ភ្នំពេញ: អ្នកក្នុងវិស័យឧស្សាហកម្មកាត់ដេរ និងស្រូវអង្កររំពឹងថា ការបើកច្រកពាណិជ្ជកម្មថ្មីជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី គឺជាការធ្វើពិពិធកម្មទីផ្សាររបស់កម្ពុជា។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃពុធ បានចេញរបាយការណ៍ស្តីពីលទ្ធផលសិក្សាស្រាវជ្រាវនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពអឺរ៉ុបអាស៊ី ( EAEU)។
លោក ខេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថា វិស័យកាត់ដេរ និងស្បែកជើងរបស់កម្ពុជានឹងទទួលបានទីផ្សារថ្មី ប្រសិនបើកម្ពុជាទទួលបានកិច្ចព្រមព្រៀងសេរី EAEU នេះ។ លោកថ្លែងថា៖ «យើងនឹងមានទីផ្សារថ្មី ហើយយើងអាចទទួលបានការរួចពន្ធនាំចូល ប៉ុន្តែមិនទាន់ដឹងពេលណាអាចសម្រេចបានទេ ខ្ញុំអាចឆ្លើយបានប៉ុណ្ណឹង»។
លោក ចាន់ សុខឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឲ្យដឹងថា ក្រៅពីទទួលបានទីផ្សារថ្មី កិច្ចព្រមព្រៀងនេះនឹងជួយជំរុញភាពប្រកួតប្រជែងក្នុងវិស័យកែច្នៃអង្ករនាំចេញរបស់កម្ពុជាជាមួយប្រទេសថៃ និងវៀតណាម ប្រសិនបើកម្ពុជាទទួលបានកិច្ចព្រមព្រៀងនេះ។ លោកបន្តថា៖ «យើងនឹងមានកំណើនទីផ្សារនាំចេញថែមទៀត ដោយមិនពឹងតែលើទីផ្សារអឺរ៉ុប និងចិន យើងត្រូវតែបើកទីផ្សារផ្សេងៗបន្ថែមទៀត»។
លោកបន្ថែមថា៖ «សព្វថ្ងៃប្រភេទអង្ករប្រណីតរបស់យើងមានការប្រកួតប្រជែងខ្លាំងជាមួយប្រទេសជិតខាងកម្ពុជា ដូច្នេះវាជាឱកាសប្រកួតប្រជែង ដែលទទួលបានពីកិច្ចព្រមព្រៀងនេះ»។
ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍នេះលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងថា ការសិក្សានេះបានបង្ហាញផលវិជ្ជមានពីការបង្កើតច្រកទីផ្សារនាំចេញ និងការធ្វើពិពិធកម្មឧស្សាហកម្ម ការពង្រីកសេវាកម្មហិរញ្ញវត្ថុ ការដឹកជញ្ជូន សេដ្ឋកិច្ចឌីជីថល និងសេវាកម្មកសិកម្ម ដែលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច។
លោកថ្លែងថា៖ «តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងអាចជួយឲ្យភាគីទាំង ២ បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មលើទំនិញ សេវាកម្ម និងការវិនិយោគ»។ លោកបន្តថា៖ «យើងរំពឹងថានឹងបង្កើនឱកាសក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមក ជាពិសេសកម្ពុជាអាចបង្កើនការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌ ផលិតផលកសិកម្ម និងទំនិញដទៃទៀត»។
សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU) គឺជាទីផ្សារធំមួយគ្របដណ្ដប់នៅអឺរ៉ុបខាងកើត ដែលមានប្រទេសចំនួន ៥ រួមមាន កាហ្សាក់ស្ថាន អាមេនី បេឡារុស កៀហ្ស៊ីស៊ីស្ថាន និងរុស្ស៊ី។ ប្រទេសទាំងនេះមានប្រជាជនចំនួន ១៧៦ លាននាក់ និងផលិតផលក្នុងស្រុកសរុប ២,៥ ពាន់ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៦។ នេះបើតាមលោក ប៉ាន សូរស័ក្តិ។
កាលពីខែវិច្ឆិកាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពិភាក្សាពីកិច្ចព្រមព្រៀងនេះជាមួយលោក Dmitry Medvedev នាយករដ្ឋមន្ត្រីប្រទេសរុស្ស៊ីក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៤ នៅប្រទេសថៃ។
ការនាំចេញផលិតផលក្នុងឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌនៅរយៈពេល ៩ ខែដំបូងឆ្នាំនេះកើនឡើង ១៣,១៨ ភាគរយ ដល់ជាង ៧,៩៧៣ ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០១៩ ការនាំចេញអង្ករទៅទីផ្សារអន្តរជាតិមានចំនួន ៥១៤ ១៤៩ តោន កើនឡើង ៣,៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមទិន្នន័យរបស់លេខាធិការដ្ឋានច្រកចេញ-ចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ៕ LA