សេដាក នឹង​បញ្ចប់​ម៉ាស៊ីន​សហគមន៍ ២០១៤


130906_11
អង្ករសរីរាង្គរបស់អង្គការសេដាកដែលដាក់លក់នៅតាមផ្សារសេដាក

ភ្នំពេញៈ អង្គការ សេដាក នឹង​បញ្ចប់​ការ​សាង​សង់​រោង​ម៉ាស៊ីន​សហគមន៍​លើក​ដំបូង​របស់​ខ្លួន​នៅ​ស្រុក កម្ចាយមារ ខេត្ត ព្រៃវែង នៅ​ដើម​ឆ្នាំ ២០១៤ ដើម្បី​លើក​ទឹក​ចិត្ត​កសិករ និង​ជួយ​បង្កើន​សមត្ថភាព​ទីផ្សារ​អង្ករ​សរីរាង្គ។

លោក បៅ វុទ្ធី អ្នក​សម្រប​សម្រួល​កម្មវិធី​អង្គការ សេដាក បាន​និយាយ បន្ទាប់​ពី​ការ​ប្រជុំ​ក្រុម​ការងារ​រៀបចំ​សហគមន៍​ម៉ាស៊ីន​កិន​ស្រូវ នៅ​ខេត្ត សៀមរាប កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា សេដាក គ្រោង​ទិញ​ស្រូវ​សរីរាង្គ​ពី​សហគមន៍​ផលិត​ស្រូវ​ក្រអូប សរីរាង្គ​ចន្លោះ​ពី ៥០០០ ទៅ ៧០០០ តោន​សម្រាប់​ការ​ផ្គត់​ផ្គង់​ក្នុង​ឆ្នាំ​នេះ​ហើយ​គ្រោង​បញ្ចប់​ការ​សាង​សង់​រោង​ម៉ាស៊ីន​សហគមន៍​មួយ​នៅ​ដើម​ឆ្នាំ ២០១៤។

ការ​ស្ថាបនា​រោង​ម៉ាស៊ីន​នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​លើក​ទឹក​ចិត្ត​កសិករ​ឲ្យ​ដាំ​ដុះ​ស្រូវ​ក្រអូប​សរីរាង្គ​ឲ្យ​បាន​កាន់​តែ​ច្រើន ព្រោះ​វា​មាន​តម្រូវការ​ខ្ពស់​នៅ​លើ​ទីផ្សារ ហើយ​ប្រជា​កសិករ​ដឹង​ព័ត៌មាន​ពី​កសិផល​របស់​ខ្លួន។

លោក​បន្ត​ថា៖ «កាល​ណា​យើង​មាន​ឃ្លាំង​និង​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​មូលដ្ឋាន​របស់​គាត់​បែប​ហ្នឹង វា​នឹង​ជួយ​កសិករ​បាន​ច្រើន។ កសិករ​នឹង​អស់​ក្តី​កង្វល់​ថា គាត់​ខ្វះ​ទីផ្សារ កសិផល​ថោក​ពេក ហើយ​ការ​បាត់បង់​ដោយ​សារ​ការ​កិបកេង​ពី​សំណាក់​ឈ្មួញ»។

សេដាក ក៏​គ្រោង​ដំឡើង​ម៉ាស៊ីន​ដែល​ដំណើរការ​ដោយ​ថាមពល​ជីវម៉ាស់ ក្នុង​តម្លៃ​ចន្លោះ​ពី ៣ ម៉ឺន​ទៅ ៥ ម៉ឺន​ដុល្លារ ហើយ​កាក​សំណល់​ពី​រោង​ម៉ាស៊ីន ក៏​នឹង​ត្រូវ​កែច្នៃ​ទៅ​ជា​ជី​សម្រាប់​យក​ទៅ​បម្រើ​ដល់​ផល​ប្រយោជន៍ ដល់​ការងារ​កសិកម្ម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក វុទ្ធី។

មក​ដល់​ពេល​នេះ​អង្គការ សេដាក បាន​ប្រមូល​ទុន​ចូល​រួម​ពី​កសិករ​សរុប ៣១៥ ០០០ ដុល្លារ​ពី​សមាជិក​ចំនួន ៧ ៥៩៦ គ្រួសារ មក​ពី​សមាគម​ចំនួន ១៦៦ នៅ​ទូទាំង​ប្រទេស ហើយ​ស្រុក ប្រាំ នៅ​ខេត្ត ព្រៃវែង តាកែវ និង កំពង់ស្ពឺ កំពុង ទទួល​បាន​ទុន​នេះ​យក​ទៅ​រៀបចំ​ទីតាំង​រោង​ម៉ាស៊ីន​សហគមន៍​ជា​បណ្តើរៗ។

លោក​បន្ត​ថា៖ «យើង​ឃើញ​មាន​តម្រូវ​ការ​ច្រើន​ពី​ប្រទេស​ផ្សេងៗ​ទៀត ដូចជា អាមេរិក និង​ប្រទេស​មួយ​ចំនួន​ស្ថិត​នៅ​តំបន់​អឺរ៉ុប។ គេ​មាន​ការ​បញ្ជា​ទិញ​ពី​យើង​ច្រើន​តែ​យើង​មិន​អាច​ឆ្លើយ​តប​នឹង​គេ​បាន​នោះ​ទេ ដោយ​សារ​នៅ​តាម​ខេត្ត​គោលដៅ សេដាក មិន​ទាន់​បាន​ពង្រឹង​អ្នក​ផលិត​ឲ្យ​បាន​ជាក់​លាក់»។

លោក​បន្ថែម​ថា កាល​ពី​ឆ្នាំ ២០១២ សេដាក លក់​អង្ករ​សរីរាង្គ​អស់​តាំង​ពី​ខែ កក្កដា ចំណែក​របាយ​ការណ៍​អង្គការ សេដាក បង្ហាញ​ថា ក្នុង​រយៈ​ពេល ៦ ខែ​ឆ្នាំ​នេះ​អង្គការ សេដាក បាន​នាំ​ចេញ​អង្ករ​សរីរាង្គ​បាន ២០០ តោន​កើន​ឡើង​ពី ១០០ តោន​ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​២០១២។

លោក សុន គន្ធរ ប្រធាន​អគ្គ​នាយក​នៃ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​និយាយ​ថា គម្រោង​ផែនការ​ធ្វើ​ម៉ាស៊ីន​នៅ​តាម​សហគមន៍​គឺ​មាន​ផល​ប្រយោជន៍​ច្រើន ដល់​កសិករ ហើយ​កន្លង​មក​អង្គការ សេដាក ធ្លាប់​ខ្ចី​ទុន​មួយ​ចំនួន​យក​មក​អភិវឌ្ឍន៍​កិច្ចការ​របស់​ខ្លួន​ដែរ។

លោក គន្ធរ បន្ត​ថា៖ «កន្លង​មក​គាត់​ធ្លាប់​យក​ទុន​ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទ​យក​ទៅ​ទិញ​ស្រូវ តែ​បើ​គាត់​មក​យក​ទុន​ទៅ​អភិវឌ្ឍ​រោង​ម៉ាស៊ីន​យើង​នឹង​ពិចារណា​ផ្តល់​ជូន​បន្ថែម​ទៀត»៕

ព័ត៌មានថ្មីៗ