ភ្នំពេញៈ ប្រៃសណីយ៍​កម្ពុជា សមាគម​ពាណិជ្ជកម្ម​ដឹកជញ្ជូន​ទំនិញ និង​ក្រុមហ៊ុន ស៊ូភើអេប តិចណូឡូជី ភីអិលស៊ី បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ​លើ​កិច្ចសហការ​លើកកម្ពស់​សេវាកម្ម​ដឹកជញ្ជូន និង​ជំរុញ​ការប្រើប្រាស់​សេវា​បញ្ញើ​ក្នុង​ស្រុក ខណៈ​ចំណូល​របស់​ប្រៃសណីយ៍​កម្ពុជា បាន​ធ្លាក់ចុះ​ជិត​ពាក់កណ្តាល​ក្នុង​អំឡុង​មាន​វិបត្តិ​សុខភាព​ជា​សកល​។

តាមរយៈ MoU ភាគី​ទាំង ៣ ​បាន​ព្រមព្រៀង​គ្នា​ដោយ​ប្រៃសណីយ៍​កម្ពុជា និង​ក្រុមហ៊ុន ស៊ូភើអេប តិចណូឡូជី នឹង​សហការ​គ្នា​ជំរុញ​ការប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន និង​បច្ចេកវិទ្យា​ថ្មីៗ ជាមួយ​នឹង​សមាគម​ពាណិជ្ជកម្ម​ដឹកជញ្ជូន​ទំនិញ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេវា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង និង​ក្រៅ​ប្រទេស​។


លោក អោក បូរ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា​បាន​ឱ្យ​ដឹងថា MoU នេះ​គឺជា​កិច្ចសហការ​គ្នា​ដ៏មាន​សារៈសំខាន់​ក្នុង​ការពង្រីក​សេវា​ដឹកជញ្ជូន​ទំនិញ​នៅ​កម្ពុជា​។ លោក​បាន​ថ្លែង​​ថា​៖ «​យើង​នឹង​ជួយ​ជំរុញ និង​លើកស្ទួយ​ឱ្យ​ផលិតផល​របស់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ទៅកាន់​ទីផ្សារ​អន្តរជាតិ​»​។


លោក ប៉ាត់ ចំណាន ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន ស៊ូភើអេប តិចណូឡូជី បាន​ឱ្យ​ដឹងថា ក្រុមហ៊ុន​លោក​នឹង​ជួយ​នាំយក​ផលិតផល​ខ្មែរ​ទៅ​ទីផ្សារ​អន្តរជាតិ​តាមរយៈ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​របស់​ក្រុមហ៊ុន​។


លោក​ថ្លែងថា​៖ «​អនុស្សរណៈ​នេះ​នឹង​ផ្តល់​ប្រយោជន៍​ឱ្យ​យើង​ទាំងអស់​គ្នា​ដោយ​បញ្ញើ​តូចៗ​យើង​នឹង​រុញ​ឱ្យ​ប្រៃសណីយ៍​កម្ពុជា ហើយ​ទំនិញ​ធំៗ​យើង​ឱ្យទៅ​សមាគម​ពាណិជ្ជកម្ម​ដឹកជញ្ជូន​ទំនិញ​។ ខ្ញុំ​ដឹងថា នៅក្នុង​អំឡុងពេល​រីករាលដាល​កូវីដ​ ១៩ និន្នាការ​ប្រើប្រាស់​សេវា​ទិញ​ទំនិញ​តាម​អនឡាញ​បាន​កើនឡើង​គួរឱ្យ​កត់សម្គាល់​»​។


បើតាម​លោក បូរ៉ា ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឱ្យ​ចំណូល​របស់​ប្រៃសណីយ៍​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ មាន​ចំនួន​ ៦,៥ ​លាន​ដុល្លារ ធ្លាក់ចុះ ៤៦ ភាគរយ​ធៀប​ឆ្នាំ​ ២០១៩ ដែលមាន​ជាង ១៣ ​លាន​ដុល្លារ​៕LA