កំពតៈ សហគមន៍​ផលិត​អំបិល​កំពត-កែប បាន​សម្រេច​ផ្អាក​ប្រតិបត្តិការ​របស់ខ្លួន​ជា​បណ្តោះអាសន្ន​ដោយ​គ្មាន​ពេល​កំណត់​ដោយសារ​បញ្ហា​អាកាសធាតុ​មិន​អំណោយផល​ប៉ះពាល់​ដល់​ខ្សែចង្វាក់​ផលិតកម្ម​អំបិល​នៅ​ដើមរដូវ​ឆ្នាំនេះ​។

លោក ប៊ុន បារាំង សហប្រធាន​សហគមន៍​ផលិត​អំបិល​កំពត-កែប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា លោក​បានសម្រេច​ចិត្ត​ផ្អាក​ប្រតិបត្តិការ​សហគមន៍​ផលិត​អំបិល​ជា​បណ្តោះអាសន្ន​ដោយ​បញ្ហា​អាកាសធាតុ​។


លោក​ថ្លែងថា​៖ «​យើង​នឹង​ដំណើរការ​វា​ឡើងវិញ​រហូត​ដល់​អំបិល​អាច​ផលិត​បាន​វិញ តែ​ខ្ញុំ​មិនដឹង​ថា​នៅពេលណា​នោះទេ វា​អាច​ឆ្នាំក្រោយ ឬ​ឆ្នាំ​បន្ទាប់ៗ​»​។


លោក​បាន​ពន្យល់ថា ការ​នាំចូល​អំបិល​ពី​ប្រទេស​ចិន និង​ឥណ្ឌា​មិន​ធ្វើឲ្យ​ប៉ះពាល់​ដល់​អ្នក​ផលិត​អំបិល​គ្រួសារ​ដែល​កំពុង​ប្រកបរបរ​នេះ​នោះទេ​។ លោក​បន្តថា​៖ «​យើង​ប្រឈម​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម និង​បញ្ហា​អាកាសធាតុ​មិន​អំណោយផល​ដែល​ជា​បញ្ហា​ធំ​ប៉ះពាល់​ដល់​ការផលិត​អំបិល​»​។


បើ​យោងតាម​លោក បារាំង បច្ចុប្បន្ន​កសិករ​ផលិត​អំបិល​របស់​សមាគម​អាច​ផលិត​បាន​ប្រហែល​ ១០០០ ​តោន​នៅ​ខែ​ដំបូង​ឆ្នាំនេះ ដែល​មាន​តម្លៃ​ប្រមាណ​ ១៦ ០០០ រៀល​ ក្នុង​មួយ​បាវ​ (​ទម្ងន់​ ៥០ ​គីឡូក្រាម​) ហើយ​វា​សម្រាប់តែ​លក់​ឲ្យ​ប្រជាជន​ក្នុង​ស្រុក​ប៉ុណ្ណោះ​»​។


លោក អ៊ុំ សុថា អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​កាលពី​ថ្ងៃ​អង្គារ​ដោយ​គ្រាន់តែ​បញ្ជាក់ថា ក្រសួង​មិនទាន់​ទទួល​បាន​លិខិតផ្លូវការ​ណាមួយ​ពី​សហគមន៍​ផលិត​អំបិល​កំពត-កែប​នេះ​នៅឡើយ​។


កាលពី​ឆ្នាំមុន​កម្ពុជា​បាន​នាំចូល​អំបិល​ពី​ប្រទេស​ ឥណ្ឌា ​ក្នុង​បរិមាណ​ប្រហែល ៥ ០០០ ​តោន ដើម្បី​បំពេញ​តម្រូវការ​ក្នុងស្រុក ខណៈ​កម្ពុជា​បាន​នាំចូល​អំបិល​ ២ ​លើក​រួចមក​ហើយ​ពី​ប្រទេស​ ចិន ​កាលពី​ឆ្នាំ​ ២០០៩ ចំនួន​ ២០ ០០០ ​តោន និង​ឆ្នាំ​ ២០១៨ ចំនួន ៣០ ០០០ ​តោន​។

បច្ចុប្បន្ន​ក្នុង​ខេត្តកំពត និង​កែប​មាន​ផ្ទៃដី​ផលិត​អំបិល​ប្រហែល ៤ ៥០០ ហិកតា​។ ប្រសិនបើ​អាកាសធាតុ​អំណោយផល​ក្នុង​ ១ ​ហិកតា​ គេ​អាច​ផលិត​អំបិល​បាន​ជាង​ ២០ ​តោន​ ក្នុង​ ១ ​ឆ្នាំ ​ដែល​រដូវ​ប្រមូលផល​ចាប់ពី​ខែ​មករា​ដល់​ខែឧសភា​។

ទិន្នន័យ​ពី​សហគមន៍​ផលិត​អំបិលកំពត-កែប បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ ការផលិត​អំបិល​នៅក្នុង​ខេត្តកំពត និង​កែប​បាន​ប្រហែល ៣០ ០០០ ​តោន​ ក្នុង​ ១ ​ឆ្នាំ ខណៈ​តម្រូវការ​ប្រើប្រាស់​សរុប​ក្នុង​ប្រទេស​មាន​ចន្លោះ​ពី​ ៨០ ០០០ ​តោន​ ទៅ ១០០ ០០០ ​តោន ​ក្នុង​ ១ ​ឆ្នាំ​៕LA