ភ្នំពេញៈ ​ការ​បើក​ដំណើរការ​របស់​ធនាគារ ​MGN ​Emperor ​Bank ​កាល​ពី​សប្តាហ៍​មុន ​បង្ហាញ​​ពី​ការ​រីក​ចម្រើន​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា ប៉ុន្តែ​វា​ក៏​បង្ហាញ​ពី​ការ​ប្រកួត​ប្រជែង​កាន់​តែ​​ខ្លាំង​នៅ​ក្នុង​​ទីផ្សារ​ដ៏​​តូច​ចង្អៀត​ ដែល​អាច​នឹង​នាំ​ទៅ​រក​ការ​​ច្របាច់​បញ្ចូល​គ្នា​នៅ​ពេល​អនាគត​ ផង​ដែរ។​ ​នេះ​បើ​តាម​អ្នក​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។

​លោក ​អ៊ិន ​ចាន់នី​ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ ដែល​ជា​ធនាគារ​ក្នុង​ស្រុក​ឈាន​មុខ​គេ​​នៅ​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា ​វិស័យ​នេះ​នឹង​ប្រឈម​ការ​ប្រកួត​ប្រជែង​ខ្លាំង​ជាង​មុន​ ព្រោះ​ទីផ្សារ​ប្រើប្រាស់​​ឥណទាន​អាច​នឹង​រួញ​តូច​។ ​ លោក​បាន​ថ្លែង​ថា៖ «​ចំពោះ​ធនាគារ​​ដូច​ផ្លែ​ក្រូច​មួយ​ផ្លែ​អ៊ីចឹង ពី​មុន ​[យើង​]​ ពុះ​វា​​ជា ​៨ ចំណែក ប៉ុន្តែ​ឥឡូវ​​​ត្រូវ​ពុះ​ជា ​១០ ​មាន​ន័យ​ថា ​ចំណែក​​ទីផ្សារ​​កាន់​តែ​តូច​សម្រាប់​​ធនាគារ​នីមួយៗ»។​​


លោក​បន្ត​ថា ​ការ​បង្កើត​ផលិតផល​ថ្មី​ នឹង​ជួយ​ឲ្យ​​ប្រតិបត្តិករ​រក្សា​​បាន​ភាព​ប្រកួត​ប្រជែង​របស់​​ពួក​គេ។​ លោក​ថ្លែង​ថា៖​ «យើង​ចង់​មាន​ន័យ​ថា ​ចំនួន​អតិថិជន​នៅ​ដដែល ​តែ​ចំនួន​ធនាគារ​កើន ​បើ​យើង​ចង់​បាន​តម្លៃ​សេវា​​ដដែល ​ការ​ប្រាក់​លើ​ប្រាក់​បញ្ញើ​សន្សំ​ដដែល​ទាល់​តែ​​​យើង​មាន​អ្វី​ល្អៗ​ឲ្យ​អតិថិជន»​។


គិត​មក​ដល់​ពេល​នេះ​​ចំនួន​ធនាគារ​ពាណិជ្ជ​នៅ​កម្ពុជា​កើន​​ដល់ ​៤៥។ ​ទោះបី​យ៉ាង​នេះ​ក្តី ​លោក ​អ៊ិន ​ចាន់នី អះអាង​ថា ​​វា​​ជា​ជម្រើស​កាន់​តែ​ប្រសើរ​សម្រាប់​អ្នក​ប្រើប្រាស់ ​ខណៈ​​ប្រតិបតិករ​​កំពុង​ផ្តោត​លើ​សេវា​ឌីជីថល​ ដែល​កំពុង​កើន​ឡើង​របស់​ពិភព​លោក​។ លោក​ថ្លែង​ថា៖​ «ធនាគារ ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​បង្កើត​ឡើង​ច្រើន​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់​​ឥណទាន​សម្រាប់​​ការ​វិនិយោគ​ ឬ​ពង្រីក​អាជីវកម្ម»។​


លោក​បន្ត​ថា​៖«អ្នក​ប្រើប្រាស់​ឥណទាន​កាន់​តែ​សប្បាយ​ចិត្ត ​មាន​ធនាគារ​ច្រើន ​អ្នក​លក់​​ច្រើន ​គេ​ហៅ​ថា​ កម្រៃ​សេវា​របស់​ធនាគារ​ផ្សេងៗ​វា​ធូរ​ថ្លៃ​ អត្រា​ការ​ប្រាក់​​វា​ក៏​សមរម្យ​ដែរ​»​​។


ក្នុង​រយៈពេល ​៦ ​ខែ​ ឆ្នាំ ​២០១៩ ​​នេះ​ ធនាគារ​អេស៊ីលីដា​ផ្តល់​ឥណទាន​សម្រាប់​កម្ចី​​បង្កើត​មុខ​របរ ឬ​កម្ចី​ពង្រីក​អាជីវកម្ម​មាន​ចំនួន ​៩០ ភាគរយ ហើយ​គិត​​ត្រឹម​រយៈពេល ​៦ ខែ ​ឆ្នាំ ​២០១៩​ ​អេស៊ីលីដា​​​បាន​ផ្តល់​កម្ចី​សរុប​ ​៣,៥ ពាន់​​លាន​ដុល្លារ​​ទៅ​ឲ្យ​​អតិថិជន ​៤០ ​ម៉ឺន​នាក់​។


របាយ​ការណ៍​ធនាគារ​ជាតិ ​(NBC)​ បង្ហាញ​ថា ​ធនាគារ​ពាណិជ្ជ​នៅ​កម្ពុជា​មាន​ចំនួន​សរុប ​៤៥​ ធនាគារ​ឯកទេស​មាន​ ​១៤​ គ្រឹះស្ថាន ​មីក្រូហិរញ្ញវត្ថុ​មាន​ចំនួន ​៨១ ក្នុង​នោះ​​មីក្រូហិញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​មាន​ចំនួន ​៧​។​

លោក​ ប៊ុន​ មុនី ​អនុប្រធាន​ក្រុម​ប្រឹក្សាភិបាល​សមាគ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ «វិថី» បាន​ឲ្យ​ដឹង​ថា ​ធនាគារ ​និង​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ច្រើន​នឹង​ក្លាយ​ជា​ប្រភព​ទុន​របស់​ប្រជាពលរដ្ឋ​សម្រាប់​​បើក​អាជីវកម្ម ​សម្រាប់​អភិវឌ្ឍ​​សេដ្ឋកិច្ច​គ្រួសារ ​ហើយ​ក៏​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ផង​​ដែរ។

ប៉ុន្តែ​លោក​ យល់​ថា ​ប្រតិបត្តិករ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អាច​ប្រឈម​នឹង​បាត់បង់​ទីផ្សារ ​ដោយសារ​តែ​មិន​អាច​​ប្រកួត​ប្រជែង​ជាមួយ​ធនាគារ​ធំៗ​បាន​។ ​លោក​ថ្លែង​​ថា៖ «​គ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ​តូចៗ​មិន​សូវ​មាន​ទីផ្សារ អាច​ប្រឈម​​នឹង​ការ​​បិទទ្វារ ​ការ​ប្រកួត​ប្រជែង​​ខ្លាំង​​​​ធនាគារ​ធំ​កំពុង​​កៀរ​យក​អតិថិជន​​ពី​មីក្រូហិរញ្ញវត្ថុ​​តាមរយៈ​​ការ​ផ្តល់​​កម្ចី​តូចៗ​»។

ធនាគារ​ជាតិ​នៃ​កម្ពុជា​បង្កើន​ទុន​បម្រុង​អប្បបរមា​សម្រាប់​ធនាគារ ​៣ ដង ​សម្រាប់​ធនាគារ​ពាណិជ្ជ ​ពី ​៣៧,៥ ​​លាន​ដុល្លារ ​ដល់​ ​៧៥ ​លាន​ដុល្លារ ​ធនាគារ​ឯកទេស​បង្កើន​ពី ​៧,៥ ​លាន​ ដល់​ ​២៥ ​លាន​ដុល្លារ ​ខណៈ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី ​២,៥ ​លាន​ដល់ ​៣៩ ​លាន​ដុល្លារ​។ ​សម្រាប់​គ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ​​មិន​ទទួល​​ប្រាក់​បញ្ញើ​ពី​ ៦២ ​៥០០ ​ដុល្លារ ដល់ ​១,៥ ​លាន​ដុល្លារ។

វិធានការ​របស់​ NBC ត្រូវ​បាន​​អ្នក​វិភាគ​យល់​ថា​ ទំនង​ជា​នឹង​នាំ​ទៅ​រក​ការ​រួម​បញ្ចូល​​គ្នា​ក្នុង​វិស័យ​នេះ។ ​​

លោក​ ង៉ែត ​ជូ ​ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន ​Emerging Markets Consulting (EMC) ​និង​ជា​​អ្នក​ជំនាញ​ខាង​​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា ​ការ​​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំ​ង ​អាច​ធ្វើ​ឲ្យ​ធនាគារ ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​មិន​អាច​ប្រកួត​​ប្រជែង​បាន ​នឹង​ច្របាច់​បញ្ជូល​គ្នា​។ ​

លោក​ថ្លែង​ថា​៖ «​ទៅ​​មុខ​ទៀត ​ដំណើរ​នេះ​​វា​ឈាន​​ដល់​​ការ​ប្រកួត​ប្រជែង​យ៉ាង​ស្វិតស្វាញ​ខ្លាំង​ [ប្រតិបត្តិករ] ​ដែល​​មិន​អាច​ឈរ​ជើង​បាន​អាច​​ត្រូវ​បាន​ទិញ​​ដោយ​ធនាគារ​ផ្សេង ​ឬ​អាច​ច្របាច់​បញ្ជូល​គ្នា​ជាមួយ​ធនាគារ​ធំៗ​»​។​ ​លោក​បញ្ជាក់​ថា ​ការ​រួម​បញ្ចូល​គ្នា​ជា​យុទ្ធសាស្ត្រ​មួយ​ល្អ ​ដើម្បី​ទប់ស្កាត់​ហានិភ័យ ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដែល​ប្រកួត​​ប្រជែង​ខ្លាំង​​ក្នុង​ទីផ្សារ​ដ៏​​ចង្អៀត​។

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​​ស្ថាបនា​ បាន​​បំប្លែង​ខ្លួន​ពី​គ្រឹះស្ថាន​មីក្រូហិញ្ញវត្ថុ​ទៅ​ជា​ធនាគារ​ពាណិជ្ជ​កាល​ពី​ឆ្នាំ ​២០១៦​ តាមរយៈ​ការ​​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ធនាគារ​ Maruhan ​Bank ​របស់​ជប៉ុន​។​

ទោះ​បី​យ៉ាង​នេះ​ក្តី លោក ចាន់នី បាន​​អះអាង​ថា ក្នុង​ដំណាក់​កាល​នេះ​គេ​មិន​ទាន់​មើល​​ឃើញ​មាន​សញ្ញា​ហានិភ័យ​ក្នុង​វិស័យ​ធនាគារ ​ដែល​ចាំបាច់​ត្រូវ​ច្របាច់​បញ្ជូល​​គ្នា​ទេ។​ ​

លោក​ថ្លែង​​ថា៖ ​«វា​មិន​ទាន់​មាន​​​ហានិភ័យ​អ្វី​ទេ ​អត្រា ​ឥណទាន​សង​យឺត​នៅ​មាន​កម្រិត​ទាប ​វា​មិន​ទាន់​មក​ដល់​ពេល​នេះ»​។ តាម​លោក ​ចាន់នី ​អត្រា​សង​ត្រឡប់​យឺត​របស់​អតិថិជន​​នៅ​ក្នុង​វិស័យ​ធនាគារ​​កាល​ពី​ឆ្នាំ​មុន​មាន​ប្រមាណ​តែ​ ​២ ​ភាគរយ​ប៉ុណ្ណោះ​។​

ប្រជាជន​​កម្ពុជា​ប្រហែល​ ​១,១៤ ​លាន​​នាក់​បាន​ដាក់​ពាក្យ​សុំ​ឥណទាន​ប្រើប្រាស់​គិត​​ត្រឹម​​ចុង​ខែ ​មីនា​ ឆ្នាំ ​២០១៩ ​កើន ​៥,៣ ​ភាគរយ ​ធៀប​នឹង​ចុង​​ខែ​ធ្នូ ​ដែល​មាន​ទំហំ​ឥណទាន​​រហូត​ដល់ ​៦,៧ ​ពាន់​លាន​ដុល្លារ​ កើន​​ឡើង ​៧,​៤ ​ភាគរយ​ ​។ ​នេះ​បើ​តាម​របាយការណ៍​ការិយាល័យ​ឥណទាន​កម្ពុជា។

របាយការណ៍​ NBC ឆ្នាំ ២០១៨ ​បង្ហាញ​ថា ការ​ផ្តល់​កម្ចី​​ក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​កម្ពុជា​​រួម​បញ្ចូល​គ្នា​ទាំង​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កើន​ឡើង ​​១៩ ​ភាគរយ ​​ដល់​ ២៤,​៥ ​​ពាន់​​លាន​ដុល្លារ ​ត្រឹម​ចុង​​ឆ្នាំ ​២០១​៨​ ក្នុង​នោះ​កម្ចី​ពី​គ្រឹះស្ថាន​​ធនាគារ​​មាន​ចំនួន ១៩,​៤​ ​ពាន់​លាន​ដុល្លារ ​កើន ​២០ ​ភាគរយ ​​ធៀប​នឹង​ចុង​ឆ្នាំ ​២០១៧​ ខណៈ​​​​កម្ចី​ពី​គ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ ​មាន​ចំនួន​សរុប​ ៥,៤ ​ពាន់​លាន​ដុល្លារ​៕LA