ភ្នំពេញ: ក្រុម​សហជីព​បានដាក់​លិខិត​ ១ ​ច្បាប់​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ធ្វើការ​ផ្អាក​ជា​បណ្តោះអាសន្ន​រាល់​ការសង​បំណុល​ទាំង​ប្រាក់​ដើម និង​ការប្រាក់​ដល់​កម្មករនិយោជិត​ក្នុង​អំឡុងពេល​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លិខិត​ដែល​ស្នើឡើង​ដោយ​ក្រុម​សហជីព​ចំនួន​ ១៤ បានសរសេរថា៖ «​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ បាន​នាំ​ឲ្យ​ចង្វាក់​ផលិតកម្ម​ក្នុង​វិស័យ​រោងចក្រ​កាត់ដេរ សណ្ឋាគារ សេវាកម្ម ក្លឹប​កម្សាន្ត ដឹកជញ្ជូន សំណង់ កសិកម្ម និង​វិស័យ​ផ្សេងទៀត​នៅ​កម្ពុជា​រង​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដោយ​ព្យួរ​កិច្ចសន្យាការងារ​កម្មករ​និយោជិត​ដែល​ធ្វើឲ្យ​បាត់បង់​ការងារ និង​ប្រាក់​ចំណូល​ប្រចាំថ្ងៃ​»​។


លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា សហព័ន្ធ​សហជីព​ចំនួន​ ១៤ បានដាក់​លិខិត​រួមគ្នា​មួយ​ទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ពុធ​។ លោក​បន្តថា កម្មករនិយោជិត​ពុំមាន​លទ្ធភាព​សងបំណុល​ធនាគារ​កំពុង​មាន​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ នេះ​ទេ ដោយសារ​ពួកគេ​ត្រូវបាន​ព្យួរការងារ​ភាគច្រើន​។


លោក​បាន​ថ្លែងថា​៖ «​ពួកគេ​នឹង​ប្រឈម​កាន់តែ​ខ្លាំង​ក្នុង​ការសងបំណុល​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ចាប់ពី​ខែ​មេសា​នេះ​ទៅ ហើយ​ពួកគេ​កំពុង​មានការ​ត្អូញត្អែរ​យ៉ាងខ្លាំង​ពី​ការមិន​មាន​លទ្ធភាព​បង់​ធនាគារ ទាំង​អ្នក​ធ្វើការ​ក្នុង​រោងចក្រ និង​សណ្ឋាគារ​ជាដើម​»​។


លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គ្រឹះស្ថាន​ធនាគារ​នៅ​កម្ពុជា​កំពុង​អនុវត្តតាម​សារាចរ​ណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ​ក្នុង​ការដោះស្រាយ​ការសងបំណុល​ដោយ​មធ្យោបាយ​ទន់ភ្លន់ និង​មិន​បាន​រឹបអូស​ទ្រព្យ​ធានា​របស់​កម្មករ​និយោជិត​ក្នុង​អំឡុង​ពេល​មាន​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។


លោក​បន្តថា សារាចរ​របស់ NBC ក៏បាន​ណែនាំ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ឲ្យ​រៀបចំ «​ឥណទាន​ឡើងវិញ​» ដើម្បី​ជួយ​សម្រាល​បន្ទុក​ទៅដល់​អ្នក​ខ្ចីប្រាក់​ដែល​កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ និង​បាត់បង់​ប្រាក់​ចំណូល​។ លើស​ពី​នេះ NBC បានចេញ​ប្រកាស​មួយ​កាលពី​ថ្មីៗ​នេះ​ស្តីពី​ការបន្ធូរបន្ថយ​អនុបាទ​នៃ​ទុនបម្រុង​របស់​គ្រឹះស្ថាន​ធនាគារ ដើម្បី​ជា​ធនធាន​គ្រប់គ្រាន់​សម្រាប់​គាំទ្រ​ដល់​ការលូតលាស់​របស់​ឥណទាន​។


លោក​បាន​ថ្លែងថា​៖ «​វិធានការ​រៀបរាប់​ខាងលើ​នេះ​គឺ​មាន​លក្ខណៈ​គ្រប់គ្រាន់​រួចហើយ​សម្រាប់​គ្រឹះស្ថាន​ធនាគារ មីក្រូហិរញ្ញវត្ថុ​អនុវត្តតាម​។ ខ្ញុំ​យល់ថា មិន​ចាំ​មាន​លិខិត​អ្វី​ត្រូវ​ផ្ញើជូន​សម្តេច ហ៊ុន សែន នោះ​ទេ ព្រោះ​យើង​កំពុង​អនុវត្តតាម​សារាចរ​ណែនាំ​របស់​ធនាគារជាតិ​យ៉ាង​ពេញលេញ​»​។

បើ​យោងតាម​លោក អ៊ិន ចាន់នី គិត​មកដល់​ពេល​នេះ​ធនាគារ​អេស៊ីលីដា​បាន​ផ្តល់​កម្ចី​ឲ្យ​កម្មករនិយោជិត និង​គ្រួសារ​ពួកគេ​មាន​ចំនួន ២៩៥ ឥណទាន ដែល​មាន​ទឹកប្រាក់​ជាង​ ១ លាន​ដុល្លារ​។

លោក​ថ្លែងថា​៖ «​អាជីវកម្ម​របស់​ពួកគាត់​នៅ​ដំណើរការ​ជាធម្មតា ព្រោះ​អាជីវកម្ម​គាត់​មិន​មាន​ផលប៉ះពាល់​ជាមួយ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ នោះទេ​។ កម្ចី​ដែល​ខ្ចី​ពី​យើង​សម្រាប់​ប្រកប​របរ​ដាំ​ដំណាំ​កសិកម្ម​ចម្រុះ​រួមមាន​ដាំ​បន្លែ ធ្វើស្រែ​ជាដើម​»​។

លោក ប៊ុន មុនី អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិថី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក៏​កំពុង​ចូលរួម​អនុវត្តតាម​វិធានការ​របស់​ធនាគារ​ជាតិ​ទាក់ទង​នឹង​ការដោះស្រាយ​ការសង​បំណុល​ប្រកប​ដោយ​ការអនុគ្រោះ​ក្នុងអំឡុង​ពេលនេះ​។

លោក​បន្តថា ទោះបី​យ៉ាងណា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក៏មាន​បន្ទុក​ធ្ងន់​ក្នុង​ការសង​ទៅ​ឲ្យ​ម្ចាស់បំណុល​របស់ខ្លួន​វិញ​ផងដែរ ព្រោះ​ទុនវិនិយោគ​របស់​គ្រឹះ​ហិរញ្ញវត្ថុ​គឺ​ទទួល​បាន​ពី​កម្ចី​គេ​ដែរ​។

លោក​ថ្លែងថា​៖ «​ជា​ការពិត​ប្រាក់​ដែល​យើង​ផ្តល់​កម្ចី​ទៅ​ឲ្យ​អតិថិជន​គឺ​យើង​ខ្ចី​ពី​គេ ដូច្នេះ​ការអនុគ្រោះ​យើង​អាច​ធ្វើ​ទៅ​បាន​តាម​លទ្ធភាព​ជាក់ស្តែង​។ រហូតមក​ដល់​ពេលនេះ​ពុំទាន់​មាន​អ្នកស្នើសុំ​ពន្យារពេល​សងបំណុល​នោះទេ ព្រោះ​អាជីវកម្ម​ពួកគាត់​មិន​ប៉ះពាល់​នៅឡើយ កម្ចី​យើង​ភាគច្រើន​ផ្តល់​លើ​ផ្នែក​កសិកម្ម​»​។

ក្នុង​ឱកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី​ជំងឺ​កូវីដ ​១៩ កាលពី​ថ្ងៃ​អង្គារ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​កែប្រែ​ការផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​ក្រុមកម្មករ-កម្មការិនី​កាត់ដេរ​ពី​ការទទួល​បាន ៦០ ​ភាគរយ​ នៃ​ប្រាក់ខែ​គោល​ក្នុង​អំឡុងពេល​ព្យួរការងារ​មក​ទទួល​បាន​ប្រាក់ត្រឹម ៧០ ​ដុល្លារ​វិញ​៕

វីដេអូ៖