ភ្នំពេញ: កម្ពុជានឹងមានរោងចក្រផលិតស្រាបៀរថ្មីមួយទៀតក្នុងខេត្តកណ្តាល ក្រោមទុនវិនិយោគជាង ១៦០ លានដុល្លារ ដែលរោងចក្រថ្មីនេះនឹងជួយបំពេញតម្រូវការក្នុងស្រុក និងការនាំចេញទៅទីផ្សារអន្តរជាតិ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីសប្តាហ៍មុនបានសម្រេចអនុម័តលើគម្រោងសាងសង់រោងចក្រផលិតស្រាបៀរ និងភេសជ្ជៈមួយដែលស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ គម្រោងដែលមានទុនវិនិយោគ ១៦០,៦ លានដុល្លារ និងអាចបង្កើតការងារបាន ១ ៥៤៥ កន្លែងនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន Hanuman Beverages Co., Ltd។
លោក អ៊ុំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា ក្រសួងស្វាគមន៍គម្រោងវិនិយោគលើរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈនេះ។ លោកបន្តថា គម្រោងបង្កើតរោងចក្រនេះនឹងជួយបំពេញតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញផងដែរ។
លោកថ្លែងថា៖ «ចំពោះខ្ញុំក៏ដូចជាក្រសួងតែងតែស្វាគមន៍រាល់គម្រោងដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេច ហើយយើងតែងគាំទ្រដល់ការបង្កើតរោងចក្រថ្មីៗបន្ថែម ព្រោះការបង្កើតរោងចក្រនឹងជួយបង្កើនមុខរបរ និងការងារទាំងផ្ទាល់ និងប្រយោលដល់ប្រជាពលរដ្ឋខ្មែរ»។
លោកបន្តថា រដ្ឋាភិបាលកម្ពុជាកំពុងខិតខំប្រឹងប្រែងក្នុងការទាក់ទាញវិនិយោគិននៅក្នុងស្រុក និងបរទេស និងលើកទឹកចិត្តចំពោះការវិនិយោគលើគម្រោងបង្កើតរោងចក្រផលិត និងកែច្នៃម្ហូបអាហារ និងភេសជ្ជៈគ្រប់ប្រភេទ ដើម្បីកាត់បន្ថយការនាំចូលមកកម្ពុជា។
លោកបានបញ្ជាក់ថា៖ «ជាការពិតផលិតផលស្រាបៀរមិនមែនជាផលិតផលចាំបាច់នោះទេ ប៉ុន្តែប្រសិនបើជាតម្រូវការទាំងទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញនៅតែមាន និងអាចធ្វើការប្រកួតប្រជែងបាន កម្ពុជាគួរតែអនុញ្ញាតឲ្យមានការបង្កើតរោងចក្រប្រភេទនេះតាមលទ្ធភាពនៃការវិនិយោគជាក់ស្តែង»។
លោកបន្ថែមថា បច្ចុប្បន្នក្រៅពីស្រាបៀរកម្ពុជាក៏មានផលិតភេសជ្ជៈផ្សេងទៀតដែលមិនមែនគ្រឿងស្រវឹងដែរ ដើម្បីជំនួសឲ្យការនាំចូលដូចជាទឹកក្រូច ទឹកផ្លែឈើ ទឹកបរិសុទ្ធជាដើម។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបាននិយាយថា ជាទូទៅក្រុមហ៊ុនដែលទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានរយៈពេល ១ ឆ្នាំសម្រាប់អភិវឌ្ឍន៍គម្រោងរបស់ខ្លួន ប្រសិនបើខកខានក្នុងរយៈពេលកំណត់នេះក្រុមហ៊ុនត្រូវដាក់ស្នើសុំអនុម័តជាថ្មីទៀត។
លោកថ្លែងថា៖ «ខ្ញុំយល់ថា ការវិនិយោគលើគម្រោងរោងចក្រផលិតស្រាបៀរនេះមកពីក្រុមហ៊ុនមើលពីតម្រូវការខ្ពស់នៅស្រុកយើង ព្រមទាំងផលិតសម្រាប់នាំចេញ»។
យោងតាមរបាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលផ្តល់ឲ្យភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃចន្ទ បច្ចុប្បន្នក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដែលចុះបញ្ជីនៅក្រសួងមានចំនួន ១០ គឺក្រុមហ៊ុន Ana Water and Smiler Beverage Co.,Ltd ក្រុមហ៊ុន Asian Sunrise Co.,Ltd ក្រុមហ៊ុន Cambodia Brewery Ltd (CBL) ក្រុមហ៊ុន Cambrew Ltd ក្រុមហ៊ុន Daun Penh Food & Beverage Co., Ltd ក្រុមហ៊ុន Khmer Beverage Co.,Ltd ក្រុមហ៊ុន Far East Import Export Co.,Ltd ក្រុមហ៊ុន Kingdom Breweries (Cambodia) Limited ក្រុមហ៊ុន Media G.B Enterprise Co., Ltd និងក្រុមហ៊ុន Phnom Penh Beer Co., Ltd៕ LA