ភ្នំពេញ: ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME) ​ចំនួន​ ២៧ បានទទួល​កញ្ចប់​ជំនួយ​ហិរញ្ញវត្ថុ​ឥត​សំណង​ពី​សហគ្រិន​ខ្មែរ​ (KE) ​ដែលជា​ស្ថាប័ន​ចំណុះ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដើម្បី​ជួយ​ជំរុញ​អាជីវកម្ម​របស់​ពួកគេ​ឱ្យ​កាន់តែ​ប្រសើរ និង​ក្លាយជា​អាជីវកម្ម​គំរូ​។

តាមរយៈ​កម្មវិធី​កញ្ចប់​ជំនួយ​ទាំង​ ២ ​ជុំ​នេះ​សហគ្រិន​ខ្មែរ​បានទទួល​ពាក្យស្នើសុំ​ពី​ធុរកិច្ច​បង្កើតថ្មី​ក៏ដូចជា សហគ្រាស​ធុន​តូច និង​មធ្យម​សរុប​ចំនួន​ ២៧៨ ​មកពី​វិស័យ​កសិកម្ម កសិកម្ម​កែច្នៃ សិប្បកម្ម​កែច្នៃ សេវាកម្ម និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​។


លោក ឈៀ វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ​សហគ្រិន​ខ្មែរ​ (KE) ​ថ្លែង​ក្នុង​កម្មវិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​ហិរញ្ញប្បទាន​នៅ​ថ្ងៃទី​ ២៤ វិច្ឆិកា​ថា កម្មវិធី​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​នេះ​គឺជា​ដំណោះស្រាយ​យុទ្ធសាស្ត្រ​ដ៏មុត​ស្រួច​មួយ ដើម្បី​បន្ត​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​បង្កឡើង​ដោយ​វិបតិ្ដ​ជំងឺ​កូវីដ​១៩ បណ្តាល​ឲ្យ​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ប្រឈម​បញ្ហា​ទាំង​ប្រតិបត្តិការ និង​ហិរញ្ញវត្ថុ​។


លោក​ថ្លែងថា​៖ «​សហគ្រិន​ខ្មែរ​ជឿជាក់ថា កញ្ចប់​ហិរញ្ញប្បទាន​នេះ​នឹង​អាចជា​ដំណោះស្រាយ​ដ៏មាន​ប្រសិទ្ធភាព​មួយ​សម្រាប់​គាំទ្រ​ធុរកិច្ច​បង្កើត​ថ្មី និង​ SMEs ដែល​មាន​សក្តានុពល​ក្នុង​ការលើក​កម្ពស់​ប្រព័ន្ធ​អេកូឡូស៊ី-សហគ្រិនភាព​នៅ​កម្ពុជា​»​។


លោក វណ្ណមុនិណ្ឌ បាន​ឱ្យ​ដឹងថា កម្មវិធី​កញ្ចប់​ជំនួយ​របស់​សហគ្រិន​ខ្មែរ​មាន​ចំនួន ២ ​លើក​ដែល​បាន​ប្រើប្រាស់​ថវិកា​សរុប​ចំនួន​ ៤០ ​ម៉ឺន​ដុល្លារ​ដែល​បាន​ផ្តល់ជូន​ធុរកិច្ច​បង្កើត​ថ្មី និង SMEs​។ កញ្ចប់​ជំនួយ​ត្រូវ​ផ្តល់​ដល់​ពួកគេ​ចន្លោះ​ពី ៥ ​ពាន់ដុល្លារ​ទៅ ២ ​ម៉ឺន​ដុល្លារ​ជាមួយ​នឹង​លក្ខខណ្ឌ​ប្រើប្រាស់​កញ្ចប់​ថវិកា​រយៈពេល​ ១ ​ឆ្នាំ​ក្នុង​ការប្រតិបត្តិការ​អាជីវកម្ម​។


លោក​ថ្លែងថា​៖ «​សហគ្រិន​ខ្មែរ​សង្ឃឹមថា វិនិយោគិន​នឹង​បន្ត​តាមដាន និង​វិនិយោគ​លើ​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​អាច​ទាក់ទាញ​វិនិយោគិន​ដទៃទៀត​នៅពេល​ខាងមុខ​»​។


សហគ្រិន​ខ្មែរ​បាន​គាំទ្រ​ទៅលើ​វិស័យ​អាទិភាព​មួយចំនួន​ដែល​រួមមាន​ធុរកិច្ច​បង្កើត​ថ្មី​បែប​បច្ចេកវិទ្យា សេវាកម្ម ការកែច្នៃ​កសិចំណីអាហារ​កសិកម្ម​សម្រាប់​ការនាំចេញ និង​ផលិតកម្ម​សម្រាប់​ជំនួស​ដល់​ការនាំចូល ដើម្បី​គាំទ្រ​ដល់​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច នវានុវត្តន៍ ការបង្កើន​ផលិតភាព និង​ការបង្កើត​ការងារ​។

អ្នកស្រី ចេន សុភាព ស្ថាបនិក និង​ជា​នាយិកា​គ្រប់គ្រង​សហគ្រាស​កី​តម្បាញ​ខ្មែរ​ (KTK) ដែល​ទទួល​បាន​កញ្ចប់​ជំនួយ​នេះ​បានឱ្យ​ដឹងថា ហិរញ្ញប្បទាន​នេះ​នឹង​ជួយ​ឱ្យ​អាជីវកម្ម​ឱ្យ​កាន់តែ​រីកចម្រើន ហើយ​កញ្ចប់​ជំនួយ​នេះ​នឹង​ជួយ​បង្កើត​ការងារ​ឱ្យ​សមាជិក​នៃ​សមាគម​កីតម្បាញ​ខ្មែរ​ជាង​ ៣០០ ​នាក់ ​ដែល​កំពុងមាន​កង្វះខាត​ទីផ្សារ​យ៉ាងខ្លាំង​នៅក្នុង​សម័យ​ជំងឺ​កូវីដ​១៩​នេះ​។

អ្នកស្រី​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា​កញ្ចប់​ថវិកា​នេះ​នឹង​ជួយ​ដល់​អាជីវកម្ម​ខ្ញុំ​បាន​ច្រើន​ដែល​ប្រើប្រាស់​ថវិកា​ទៅលើ​ផ្នែក​ទីផ្សារ​បច្ចេកវិទ្យា និង​ផ្សព្វផ្សាយ​ផលិតផល​របស់ខ្ញុំ​ជាមួយ​អតិជន​គោលដៅ​របស់​យើង​ថែមទៀត​»​។

កញ្ញា ថូង ធីតា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន ថូងត្រេឌីង ឯ.ក ​ដែល​ជា​ក្រុមហ៊ុន​កែច្នៃ​អំបិល​កំពត-កែប បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​កម្មវិធី​នេះ​ថា ជំនួយ​នេះ​នឹង​ជួយ​គាំទ្រ​ដល់​ការបង្កើន​ចង្វាក់​ផលិតកម្ម​កែច្នៃ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​។

ធីតា បញ្ជាក់​៖ «​ខ្ញុំ​សង្ឃឹមថា កញ្ចប់​ថវិកា​នេះ​នឹង​ជួយ​ដល់​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន​បាន​ច្រើន​ក្នុង​ការជំរុញ​ការផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​របស់​យើង​»​។

លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែលជា​សាក្សី​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ​បាន​ថ្លែងថា សហគ្រិន​ខ្មែរ​ដែលជា​អង្គភាព​ចំណុះឱ្យ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​ដើរតួ​ជា​ឃ្នាស់​ថ្មី​ក្នុង​ការជួយ​ផ្សារភ្ជាប់​សហគ្រិន​ឱ្យក្លាយ​ជា​ភ្នាក់ងារ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។

លោក​ថ្លែងថា​៖ «​តាមរយៈ​កម្មវិធី​របស់​សហគ្រិន​ខ្មែរ​នឹង​ជួយ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​សេដ្ឋកិច្ច​ដែល​ជា​គន្លឹះ​ដ៏សំខាន់​ក្នុង​ការដោះស្រាយ​បញ្ហា​ក្នុង​អាជីវកម្ម និង​ខ្សែចង្វាក់​តម្លៃ​ព្រមទាំង​បង្កើត​ជា​គំរូ​អាជីវកម្ម​ថ្មី​ក្នុង​ប្រទេស​។

បើតាម​លោក ឈៀ វណ្ណមុនិណ្ឌ សហគ្រិន​ខ្មែរ​នឹង​បន្ដ​ដាក់ចេញ​កម្មវិធី​នេះ​សម្រាប់​ជុំ​ទី​ ៣ ​បន្ត​ទៀត​នៅ​ឆ្នាំ​ខាង​មុខ​៕ LA