ក្រុងប្រ៊ុចសែលៈ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ សម្រេចបានកិច្ចព្រមព្រៀងមួយស្តីពីការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប (Brexit) នៅនាទីចុងក្រោយពោលគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលរៀបចំកិច្ចប្រជុំរបស់សហភាពអឺរ៉ុបដែលត្រូវបានគេរំពឹងថានឹងផ្តល់ការអនុម័តដល់កិច្ចព្រមព្រៀងនេះ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson នឹងនៅតែត្រូវយកកិច្ចព្រមព្រៀងនេះទៅឲ្យសភាអង់គ្លេសអនុម័តនៅថ្ងៃសៅរ៍ ហើយវាស្ថិតនៅឆ្ងាយពីការប្រាកដប្រជាថា សភាអង់គ្លេសនឹងអនុម័តកិច្ចព្រមព្រៀងនេះ។
លោក Johnson ដែលបានប្តេជ្ញាថានឹងនាំយកចក្រភពអង់គ្លេសចេញពីសហភាពអឺរ៉ុបដោយមាន ឬដោយគ្មានកិច្ចព្រមព្រៀងមួយនោះបានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ «យើងមានកិច្ចព្រមព្រៀងថ្មីដ៏អស្ចារ្យមួយដែលគ្រប់គ្រងមកវិញបាន។ ឥឡូវសភាគួរតែគាំទ្រ Brexit នៅថ្ងៃសៅរ៍»។
មន្ត្រីសហភាពអឺរ៉ុបមានភាពរីករាយដែលពួកគេបានគេចផុតពីវិបត្តិភា្លមៗមួយនៅកិច្ចប្រជុំកំពូលក្រុមប្រឹក្សាអឺរ៉ុប ហើយលោក Jean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុបបានផ្តល់អនុសាសន៍ឲ្យមេដឹកនាំទាំង ២៧ របស់សហភាពអឺរ៉ុបផ្សេងទៀតអនុម័តកិច្ចព្រមព្រៀងនេះ។
លោក Juncker បានឲ្យដឹងថា៖ «នៅទីណាដែលមានឆន្ទៈនៅទីនោះនឹងមានកិច្ចព្រមព្រៀងមួយ។ យើងមានមួយហើយ! វាជាកិច្ចព្រមព្រៀងដែលស្មើភាព និងតុល្យភាពមួយសម្រាប់សហភាពអឺរ៉ុប និងអង់គ្លេស ហើយវាគឺជាសក្ខីភាពចំពោះការប្តេជ្ញាចិត្តរបស់យើង ដើម្បីស្វែងរកដំណោះស្រាយ»។
កិច្ចព្រមព្រៀងព្រាងនេះត្រូវបានបង្កើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនពេលចក្រភពអង់គ្លេសគ្រោងនឹងចាកចេញពីប្លុកអឺរ៉ុបនៅថ្ងៃទី ៣១ ខែតុលាដែលជាការបញ្ចប់ទំនាក់ទំនងជិតស្និទ្ធផ្នែកនយោបាយ និងសេដ្ឋកិច្ចជាមួយប្រទេសជិតខាងដែលនៅជិតបំផុតរបស់ខ្លួនដែលមានរយៈពេលជាង ៤ ទសវត្សរ៍មកនេះ។
លោក Michel Barnier ប្រធានអ្នកចរចារបស់សហភាពអឺរ៉ុបថ្លែងថា៖ «យើងអាចស្វែងរកដំណោះស្រាយដែលគោរពយ៉ាងពេញលេញដល់សុចរិតភាពរបស់ទីផ្សាររួមគ្នានេះ»។
លោកបន្ថែមថា៖ «យើងបានបង្កើតដំណោះស្រាយប្រតិបត្តិការថ្មី និងស្របច្បាប់មួយដើម្បីគេចផុតពីការត្រួតពិនិត្យព្រំដែន (hard border) និងការពារសន្តិភាព និងស្ថិរភាពនៅលើកោះអៀរឡង់»។
លោកបន្តថា៖ «វាជាដំណោះស្រាយមួយដែលធ្វើការងារសម្រាប់សហភាពអឺរ៉ុប សម្រាប់ចក្រភពអង់គ្លេស និងសម្រាប់ប្រជាជន និងអាជីវកម្មនៅអៀរឡង់ខាងជើង»។
ឧបសគ្គភ្លាមៗគឺជាការប្រឆាំងពីសម្ព័ន្ធមិត្តរបស់លោក Johnson ក្នុងគណបក្សសហជីពប្រជាធិបតេយ្យ (DUP) របស់អៀរឡង់ខាងជើង ដែលបានច្រានចោលការសម្របសម្រួលរបស់កិច្ចព្រមព្រៀងនេះ។
កិច្ចព្រមព្រៀងនេះនឹងមើលឃើញថា ខេត្តដែលគ្រប់គ្រងដោយអង់គ្លេសនៅតែស្ថិតក្រោមច្បាប់ពន្ធគយសហភាពអឺរ៉ុប និងពន្ធលើតម្លៃបន្ថែម (VAT) ហើយគណបក្ស DUP ប្រកាសថា ខ្លួនមិនអាចគាំទ្រដល់កិច្ចព្រមព្រៀងនេះបានទេ។
វាមិនមានភាពច្បាស់លាស់នោះទេថា តើសមាជិកសភាមកពីគណបក្សអភិរក្សរបស់លោក Johnson នឹងគាំទ្រកិច្ចព្រមព្រៀងនេះប៉ុន្មាននាក់នោះទេ ហើយប្រសិនបើគណបក្សជំទាស់របស់អង់គ្លេសអាចបោះឆ្នោតជំទាស់កិច្ចព្រមព្រៀងនេះ ឬប៉ុនប៉ងបង្ខំឲ្យមានការធ្វើប្រជាមតិនៅទូទាំងប្រទេសដើម្បីអនុម័ត ឬច្រានចោលកិច្ចព្រមព្រៀងនេះ។
មុនពេលចាកចេញទៅកាន់ទីក្រុងប្រ៊ុចសែល អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានកត់សម្គាល់ថា ទីក្រុងឡុងដ៍បានត្រៀមខ្លួនរួចហើយក្នុងការចរចា និងដាក់ «សំណើរឹងមាំនៅលើតុ»។
ស្ថិតក្រោមវិធានថ្មីដែលត្រូវជំនួសវិធានចាស់នៅក្នុងកិច្ចព្រមព្រៀងមុនដែលត្រូវបានច្រានចោលដោយសភា ផែនការនេះនឹងមើលឃើញថា អៀរឡង់ខាងជើងនៅតែជាដែនដីស្របច្បាប់របស់ចក្រភពអង់គ្លេស ប៉ុន្តែពាណិជ្ជកម្មស្ថិតក្រោមបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប៕ KC