ក្រុងឡុងដ៍ៈ រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា ជនជាតិ​អង់គ្លេស​ដែល​វិល​ត្រឡប់​មកវិញ​ផ្ទះ​ពី​បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប (EU) នឹង​លែង​ត្រូវ​បង់ពន្ធ​លើ​ផលិតផល​ស្រា និង​ថ្នាំជក់​ដែល​ទិញ​នៅ​អង់គ្លេស​ទៀត​ហើយ​ក្នុងករណី​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប (Brexit) ដោយ​គ្មាន​កិច្ចព្រមព្រៀង​។

លោក Sajid Javid រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​បាន​ប្រកាស​ថា​អង់គ្លេស​ក៏​នឹង​មិន​យក​ពន្ធ​លើ​ផលិតផល​ស្រដៀង​គ្នា​នេះ​ផងដែរ​សម្រាប់​ការធ្វើ​ដំណើរ​ចាកចេញ​ពី​អង់គ្លេស​ក្នុង​គោលបំណង​ផ្ដល់​ការជំរុញ​ដល់​វិស័យ​ទេសចរណ៍ បើ​ប្រទេស​នេះ​ចាកចេញ​ពី EU ដោយ​គ្មាន​កិច្ចព្រមព្រៀង​។


សហភាព​អឺរ៉ុប​បាន​លុប​ចោល​ការទិញ​ទំនិញ​រួច​ពន្ធ (Duty Free) រវាង​បណ្ដា​ប្រទេស​ជា​សមាជិក​កាលពី​ឆ្នាំ​ ១៩៩៩ ដោយ​លើកឡើង​ថា ទំនិញ​រួច​ពន្ធ​នេះ​មិន​មាន​ភាព​ស៊ីគ្នា​ទៅ​នឹង​ប្រព័ន្ធ​ទីផ្សារ​រួមគ្នា​របស់​សហភាព​អឺរ៉ុប​។


រដ្ឋាភិបាល​ប៉ាន់ប្រមាណ​ថា ស្រា​មួយ​ដប​ដែល​បាន​ទិញ​នៅឯ​ហាង​ទំនិញ​រួច​ពន្ធ (Duty Freeshop) ក្នុង​ព្រលាន​យន្តហោះ​ឆ្ពោះ​ទៅ​សហភាព​អឺរ៉ុប (EU) បន្ទាប់ពី Brexit អាច​មាន​តម្លៃ​កាន់តែ​ទាប​រហូត​ដល់ ២,២៣ ផោន (២,៧ ដុល្លារ​)​។


នៅពេល​អ្នកដំណើរ​ធ្វើដំណើរ​ចេញពី EU ទៅ​ចក្រភព​អង់គ្លេស ពួកគេ​នឹង​នៅតែ​អាច​នាំយក​ស្រា និង​បារី​ទៅផ្ទះ​ដោយ​មិន​កំណត់​បាន ប្រសិន​បើ​ពួកគេ​បង់ពន្ធ​ក្នុង​ប្រទេស​ដើម​ដូច​ក្នុង​ករណី​បច្ចុប្បន្ន​។


ប៉ុន្តែ​ពួកគេ​ក៏​នឹង​មាន​ជម្រើស​ផងដែរ​ក្នុង​ការទិញ​ស្រា និង​បារី​ក្នុង​បរិមាណ​មានកំណត់​នៅ​ហាង​លក់ទំនិញ​រួច​ពន្ធ​នៅ​អឺរ៉ុប​។ នេះ​បើ​យោង​តាម​រដ្ឋាភិបាល​៕ LA