ភ្នំពេញៈ បើទោះបីការរីករាលដាលជំងឺកូវីដ ១៩ កំពុងប៉ះពាល់ដល់វិស័យសំខាន់ៗជាច្រើនធ្វើឱ្យថមថយកំណើនសេដ្ឋកិច្ចកាលពីឆ្នាំមុនក៏ដោយ ក៏វិស័យហិរញ្ញវត្ថុរបស់កម្ពុជានៅតែរក្សាបានកំណើនល្អប្រសើរទាក់ទងនឹងកម្ចី និងប្រាក់បញ្ញើ។
យោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា (NBC) ដែលចេញផ្សាយកាលពីថ្ងៃពុធ ទ្រព្យសកម្មសរុបរបស់ប្រព័ន្ធធនាគារមានកំណើន ១៥,៧ ភាគរយ ដោយសម្រេចបានចំនួន ៥៩,៤ ពាន់លានដុល្លារ គិតត្រឹមចុងឆ្នាំ ២០២០ ខណៈដែលឥណទានអតិថិជនក្នុងវិស័យនេះបានកើន ១៤,៨ ភាគរយ សម្រេចបាន ៣៧,៣ ពាន់លានដុល្លារ និងប្រាក់បញ្ញើបានកើនឡើង ១៥,៤ ភាគរយ មានចំនួន ៣៣,៨ ពាន់លានដុល្លារ។
លោក ជា ចាន់តូ ទេសាភិបាល NBC បានថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២០ និងទិសដៅការងារឆ្នាំ ២០២១ នៅអគារ NBC ថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២០ បានទទួលរងការធ្លាក់ចុះអវិជ្ជមានជាលើកដំបូងក្នុងរយ:ពេលជាង ២ ទសវត្សរ៍ចុងក្រោយ ដែលជាចម្បងដោយសារការធ្លាក់ចុះវិស័យទេសចរណ៍ ការនាំចេញផលិតផលកាត់ដេរ និងវិស័យសំណង់។
លោកបន្តថា ទោះជាយ៉ាងណា កម្ពុជានៅតែអាចសម្រេចបាននូវស្ថិរភាពថ្លៃ និងអត្រាប្តូរប្រាក់ ហើយទុនបម្រុងអន្តរជាតិត្រូវបានគរពូនជាលំដាប់ និងមានកម្រិតខ្ពស់ជាង ៣ ដងនៃកម្រិតដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។
លោកថ្លែងថា៖ «ទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ ១៩ វិស័យធនាគារមានស្ថិរភាពរឹងមាំ និងបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់នៃវិបត្តិមកលើអាជីវកម្ម និងប្រជាជនក្រីក្រស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល»។
លោកបន្តថា ទំនើបកម្មប្រព័ន្ធទូទាត់ និងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មី ក៏នឹងរួមចំណែកគាំទ្ររាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យទៅជាសេដ្ឋកិច្ចឌីជីថលផងដែរ។
លោក អ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានប្រាប់ថា ជារួមក្នុងរយៈពេល ៣ ត្រីមាសដំបូងឆ្នាំ ២០២០ ឥណទានបានកើនឡើង ៨,២១ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ដែលបានចង្អុលបង្ហាញការថមថយល្បឿននៃទីផ្សារ។
លោកបន្តថា៖ «យើងដឹងថា ឥណទានពិតបានកើតឡើងក្នុងអំឡុងពីខែមីនា ដល់ខែមិថុនា។ ឧទាហរណ៍ចាប់ពីខែមេសា-កញ្ញា ចុងត្រីមាសទី ៣ ការបញ្ចេញកម្ចីកើនជាង ៩០ ភាគរយ»។
អនុប្រធានមីក្រូហិរញ្ញវត្ថុប្រាសាក់ លោក សាយ សូនី បានឱ្យដឹងថា គិតត្រឹមខែធ្នូ ផលបត្រកម្ចីរបស់ប្រាសាក់កើនឡើងប្រហែល ២១,១៧ ភាគរយ ពី ២ ៥០១ លានដុល្លារកាលពីឆ្នាំ ២០១៩ ដល់ ៣ ០៣០ លានដុល្លារកាលពីឆ្នាំ ២០២០ និងកំណើនប្រាក់បញ្ញើប្រហែល ១៥,២៥ ភាគរយពី ១ ៧៨៨ លានដុល្លារ ទៅដល់ ២ ០៦១ លានដុល្លារ និងកំណើនទ្រព្យសកម្មសរុបប្រហែល ១៦,៩៥ ភាគរយពី ៣ ១១០ ដល់ ៣ ៦៣៧ លានដុល្លារ។
លោកបញ្ជាក់ថា៖ «យើងមានមោទនភាពក្នុងការធ្វើប្រតិបត្តិការល្អប្រសើរ ដោយសារតែលក្ខណៈវិជ្ជាជីវៈរបស់យើងពោរពេញដោយបទពិសោធ ដែលអាចគ្រប់គ្រងប្រតិបត្តិការនៅក្នុងគ្រាលំបាកបាន»។
លោកបន្តថា៖ «យើងអាចសម្រេចបានប្រតិបត្តិការដ៏ល្អប្រសើរនេះ ដោយសារមានការគាំទ្រយ៉ាងខ្លាំងពីនិយតករ ជាពិសេសពី NBC ក្រុមគ្រប់គ្រងដ៏រឹងមាំ អ្នកខ្ចីប្រាក់គោរពវិន័យឥណទានខ្ពស់ និងទំនុកចិត្តពីអ្នកដាក់ប្រាក់បញ្ញើ»៕ LA