ក្រុងសេអ៊ូលៈ ធនាគារកណ្ដាល​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា សេដ្ឋកិច្ច​កូរ៉េខាងត្បូង​បាន​កើនឡើង​ក្នុង​ល្បឿន​យឺត​បំផុត​ក្នុង​រយៈពេល ១ ​ទសវត្សរ៍​កាលពី​ឆ្នាំមុន ដែល​រងគ្រោះ​ដោយសារ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ប្រទេស​ចិន​ដែល​អូសបន្លាយ​ពេល និង​ទីផ្សារ​ឧបករណ៍​ពាក់កណ្ដាល​ចម្លង​មិនល្អ​។

សេដ្ឋកិច្ច​កូរ៉េ​កើន ២ ភាគរយ​ នៅ​ឆ្នាំ​ ២០១៩ ធ្លាក​ពី​កំណើន ២,៧ ភាគរយ​ នៅ​ឆ្នាំ​ ២០១៨ និង​ជា​លទ្ធផល​អាក្រក់​បំផុត​ចាប់ពី​ឆ្នាំ​ ២០០៩​។


កំណើន​យឺត​បង្ហាញ​ឲ្យ​ឃើញ​ពី​ប្រឈម​មួយ​សម្រាប់​ប្រទេស​ កូរ៉េខាងត្បូង ដែល​បាន​រីករាយ​នឹង​ការរីកចម្រើន​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ ខណៈ​ប្រទេស​ដែល​យុវជន​មាន​ការអប់រំ​ខ្ពស់ នៅពេល​នេះ​ជម្នះ​ក្នុង​ការស្វែងរក​ការងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់ ហើយ​ការមិន​សប្បាយចិត្ត​កំពុង​កើនឡើង​ជុំវិញ​វិសមភាព​។


លោក​ប្រធានាធិបតី មូន ជេអ៊ីន ត្រូវបាន​រិះគន់​ចំពោះ​គោលនយោបាយ​សេដ្ឋកិច្ច​ដ៏ចម្រូងចម្រាស​ទាក់ទង​នឹង​កំណើន​ការចំណាយ​សាធារណៈ និង​ទស្សនាទាន «​កំណើន​សេដ្ឋកិច្ច​ដែល​ដឹកនាំ​ដោយ​ប្រាក់ចំណូល​» ដែល​បាន​មើលឃើញ​ប្រាក់​ឈ្នួល​អប្បបរមា​កើនឡើង​ជាង​ ៣០ ​ភាគរយ​ ក្នុង​រយៈពេល ៣ ឆ្នាំ​។ ក្រុម​ប្រឆាំង​ឲ្យ​ដឹងថា គោលនយោបាយ​នេះ​ធ្វើឲ្យ​ប៉ះពាល់​ដល់​អ្នក​ដែល​ជា​ទិសដៅ​សម្រាប់​ការជួយ​ដោយ​គោលនយោបាយ​នេះ​តាមរយៈ​ការបង្កើន​ការចំណាយ​លើ​ការងារ​។


ធនាគារកណ្ដាល​កូរ៉េ​បាន​ឲ្យ​ដឹងថា សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ពាណិជ្ជកម្ម​នេះ បាន​ថមថយ​ល្បឿន «​ដោយសារ​កត្តា​ជាច្រើន​ដូចជា ការធ្លាក់ចុះ​តម្លៃ​ឧបករណ៍​ពាក់កណ្ដាល​ចម្លង​ជាដើម​»​។


ស្ថិតក្រោម​សម្ពាធ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​ការនាំចេញ​បាន​កើនឡើង ១,៥ ​ភាគរយ ​ធៀប​នឹង ៣,៥ ភាគរយ​ កាលពី​ ២០១៨​។ ការនាំ​ចូល​បាន​ធ្លាក់ចុះ ០,៦ ​ភាគរយ​៕ LA