អគារតម្លៃ $ ១០០ លាននឹងបញ្ចប់ចុងឆ្នាំ ២០១៦

ភ្នំពេញៈគម្រោងសាងសង់អគារការិយាល័យជួលដែលមានតម្លៃ ១០០ លានដុល្លារ របស់ក្រុមហ៊ុន Hong kong Land នឹងបញ្ចប់នៅឆ្នាំ ២០១៦។
អគារការិយាល័យ LAND MARK កម្ពស់ ២០ ជាន់ ដែលមានទីតាំងនៅក្រោយអគារវឌ្ឍនៈថោវើរ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ក្រោមអធិបតីភាព របស់ លោក អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
លោក អ៊ឹម ឈុនលឹម ថ្លែងថា នេះបញ្ជាក់ពីការជឿទុកចិត្តរបស់វិនិយោគិនបរទេសចំពោះស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
លោកថ្លែងថា៖«អគារខ្នាតធំ និងទំនើបនេះនឹងចូលរួមចំណែកលើកកម្ពស់ផ្នែកសេវាកម្មនៅកម្ពុជា ប្រកបដោយការប្រកួតប្រជែងលើផ្នែកអគារលក់ទំនិញមានលក្ខណៈជាផ្សារទំនើបការិយាល័យធ្វើការ និងភោជនីយដ្ឋានជាដើម»។
លោក Robert Garman នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hongkong Land បានឲ្យដឹងថាគម្រោង LAND MARK នៅរាជធានីភ្នំពេញ គឺជាគម្រោងអភិវឌ្ឍនដ៏អស្ចារ្យមួយរបស់ក្រុមហ៊ុន Hongkong Land នៅតំបន់អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន Hongkong Land គឺជាក្រុមហ៊ុនដែលមានជំនាញក្នុងការគ្រប់គ្រង និងរៀបចំអគារការិយាល័យប្រកបដោយគុណភាពខ្ពស់ និងបង្កើតប្រាក់ចំណូលរយៈពេលវែង។
លោកបញ្ជាក់ថា៖«ខ្ញុំមានជំនឿថា អគារថ្មីនេះនឹងផ្តល់នូវភាពសម្បូរបែបនិងបទពិសោធអាជីវកម្មដូចជាកន្លែងទិញទំនិញ កន្លែងទទួលទានព្រមជាមួយអគារការិយាល័យលំដាប់ A ដែលអាចទាក់ទាញបណ្តាក្រុមហ៊ុនទាំងក្នុងស្រុក និងអន្តរជាតិឲ្យចាប់អារម្មណ៍ចំពោះកម្ពុជាទៀតផង»។
គម្រោង LAND MARK នេះមានជាច្រើនដំណាក់កាល ដោយក្នុងដំណាក់កាលទី១នេះក្រុមហ៊ុន Hong kong Land នឹងសាងសង់អគារមួយលើផ្ទៃដី ១០ ៧០០ ម៉ែត្រការ៉េ ដោយមានកម្ពស់២០ជាន់ ក្នុងនោះហាងលក់ទំនិញប្រណីតៗ ៤ ជាន់ និង ១៦ ជាន់ទៀតជាអគារការិយាល័យលំដាប់ A ព្រមទាំងមាន ៣ ជាន់នៅក្រោមដីជាចំណតរថយន្តទៀតផង។ ការសាងសង់អគារខាងលើគ្រោងនឹងបញ្ចប់នាចុងឆ្នាំ ២០១៦ ដោយមានបន្ទប់ការិយាល័យនិងហាងលក់ទំនិញទំហំ ៣០ ០០០ ម៉ែត្រការ៉េ។
លោកចេងខេងអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យកម្ពុជាស៊ីភីអិលនិងជាប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានស្វាគមន៍គម្រោងខាងលើទោះបីជាពេលបច្ចុប្បន្ននេះមានអគារការិយាល័យជួលទំនើបៗនៅរាជធានីភ្នំពេញជាច្រើនដូចជាអគារភ្នំពេញថោវើរ កាណាឌីយ៉ាថោវើរនិងវឌ្ឍនៈថោវើរក៏ដោយក៏ការផ្គត់ផ្គង់ហាក់មិនទាន់លើសតម្រូវការនោះដែរ ពីព្រោះតាមការស្រាវជ្រាវថ្មីបានបង្ហាញថា នៅកម្ពុជាបច្ចុប្បន្នការប្រើប្រាស់ផ្ទះល្វែង ឬវីឡាធ្វើជាការិយាល័យចាប់ផ្តើមធ្លាក់ចុះជាបន្តបន្ទាប់។
លោកមានប្រសាសន៍ថា៖«ការប្រើប្រាស់ការិយាល័យជួលធ្វើជាស្នាក់ការរបស់ក្រុមហ៊ុនពិតជាមានលក្ខណៈល្អប្រសើរជាងការប្រើប្រាស់លំនៅឋាន ឬវីឡា ពីព្រោះការជួលកន្លែងសម្រាប់ធ្វើការនៅតាមអគារការិយាល័យនោះ បើទោះបីជាវាមានតម្លៃថ្លៃបន្តិចក៏ដោយ ក៏វាមានភាពស៊ីវិល័យទីតាំងល្អនិងមានសុវត្ថិភាព»។
លោកបន្តថាមានមនុស្សមួយចំនួនបាននិយាយថា ការជួលផ្ទះល្វែង ឬវីឡា ធ្វើជាការិយាល័យមិនសូវចំណាយប្រាក់ច្រើន ដោយក្នុង១ម៉ែត្រការ៉េអាចមានតម្លៃប្រហែល១០ដុល្លារខណៈការិយាល័យជួលអាចមានតម្លៃ១៥ដុល្លារក្នុង១ខែ។ ការគិតបែបនេះមិនប្រាកដថាត្រឹមត្រូវទេ ពីព្រោះការជួលផ្ទះ ឬវីឡា អ្នកជួលត្រូវរ៉ាប់រងទៅលើថ្លៃភ្នាក់ងារសន្តិសុខ ឬអ្នកអនាម័យបន្ថែមទៀត។ ម៉្យាងទៀតការជួលផ្ទះធ្វើការិយាល័យភាគច្រើនគឺមានបញ្ហាទាក់ទងទៅនឹងរយៈពេលនៃកិច្ចសន្យា(កិច្ចសន្យាភាគច្រើនមានរយៈពេលខ្លី ដែលធ្វើឲ្យមានការផ្លាស់ប្តូរទីតាំងជាញឹកញាប់)។
លោកសនសៀបប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនឃី រៀលអេស្ទេត បានប្រាប់ថា ការរិនិយោគទៅលើអគារការិយាល័យ គឺជាការវិនិយោគរយៈពេលវែង ដូច្នេះការវិនិយោគខាងលើនឹងមិនមានបញ្ហានោះទេ ម៉្យាងទៀតស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាក៏មានដំណើរការល្អផង ដែរ។
លោកបានបញ្ជាក់ថា៖«អគារ LANDMARK គ្រោងនឹងបញ្ចប់ការសាងសង់នាចុងឆ្នាំ២០១៦ គឺនៅពេលដែលកម្ពុជាធ្វើសមាហរណកម្មសេដ្ឋកិច្ចពេញលេញទៅក្នុងតំបន់អាស៊ានដូច្នេះខ្ញុំគិតថា អគារនេះនឹងទទួលជោគជ័យពីព្រោះស្ថិតនៅទីតាំងល្អ នៅភ្នំពេញ»។
ក្រុមហ៊ុន Hongkong Land គឺជាក្រុមហ៊ុនដ៏ធំមួយក្នុងទ្វីបអាស៊ីដែលវិនិយោគទៅលើផ្នែកគ្រប់គ្រងនិងការអភិវឌ្ឍវិស័យអចលនទ្រព្យ។
ក្រុមហ៊ុន Hongkong Landត្រូវបានបង្កើតឡើងដំបូងនៅក្នុងទីក្រុងហុងកុងនៅឆ្នាំ១៨៨៩។បច្ចុប្បន្នក្រុមហ៊ុនHongkong Land បានធ្វើសកម្មភាពនៅចិនសិង្ហបុរី និងប្រទេសដទៃជាច្រើននៅលើពិភពលោក៕