ក្រុងប៉េកាំងៈ សេដ្ឋកិច្ចរបស់ប្រទេសចិនបានបង្ហាញសញ្ញានៃភាពតានតឹងកាន់តែខ្លាំងឡើងកាលពីថ្ងៃចន្ទ ខណៈដែលប្រទេសនេះបានចេញផ្សាយទិន្នន័យចុះខ្សោយសម្រាប់ទិន្នផលឧស្សាហកម្ម ការវិនិយោគ និងការលក់រាយ ចំពេលសង្គ្រាមពាណិជ្ជកម្មអូសបន្លាយពេលជាមួយអាមេរិក។
ទិន្នផលឧស្សាហកម្មបានកើនឡើង ៤,៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននៅខែសីហា ដែលធ្លាក់ចុះមកនៅត្រឹមកម្រិតទាបបំផុតរបស់ខ្លួនក្នុងរយៈពេល ១៧ ឆ្នាំ និងធ្លាក់ចុះពី ៤,៨ ភាគរយ កាលពីខែកក្កដា។
តួលេខនេះមានកម្រិតក្រោមការរំពឹងទុករបស់អ្នកវិភាគដោយការស្ទង់មតិរបស់ក្រុមអ្នកវិភាគដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន Bloomberg ដែលថា កំណើននេះនឹងមាន ៥,២ ភាគរយ។
លោក Fu Linghui អ្នកនាំពាក្យនៅការិយាល័យជាតិស្ថិតិដែលចេញផ្សាយទិន្នន័យនេះបានមានប្រសាសន៍ថា៖ «យើងត្រូវតែដឹងថា អស្ថិរភាព និងភាពមិនច្បាស់លាស់អន្តរជាតិកំពុងកើនឡើងយ៉ាងខ្លាំង និងថាបញ្ហារចនាសម្ព័ន្ធសេដ្ឋកិច្ចនៅក្នុងស្រុកនៅតែមានភាពលេចធ្លោនៅឡើយ ហើយសម្ពាធធ្លាក់ចុះលើសេដ្ឋកិច្ចកំពុងកើនឡើង»។
កំណើនការលក់រាយបានធ្លាក់ចុះមកនៅត្រឹម ៧,៥ ភាគរយដោយថយចុះ ០,១ ភាគរយ ធៀបនឹងកំណើននៅខែកក្កដា និងការធ្វើឲ្យប៉ះពាល់ដល់គោលបំណងរបស់ទីក្រុងប៉េកាំងក្នុងការបង្កើនការប្រើប្រាស់ក្នុងស្រុក។
ការវិនិយោគលើទ្រព្យសកម្មថេរបានមើលឃើញកំណើន ៥,៥ ភាគរយ នៅរយៈពេល ៨ ខែដំបូងឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តែធ្លាក់ចុះ ០,២ ភាគរយ ធៀបនឹងកំណើនក្នុងរយៈពេល ៧ ខែដំបូងដែលរួមទាំងការធ្លាក់ចុះបន្តិចក្នុងការវិនិយោគអចលនទ្រព្យដ៏សំខាន់។
ទិន្នន័យទាំង ៣ នេះមិនឆ្លើយតបទៅនឹងការរំពឹងទុករបស់អ្នកវិភាគនោះទេ ដោយ Bloomberg ព្យាករថាការលក់រាយកើនឡើង ៧,៩ ភាគរយ ហើយការវិនិយោគកើនឡើង ៥,៧ ភាគរយ។
កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស ចិន បានធ្លាក់ចុះមកនៅត្រឹម ៦,២ ភាគរយ នៅត្រីមាសទី ២ ក្នុងឆ្នាំ ២០១៩ នេះដែលជាល្បឿនខ្សោយបំផុតនៅក្នុងរយៈពេលជិត ៣ ទសវត្សរ៍។
លោកនាយករដ្ឋមន្ដ្រីរបស់ប្រទេស ចិន លី ខឺឈាំង ត្រូវបានដកស្រង់សម្ដីដោយលើកឡើងនៅក្នុងបទសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរុស្ស៊ីដែលត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាលរបស់ប្រទេសចិនថា៖ «សម្រាប់ប្រទេស ចិន ដើម្បីរក្សាកំណើន ៦ ភាគរយ ឬលើសពីនេះគឺពិបាកបំផុតក្នុងបរិបទនៃស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញ និងក្នុងគ្រាដែលមានមូលដ្ឋានប្រៀបធៀបខ្ពស់ ហើយអត្រានេះស្ថិតក្នុងភាពនាំមុខគ្នាក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេនានាក្នុងពិភពលោក»៕ LA