ភ្នំពេញៈ ​កំណើន​នៃ​ការ​សាងសង់​អគារ​ខុនដូ ​អគារ​ពាណិជ្ជកម្ម ​និង​លំនៅឋាន​បាន​ធ្វើ​ឲ្យ​តម្រូវការ​សម្ភារ​សំណង់​ ទាំង​ការ​នាំចូល ​និង​ផលិតផល​ក្នុង​ស្រុក​មាន​ការ​កើន​ឡើង​ផង​ដែរ ​ពិសេស​សម្ភារ​ប្រណីតៗ​ដែល​បាន​នាំចូល​ពី​​ប្រទេស​អឺរ៉ុប ​និង​អាមេរិក​។​ កម្ពុជា​ក៏​នាំចូល​នូវ​ផលិតផល​ដែល​មាន​តម្លៃ​ទាប​​ពី​ប្រទេស ​​ ចិន​ វៀតណាម ​និង​ថៃ ផង​ដែរ​។

លោក​ ហុង ​លីមតុង ​អ្នក​គ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​សំណង់ ​CBMS ​Trading ​Co.,​ Ltd ​កាល​ពី​​​សប្តាហ៍​​មុន ​បាន​ផ្តល់​បទ​សម្ភាស​ឲ្យ​​អ្នក​​យក​ព័ត៌មាន​​កាសែត​ភ្នំពេញ ​ប៉ុស្តិ៍ អំពី​ដំណើរ​វិវឌ្ឍ​នៃ​កំណើន​តម្រូវ​ការ​ប្រើប្រាស់​​សម្ភារ​សំណង់ ​ដែល​មាន​គុណភាព​ខ្ពស់​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។


តើ​ក្រុមហ៊ុន​របស់​លោក ចាប់​យក​ទីផ្សារ​កម្រិត​ណា​ក្នុង​​វិស័យ​សំណង់​?


ក្រុមហ៊ុន​ CBMS ​Trading Co., Ltd ​បាន​បើក​ដំណើរការ​ក្នុង​​ឆ្នាំ ​២០១៥ ​ដោយ​ចាប់​យក​ចំណែក​ទីផ្សារ​​សម្ភារ​សំណង់​ដែល​មាន​គុណភាព​​ខ្ពស់​។ ការ​លក់​របស់​ក្រុមហ៊ុន​មាន​កំណើន​​ជាង​ ៥០ ​ភាគរយ​ ​ជា​រៀង​រាល់​ឆ្នាំ។​ កន្លង​មក​មាន​គម្រោង​ធំៗ​មួយ​​ចំនួន​ក៏​បាន​ជ្រើសរើស​យក​​សម្ភារ​របស់​យើង​ដែរ ​ទៅ​បំពាក់​ក្នុង​អគារ​របស់​ពួក​គេ​ផង​​ដែរ ដូច​ជា​ Exchange Square, Vattanac Tower និង ​Aeon​ 2 ​ជា​ដើម​។


បច្ចុប្បន្ន​ក្រុមហ៊ុន ​CBMS ​Trading Co., Ltd ​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​នាំចូល​ផ្តាច់​​មុខ​មក​កម្ពុជា ​នូវ​ផលិតផល​​មួយ​ចំនួន​ដូច​ជា HILTI, Pergo, Ligman, IMER ​និង ​Rinnai ជា​ដើម​។​​ សម្ភារ​ទាំង​​នោះ​មាន​ប្រភព​មក​ពី​ប្រទេស ​ស្វ៊ីស ​បែលហ្ស៊ិក ​អ៊ីតាលី ​និង​ជប៉ុន​​ជា​ដើម​។​


តើ​និន្នាការ​ប្រើប្រាស់​សម្ភារ​សំណង់​មាន​គុណភាព​ខ្ពស់​នៅ​កម្ពុជា​មាន​ការ​វិវឌ្ឍ​បែប​ណា​?


ការ​និយម​ប្រើប្រាស់​សម្ភារ​ ដែល​មាន​គុណភាព​ខ្ពស់​​ក្នុង​វិស័យ​​សំណង់​នៅ​​កម្ពុជា បើ​ធៀប​​នឹង​ទសវត្សរ៍​មុនៗ​ គឺ​កំពុង​​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​យ៉ាង​លឿន​​ ដោយ​កាល​ពី​មុន​អ្នក​ប្រើប្រាស់​តែង​ស្វែងរក​សម្ភារ​ណា​​ដែល​មាន​តម្លៃ​ថោក ទោះ​បី​​ដឹង​ថា​ សម្ភារ​ទាំង​នោះ​មិន​អាច​ប្រើ​បាន​យូរ​ និង​មិន​សូវ​មាន​សុវត្ថិភាព​ក៏​ដោយ​​។ បទ​ពិសោធ បាន​ធ្វើ​ឲ្យ​ពួក​គេ​ដឹង​ថា ការ​ប្រើប្រាស់​សម្ភារ​ដែល​មាន​គុណភាព​ទាប និង​តម្លៃ​ថោក ​មិន​អាច​ទទួល​បាន​នូវ​ការ​​ពេញ​ចិត្ត​ដូច​ផលិតផល​មាន​គុណភាព​ខ្ពស់​ និង​តម្លៃ​ថ្លៃ​ឡើយ​។

ចាប់​ពី​ឆ្នាំ ​២០១៥ រហូត​មក​ទល់​​ពេល​នេះ ​ខ្ញុំ​អាច​និយាយ​ថា និន្នាការ​​និយម​​​ប្រើប្រាស់​សម្ភារ​សំណង់​មាន​គុណភាព​​ទាប​កំពុង​ផ្លាស់​ប្តូរ​​ទៅ​រក​ការ​ប្រើប្រាស់​សម្ភារ​ដែល​មាន​គុណភាព​មធ្យម​ ឬ​​ខ្ពស់​ជា​បន្ត​បន្ទាប់​។​ កំណើន​នៃ​តម្រូវ​ការ​ប្រើប្រាស់​សម្ភារ​សំណង់​មាន​គុណភាព​ខ្ពស់ ​ពឹង​ផ្អែក​លើ​ការ​រីក​ចម្រើន​នៃ​វិស័យ​សំណង់​ជា​ចាំ​​បាច់​។

តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ម៉េច​​ដែរ ​​ចំពោះ​វិស័យ​សំណង់​នៅ​កម្ពុជា​​បច្ចុប្បន្ន​?

វិស័យ​សំណង់​នា​ពេល​នេះ​បើ​​ធៀប​នឹង​រយៈ​ពេល​ ៥​-៦ ឆ្នាំ​មុន គឺ​មាន​ការ​ខុស​ប្លែក​គ្នា​យ៉ាង​ខ្លាំង ពិសេស​ក្នុង​រយៈ​ពេល​​ប្រមាណ​ ២ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ការ​មក​ដល់​ដ៏​ច្រើន​នៃ​ចំនួន​​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​​ជនជាតិ​ចិន បាន​ធ្វើ​ឲ្យ​សំណង់​ធំៗ​កើត​ឡើង​ព្រោងព្រាត​ ពិសេស​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ​ និង​តំបន់​នៅ​តាម​បណ្តោយ​ព្រំដែន​មួយ​ចំនួន។ កំណើន​សេដ្ឋកិច្ច ​ស្ថិរភាព​នយោបាយ​ និង​ភាព​រឹងមាំ​ផ្នែក​នយោបាយ​ការ​បរទេស គឺ​ជា​កម្លាំង​ដ៏​សំខាន់​នៅ​​ក្នុង​ការ​ជំរុញ​ឲ្យ​វិស័យ​សំណង់ មាន​សម្ទុះ​ខ្លាំង​នា​ពេល​នេះ​។​

តើ​អ្វី​ជា​បញ្ហា​ប្រឈម ​នៅ​ក្នុង​ទីផ្សារ​នេះ​​?

ត្រង់​ចំណុច​នេះ​យើង​ពិត​ជា​ជួប​​នឹង​បញ្ហា​ទីផ្សារ​ខ្លះៗ ​ដោយសារ​​សម្ភារ​របស់​យើង​មាន​គុណភាព​ខ្ពស់ ​និង​មាន​តម្លៃ​ខ្ពស់ ​បើ​ធៀប​ជា​មួយ​នឹង​ផលិតផល​ដូច​គ្នា​ដែល​នាំចូល​មក​ពី ប្រទេស​ជិត​ខាង​។ ប៉ុន្តែ​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ​អតិថិជន​យើង​មាន​ការ​កើន​ឡើង​ជា​ច្រើន​ ដោយ​សារ​តែ​ពួក​គាត់​យល់​​ច្បាស់​ពី​ផល​ចំណេញ​ពី​ការ​​ប្រើប្រាស់​​ផលិតផល​របស់​យើង និង​ប្រាប់​បន្ត​ទៅ​អតិថិជន​​ថ្មីៗ​ទៀត។ ខ្ញុំ​ចង់​និយាយ​ថា តាម​ពិត​ទៅ​ការ​ប្រើប្រាស់​ផលិតផល​ដែល​មាន​គុណភាព​ទាប មិន​អាច​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ទទួល​​ផល​ចំណេញ​ផ្នែក​ថវិកា ពេល​វេលា សុខភាព និង​សុវត្ថិភាព​ទេ​។​

តើ​ក្រុមហ៊ុន​អ្នក​​មាន​ផែន​ការ​ចង់​​ពង្រីក​បន្ថែម​ដែរ ឬ​ទេ?

មក​ដល់​ពេល​នេះ​ ក្រុមហ៊ុន​មាន​ទី​ស្នាក់ការ​ចំនួន​ ២ ​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ​ និង​មាន​បុគ្គលិក​ជាង ​៥០ ​នាក់​ ព្រម​ទាំង​មាន​បណ្តាញ​ចែកចាយ​ផលិតផល​បន្ត​នៅ​ពេញ​ផ្ទៃ​ប្រទេស​។

នៅ​ពេល​ខាង​មុខ ដោយសារ​​តម្រូវ​ការ​សម្ភារ​​សំណង់​កំពុង​មាន​តម្រូវ​ការ​ខ្ពស់​ខ្លាំង​​នៅ​​​ខេត្ត​ព្រះសីហនុ​​​នោះ ក្រុមហ៊ុន​អាច​នឹង​បើក​សាខា​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​ទីនោះ​។​ គោលដៅ​ខាង​មុខ​របស់​ក្រុមហ៊ុន គឺ​អភិវឌ្ឍន៍​​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ដែល​ផ្គត់ផ្គង់​​​សម្ភារ​សំណង់​គុណភាព​ខ្ពស់​ឈាន​មុខ​​គេ​នៅ​កម្ពុជា​។

ខ្ញុំ​គិត​ថា ដោយសារ​សេដ្ឋកិច្ច​ប្រទេស​ ​កម្ពុជា ​នឹង​មាន​កំណើន​យូរ​ជា​បន្ត​ទៀត​នោះ ​ដូច្នេះ​តម្រូវ​ការ​ផលិតផល​ដែល​មាន​គុណភាព​​ខ្ពស់​នឹង​កើន​ឡើង​កាន់​តែ​ច្រើន​នា​ពេល​ខាង​មុខ​៕​LA