ភ្នំពេញៈ​ ខណៈ​កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​ប្រទេស​​មាន​ចំនួន​ថ្ងៃ​ឈប់​សម្រាក​​ច្រើន​ជាង​គេ​លើ​ពិភព​លោក ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​រហូត​ដល់ ​៧ ថ្ងៃ​ ​ត្រូវ​បាន​ស្វាគមន៍​ដោយ​វិស័យ​ឯកជន​។​

កម្ពុជា​ទើប​តែ​បាន​បន្ថែម ​«ទិវា​ចងចាំ ​២០ ​ឧសភា» ​កាល​ពី​ឆ្នាំ​មុន​ ​ជា​ថ្ងៃ​ឈប់​សម្រាក​ជាតិ​ ដែល​ធ្វើ​ឲ្យ​ថ្ងៃ​ឈប់​សម្រាក​​សរុប​របស់​ប្រទេស​នេះ​កើន​ឡើង​ដល់ ​២៨ ​ថ្ងៃ​។


ខណៈ​កម្ពុជា​មាន​សក្ដានុពល​សម្រាប់​ការងារ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន ​ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​​ ​ជា​ការ​ដើរ​តួនាទី​ដ៏​សំខាន់​ ក្នុង​ការ​លើក​កម្ពស់​ផលិតភាព​ និង​ជួយ​បន្ទាប​ការ​ចំណាយ​លើ​ការ​ផលិត​។ នេះ​បើ​​តាម​លោក អៀង ​ម៉ុង ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ ​លីលី​។​​


លោក​ថ្លែង​ថា​៖ «​នេះ​គឺ​ជា​អ្វី​ដែល​យើង​ចង់​បាន​ និង​មាន​​ប្រយោជន៍​យ៉ាង​ខ្លាំង​សម្រាប់​ពួក​យើង ក្នុង​ការ​បង្កើន​ផលិតភាព​របស់​យើង​»។ លោក​បន្ត​ថា​៖ «​យើង​ជា​ក្រុមហ៊ុន​ផលិត​ ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ នឹង​​ជួយ​ បង្កើន​ផលិត​ភាព​របស់​​យើង ​ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ទីផ្សារ​ ព្រម​ទាំង​បន្ថែម​តម្លៃ​កាន់​តែ​ច្រើន​លើ​ការ​ផលិត​»។


លោក​ឲ្យ​ដឹង​ថា ​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​កាន់​តែ​ច្រើន ​នឹង​បន្ថែម​ការ​ចំណាយ​លើ​ការ​ផលិត ​ដែល​ជា​បញ្ហា​ប្រឈម​សម្រាប់​សមត្ថភាព​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ​។​​​


លោក​បញ្ជាក់​ថា៖ ​«​បរិមាណ​ការ​ផលិត​មាន​តិច ​ការ​ចំណាយ​​ដែល​យើង​ប្រឈម​កាន់​តែ​ខ្ពស់ ​បន្ទាប់​មក​យើង​ត្រូវ​ការ​ចំណាយ​បន្ថែម​លើ​តម្លៃ​សម្រាប់​កម្មករ ​នៅ​ថ្ងៃ​ឈប់​សម្រាក ​ដើម្បី​បង្កើន​ល្បឿន​ការ​ផលិត ​ដែល​វា​ជា​ការ​ចំណាយ​​ផ្សេង​មួយ​ទៀត​»។ ​លោក​បន្ថែម​ថា ​ប៉ុន្តែ​វា​នឹង​​មិន​សប្បាយ​ចិត្ត​សម្រាប់​កម្មករ​នោះ​ទេ​​។​ ​


លោក​លើក​ឡើង​ថា​៖ «​យើង​មាន​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​ច្រើន ​រដ្ឋាភិបាល​​គួរ​តែ​កាត់​បន្ថយ​ថ្ងៃ​ខ្លះ ​ដែល​​វា​មិន​ចាំបាច់»។ ​លោក​បន្ត​ថា​៖​ «​វា​នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​សម្រាប់​គ្រប់​វិស័យ​ទាំង​អស់​ ប៉ុន្តែ​បុគ្គលិក ​ឬកម្មករ​នឹង​មិន​សប្បាយ​ចិត្ត​​នោះ​ទេ​»។​

ភ្នំពេញ​ប៉ុស្ដិ៍ ​បាន​រាយការណ៍​កាល​ពី​មុន​ ថា​ ប្រព័ន្ធ​​ព័ត៌មាន​របស់​​ឥណ្ឌា ​រាយ​ការណ៍​ពី​ឆ្នាំ ​២០១៥ ដែល​បញ្ជាក់​ថា ​ប្រទេស​នេះ​មាន​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​ច្រើន​បំផុត​ចំនួន ​២១ ​ថ្ងៃ​ ខណៈ​សេចក្ដី​រាយការណ៍​ផ្សេង​ទៀត ​​បង្ហាញ​ថា ​ប្រទេស ​ស្រីលង្កា ​មាន​ថ្ងៃ​ឈប់​​ ​២៥ ​​ថ្ងៃ​។​

ជា​មធ្យម​​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​ប្រទេស ​G20​ ដែល​មាន​ទំហំ​​ពាណិជ្ជកម្ម ​៨០ ​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ពិភព​លោក ​គឺ​មាន ​១២ ​ថ្ងៃ​។​ ​​ប្រទេស​ជិត​ខាង​របស់​កម្ពុជា ​ប្រទេស ​ថៃ ​មាន​ថ្ងៃ​ឈប់​សម្រាក ​២០ ថ្ងៃ​ក្នុង ​១ ​ឆ្នាំ ​ខណៈ​វៀតណាម​មាន​ ១២ ​ថ្ងៃ ​និង​ឡាវ​មាន ​១០ ថ្ងៃ​។​

លោកស្រី ​ឆៃ ​ស៊ីវលីន ​ប្រធាន​​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា ​ខណៈ​ឧស្សាហកម្ម​របស់​កម្ពុជា ​បាន​ប្រឈម​នឹង​សមត្ថភាព​ប្រកួត​ប្រជែង​ និង​ការ​ចំណាយ​ខ្ពស់​លើ​ការ​ផលិត​រួច​ទៅ​ហើយ​នោះ​ ថ្ងៃ​ឈប់​សម្រាក​​កាន់​តែ​ច្រើន​ មិនមែន​ជា​សញ្ញា​ដ៏​ល្អ​សម្រាប់​កំណើន​សេដ្ឋកិច្ច​នោះ​ទេ។​ ​

លោក​​ស្រី​ថ្លែង​ថា​៖ ​«​បើ​ប្រៀបធៀប​នឹង​ប្រទេស ​វៀតណាម ​និង​ថៃ ​ដែល​សមត្ថភាព​ប្រកួត​ប្រជែង​ជិត​ខាង​ ខាង​ពាណិជ្ជកម្ម ​យើង​នៅ​តែ​មាន​ថ្ងៃ​ឈប់​សម្រាក​​ច្រើន​ តើ​យើង​អាច​បង្កើន​ផលិតភាព​របស់​យើង​ដើម្បី​​ប្រកួត​ប្រជែង​ជា​មួយ​ពួក​គេ​ម្ដេច​​បាន​? វា​ជា​បញ្ហា​ប្រឈម​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ផង​ដែរ​»។​

លោក ​ង៉ែត ​ជូ ​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់ Emerging Markets Consulting បាន​ឲ្យ​ដឹង​ថា ​ការ​កាត់​បន្ថយ​ចំនួន​ថ្ងៃ​ឈប់​សម្រាក​ គឺ​ជា​អ្វី​ដែល​​ក្រុម​វិនិយោគិន​ចង់​បាន​យូរ​មក​ហើយ​។​លោក​ថ្លែង​ថា​៖ «​វិស័យ​ឯកជន​តែងតែ​ស្នើ​សុំ​គោល​នយោបាយ​​ពី​រដ្ឋាភិបាល ដើម្បី​ជួយ​កាត់​​បន្ថយ​ការ​ចំណាយ​លើ​ការ​ផលិត»។

លោក​បាន​បន្ត​ថា​៖ «​យើង​គឺ​ជា​ប្រទេស​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន​ ដែល​ជា​សក្ដានុពល​ក្នុង​ការ​បង្កើន​​​ផលិតភាព​ទ្រង់ទ្រាយ​ធំ​ ដូច្នេះ​ការ​កាត់​​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ នឹង​​​ជួយ​បង្កើន​ចង្វាក់​ផលិត​ វា​មាន​សារៈសំខាន់​​ក្នុង​ការ​កាត់​​បន្ថយ​ការ​ចំណាយ​លើ​ការ​ផលិត ​និង​​ការ​រក​ប្រាក់​កាន់​តែ​ច្រើន​សម្រាប់​ប្រទេស​នេះ​»​។​

លោក​ ចម​ ប្រសិទ្ធ ​រដ្ឋមន្ដ្រី​ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម ​បាន​ឲ្យ​ដឹង​ថា ​រដ្ឋាភិបាល​នឹង​ចេញ​អនុក្រឹត្យ​ស្តីពី​ការ​​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ចំនួន ​៧ ថ្ងៃ ​ដែល​នឹង​ត្រូវ​ចេញ​នៅ​ចុង​ខែ​នេះ ជា​អ្វី​ដែល​លោក​អះអាង​ថា ​ដើម្បី​បង្កើន​ផលិតភាព​ និង​លើក​កម្ពស់​សមត្ថភាព​​ប្រកួត​ប្រជែង​។ ​នេះ​បើ​តាម​​កាសែត​បាងកក​ប៉ុស្ដិ៍។​​

ប៉ុន្តែ​លោក ​អ៊ុំ ​សុថា​ អ្នក​នាំពាក្យ​​ក្រសួង​នេះ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា ​សំណើ​នេះ ​ជា​តួនាទី​របស់​គណៈ​កម្មាធិការ​បុណ្យ​ជាតិ​ និង​អន្តរជាតិ ​ក្នុង​ការ​សម្រេច​ចិត្ត។​ លោក​ថ្លែង​ថា៖ «​ខ្ញុំ​មិន​បាន​​ឃើញ​សំណើ​ថ្មី​ណា​មួយ​ដោយ​ក្រសួង​​ឧស្សាហកម្ម ​សិប្បកម្ម ​ស្ដីពី​ថ្ងៃ​ឈប់​សម្រាក​​ នេះ​ទេ»។

លោក​បន្ថែម​​ថា ​ជា​ធម្មតា​គណៈ​កម្មាធិការ​​បុណ្យ​ជាតិ​ និង​អន្តរជាតិ​ទទួល​បន្ទុក​ធ្វើ​សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ថ្ងៃ​ឈប់​សម្រាក​​នេះ ​មិនមែន​ធ្វើ​ឡើង​ដោយ​ ក្រសួង​ ឧស្សាហកម្ម​នោះ​ទេ៕LA