ភ្នំពេញៈ​ លោក ​ម៉ី ​កល្យាណ ​ប្រធាន​​ក្រុម​ប្រឹក្សាភិបាល​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​​ឲ្យ​ដឹង​ថា ​កម្ពុជា​​នឹង​ទទួល​បាន​ឱកាស​នៃ​ការ​វិនិយោគ​លើ​វិស័យ​​ផលិត​សូត្រ ​ខណៈ​ចិន​ដែល​ជា​ប្រទេស​ផ្គត់ផ្គង់​សូត្រ​ដ៏​សំខាន់​​មួយ ​កំពុង​ធ្លាក់​ចុះ​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​កាល​ពី​ម្សិលមិញ ​លោក ​ម៉ី ​កល្យាណ ​បាន​ឲ្យ​ដឹង​ថា ទោះ​បី​កម្ពុជា​ជា​ប្រទេស​​មាន​ប្រវត្តិ​ផលិត និង​ប្រើប្រាស់​ផលិតផល​ពី​សរសៃ​សូត្រ​ជា​យូរយារ​ណាស់​មក​ហើយ​ក្ដី ក៏​​​វិស័យ​នេះ​ហាក់​មិន​បាន​រីក​នោះ​ទេ​។


លោក​ថ្លែង​ថា៖​ «​ប្រទេស ​ចិន ​ត្រូវ​គេ​ដឹង​ថា ជា​អ្នក​ផ្គត់ផ្គង់​ផលិតផល​ពី​សូត្រ ​ប្រមាណ​ជិត​ ​៨០ ​ភាគរយ នៃ​ផលិតកម្ម​សកល​លោក​។ [ពេលនេះ​] ការ​ផលិត​នៅ​ប្រទេស ​ចិន ​កំពុង​មាន​និន្នាការ​ថយ​ចុះ​ជា​​បន្តបន្ទាប់ ​ហើយ​ដោយសារ​ការ​ចិញ្ចឹម ​និង​ផលិត​សរសៃ​សូត្រ​អាច​ធ្វើ​នៅ​កម្ពុជា​បាន​​ ដូច្នេះ​នេះ​​ជា​ឱកាស​មួយ​សម្រាប់​កម្ពុជា»។


យោង​តាម​របាយការណ៍​​​យុទ្ធសាស្រ្ត​សូត្រ​ជាតិ ឆ្នាំ ​២០១៦-​២០២០ ​ការ​ផលិត​សរសៃ​សូត្រ​នៅ​កម្ពុជា​មាន​បរិមាណ​ត្រឹម​តែ​ ​១ ​ភាគរយ​ប៉ុណ្ណោះ ​នៃ​តម្រូវ​ការ​ប្រើប្រាស់​សរុប​ក្នុង​ស្រុក ខណៈ​ការ​នាំចូល​មាន​បរិមាណ​រហូត​ដល់​ ៩៩ ​​ភាគរយ​ដែល​ស្មើ​នឹង​ជាង ​៤០០ ​តោន​ ក្នុង ​១ ​ឆ្នាំ​។


លោក​ កល្យាណ ​បាន​ពន្យល់​ថា ដើម្បី​អាច​ប្រមូល​ផល​សូត្រ​បាន​ចំនួន​ ៤០០ ​តោន គេ​ត្រូវ​ការ​ដាំដុះ​ដើម​មន​ឲ្យ​បាន​ ​៤ ​ម៉ឺន​ហិកតា​ ខណៈ​បច្ចុប្បន្ន​ផ្ទៃដី​ដាំដុះ​ដើម​មន​នៅ​កម្ពុជា​នា​ពេល​នេះ​មាន​ប្រហែល​ជិត​ ១០០ ​ហិកតា​ប៉ុណ្ណោះ​។​ លោក ​បាន​​អះអាង​​ថា៖ ​«យើង​រំពឹង​ថា​ផ្ទៃដី​ដាំដុះ​​ដើម​មន​នៅ​ដំណាច់​ឆ្នាំ ​២០១៩​ នេះ​នឹង​កើន​ឡើង​ ២០០ ​​ហិកតា​ ហើយ​នឹង​កើន​ឡើង​ជា​បន្ត​បន្ទាប់​ទៅ​ទៀត»។ បើ​តាម​លោក ​កល្យាណ ​ការវិនិយោគ​លើ​សរសៃ​សូត្រ​ នឹង​មិន​មាន​បញ្ហា​ប្រឈម​នឹង​រឿង​​ពន្ធ ឬ​​ទីផ្សារ​ដូច​អង្ករ​ទេ​។​


លោក​ស្រី ​ស្រី ​ច័ន្ទសោភា​ តំណាង​ក្រុម​សូត្រ​នៃ​សាកល​វិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ​បាន​និយាយ​​ថា ជាមួយ​នឹង​ការ​រៀបចំ​ឲ្យ​មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នេះ​ ​គេ​សង្ឃឹម​ថា​នឹង​មាន​​ប្រជាកសិករ​ជា​ច្រើន​ងាក​មក​វិនិយោគ​លើ​ការ​ដាំដុះ និង​ផលិត​សរសៃ​សូត្រ។ ​លោកស្រី​ថ្លែង​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ​ផលិតផល​ធ្វើ​ពី​សរសៃ​សូត្រ​ក្នុង​ស្រុក​ នឹង​កាន់​តែ​រីក​​ចម្រើន និង​មាន​ទីផ្សារ​ល្អ​»​។


បើ​តាម​លោក​ស្រី ​ច័ន្ទសោភា ​បច្ចុប្បន្ន​សូត្រ​មាស​មាន​តម្លៃ​ចន្លោះ​ពី​ ​៧០-​៨០ ​ដុល្លារ ​ក្នុង ​១ ​គីឡូក្រាម​ ចំណែក​សូត្រ​លេខ ​២ អាច​មាន​តម្លៃ​ពី​ ៣០-​៤០ ​ដុល្លារ​។

លោក​ស្រី ​ចេន សុភាព​ ស្ថាបនិក​ និង​ជា​​​ប្រធាន​សមាគម​​កី​តម្បាញ​ខ្មែរ ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​កាល​ពី​ពេល​ថ្មីៗ​​នេះ​ថា ខណៈ​​ដែល​ផលិតផល​​ពី​​សរសៃ​សូត្រ​​​ខ្មែរ​ស្ទើរ​តែ​ត្រូវ​​​គេ​បំភ្លេច​​ចោល​​​ បច្ចុប្បន្ន​​​នេះ​តម្រូវ​ការ​ប្រើប្រាស់​ផលិតផល​​ពី​សូត្រ​​ខ្មែរ​​ហាក់​កំ​ពុង​កើន​ឡើង​វិញ៕ ​LA