វីង និង​ខេម​ឡៃហ្វ រួបរួម​គ្នា​លើក​កម្ពស់​ការ​ធានា​រ៉ាប់រង​អាយុ​ជីវិត​នៅ​កម្ពុជា​

ធនាគារ​ឯកទេស​វីង (ខេមបូឌា) លីមីតធីត ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈាន​មុខ​គេ​នៅ​កម្ពុជា និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត ខេម​ឡៃហ្វ ដែល​ជា​ប្រតិបត្តិករ​ធានា​រ៉ាប់រង​អាយុជីវិត​ដែល​មាន​អាយុកាល​វែង​ជាង​គេ​នៅ​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​បន្ត​ពង្រឹង​សេវាកម្ម​ការពារ​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​។​


លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វីង បាន​មាន​ប្រសាសន៍​ថា​៖“ វីង​បាន​ដាក់​បញ្ចូល​បេសកកម្ម​ក្នុង​ការ​កែលម្អ​បទពិសោធ​អតិថិជន​ដោយ​ប្រើប្រាស់​ឌីជីថល​ និង​ការ​ច្នៃប្រឌិត​ទៅ​ក្នុង​ឌីអិនអេ​សាជីវកម្ម​របស់​យើង។


យើង​ចង់​ធ្វើ​ការ​ជាមួយ​ដៃគូ​ដូចជា ខេមឡៃហ្វ ជា​ដើម ដែល​មាន​ចក្ខុវិស័យ​ប្រហាក់​ប្រហែល​នឹង​វីង​ក្នុង​ការ​ដោះស្រាយ​សេវាកម្ម​ហិរញ្ញវត្ថុ​ និង​តម្រូវ​ការ​ធានា​រ៉ាប់រង​របស់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់ ​ដែល​មាន​ប្រាក់​ចំណូល​​មធ្យម។​


លោក ម៉ានូ បាន​បញ្ជាក់​បន្ថែម​ថា​៖ “ក្នុង​នាម​ជា​ធនាគារ​ឯកទេស វីង ​បាន​ខិតខំ​អស់​រយៈពេល ១២ ឆ្នាំ​កន្លង​មក ដើម្បី​សម្រេច​ចក្ខុវិស័យ​ក្នុង​ការ​ផ្តល់​ឱ្យ​ប្រជាជន​កម្ពុជា​ម្នាក់ៗ​នូវ​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ចល័ត​ដែល​មាន​ភាព​ងាយ​ស្រួល ដើម្បី​ធ្វើ​ឱ្យ​ជីវិត​រស់នៅ​ទូទាំង​ប្រទេស​មាន​ភាព​ប្រសើរ​ឡើង​”។


លោក ច​ន​​​សុន ឆៃ អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ខេ​ម​ឡៃ​ហ្វ។


ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​កម្ពុជា​ហៅ​កាត់​ថា ខេមឡៃហ្វ ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដែល​គួរ​ឲ្យ​ជឿជាក់​បំផុត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន​នេះ​បាន​ក្លាយជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ដំបូង​គេ​បំផុត​ដែល​បាន​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ​​​​ក្នុង​ឆ្នាំ ២០១២​។​

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត ខេមឡៃហ្វ បាន​សហការ​ជាមួយ​ធនាគារ​ឯកទេស​វីង ​ចាប់​តាំង​ពី​ឆ្នាំ ២០១៤ ដើម្បី​ផ្តល់ជូន​នូវ​មធ្យោបាយ​បង់​ប្រាក់​សម្រាប់​អតិថិជន​របស់​ខ្លួន​ឲ្យ​បង់ប្រាក់​បុព្វលាភ​តាមរយៈ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឌីជីថល​របស់​វីង​។​

លោក​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ខេមឡៃហ្វ ចនសុន ឆៃ បាន​មាន​ប្រសាសន៍​ថា​៖ “​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ដូចគ្នា ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ខេម​ឡៃហ្វ​ និង​ធនាគារ​ឯកទេស​វីង​ កំពុង​ធ្វើ​ការ​ជាមួយ​គ្នា ​ដើម្បី​ពង្រឹង​កិច្ច​សហការ​ដើម្បី​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​នូវ​អត្ថប្រយោជន៍​បន្ថែម​ពី​ក្រុមហ៊ុន​ទាំង ២ នេះ​។​

“ខ្ញុំ​ជឿជាក់​ថា​ យើង​អាច​ឆ្ពោះ​ទៅ​មុខ​យ៉ាង​រហ័ស ហើយ​ឈាន​មុខ​គេ​ដោយ​ផ្តល់​ជូន​នូវ​ការ​បង់​ប្រាក់​បុព្វលាភ​ដ៏​ងាយស្រួល​ចំពោះ​អតិថិជន​របស់​យើង ក៏​ដូចជា​ការ​បង្កើត​នូវ​ផលិតផល​ និង​ពង្រីក​បន្ថែម​សេវាកម្ម​ធានារ៉ាប់រង​អាយុ​ជីវិត​ជាមួយ​អត្ថប្រយោជន៍​ដ៏​ច្រើន​ដល់​អតិថិជន​របស់​យើង​ទាំង ២”។

វីង​បាន​ខិតខំ​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ឌីជីថល​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ ដើម្បី​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​។ ទន្ទឹម​នឹង​នេះ ខេមឡៃហ្វ ជោគជ័យ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ ដើម្បី​ការពារ​សុខុមាលភាព​គ្រួសារ​កម្ពុជា​ដោយ​ផ្តល់​ជូន​នូវ​ផលិតផល​ការពារ​ធានារ៉ាប់រង​អាយុជីវិត​សាមញ្ញ​ និង​មាន​តម្លៃ​សមរម្យ​៕ ​