​ភ្នំពេញ (Kotra)​ បាន​រៀបចំ​ជំនួប​ពាណិជ្ជកម្ម​មួយ ​រវាង​វិនិយោគិន​កូរ៉េ​ជា​មួយ​នឹង​វិនិយោគិន​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី ​១៥ ខែ ​មីនា ​​​នៅ​សណ្ឋាគារ​ភ្នំពេញ​។​


លោក​ Kim Dohyun អ្នក​គ្រប់គ្រង​មជ្ឈមណ្ឌល​ Kotra​ បាន​​ឲ្យ​ដឹង​ថា​ជំនួប​ដែល​មាន​ការ​​ចូល​​រួម​ពី​វិនិយោគិន​​​មក​ពី​ប្រទេស ​កូរ៉េ ​ចំនួន ២៣ ​ក្រុមហ៊ុន​​ជា​មួយ​​វិនិយោគិន​ខ្មែរ​ប្រមាណ​ ៨០ ​​​ក្រុមហ៊ុន​នេះ គឺ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ព្រោះ​ពួក​គេ​អាច​មាន​ឱកាស​បាន​សិក្សា​ស្វែង​យល់​ពី​គ្នា​ដើម្បី​ឈាន​ទៅ​ចាប់​ដៃ​គូ​វិនិយោគ​ជា​មួយ​គ្នា​​។


លោក​ថ្លែង​ថា៖ ​«កម្ពុជា​ជា​ទីផ្សារ​ដែល​មាន​សក្តានុពល​ខ្លាំង​សម្រាប់​វិនិយោគិន​កូរ៉េ ជា​ពិសេស​ទៅ​លើ​វិស័យ​មួយ​ចំនួន​ដូច​ជា​កសិកម្ម​ កសិ​ឧស្សាហកម្ម និង​វាយនភណ្ឌ​»​។​


ក្រុមហ៊ុន​កូរ៉េ​ ដែល​បាន​​ចូលរួម​​​ក្នុង​ជំនួប​ពាណិជ្ជកម្ម​នេះ ​មាន​​ដូច​ជា​វិស័យ​សំណង់​ ថ្នាំពេទ្យ ​សម្អាងការ គ្រឿង​ចក្រ​ម្ហូប​​អាហារ ​និង​ភេសជ្ជៈ​ជា​ដើម​។​


លោក ​Yunjeong Bong ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​អ៊ីនធឺណិត Sein Systems បាន​ឲ្យ​ដឹង​ថា​​ កម្ពុជា​ជា​ទីផ្សារ​ដែល​​មាន​កំណើន​នៃ​ការ​ប្រើប្រាស់​សេវាកម្ម​​​អ៊ីនធឺណិត​ខ្ពស់ ដូច្នេះ​តម្រូវ​ការ​ឧបករណ៍​សម្រាប់​បម្រើ​​ដល់​សេវាកម្ម​អ៊ីនធឺណិត​ កំពុង​មាន​តម្រូវ​​ការ​យ៉ាង​ច្រើន​។


បច្ចុប្បន្ន​នេះ​ ​ទំនិញ​ដែល​កម្ពុជា​នាំ​​​ទៅ​​ប្រទេស ​កូរ៉េ​ខាង​ត្បូង ​មាន​ដូច​ជា​ សម្លៀក​បំពាក់​ គ្រឿង​ផ្គុំ​អេឡិចត្រូនិក ​ស្បែក​ជើង ​កាបូប​ កៅស៊ូ និង​ឱសថ ចំណែក​​ទំនិញ​ដែល​កម្ពុជា​នាំចូល​ពី​ប្រទេស ​កូរ៉េ​ ភាគ​ច្រើន​​ជា​ក្រណាត់​ត្បាញ​ រថយន្ត​​ដឹក​ទំនិញ ​ភេសជ្ជៈ​ គ្រឿង​អេឡិចត្រូនិក គ្រឿង​ម៉ាស៊ីន​ វត្ថុ​តុបតែង​​លម្អ​ផ្ទះ ​​និង​ផលិតផល​ប្លាស្ទិក​។​​

ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ រវាង​កម្ពុជា និង​កូរ៉េ ​ឆ្នាំ​២០១៨ ​មាន​តម្លៃ​ ៩៧៥ ​លាន​ដុល្លារ កើន​ឡើង ​១១ ​ភាគរយ​ បើ​ប្រៀប​​ធៀប​នឹង​ឆ្នាំ ​២០១៧​។

ទិន្នន័យ​របស់​ ​Korea Eximbank​ បាន​ឲ្យ​ដឹង​ថា ក្នុង​​ចំណោម​ការ​វិនិយោគ​ធំៗ​របស់​​​កូរ៉េ​ខាង​ត្បូង​នៅ​កម្ពុជា​ រួម​​មាន​វិស័យ​អចលន​ទ្រព្យ​ ២៩ ​​ភាគរយ ធនាគារ​ និង​ហិរញ្ញវត្ថុ ​២១​​ភាគរយ ​សំណង់ ១៨ ​ភាគរយ ​រោងចក្រ​ ​១៥ ​ភាគរយ និង​កសិកម្ម​ ៤ ​ភាគរយ​៕​LA