ភ្នំពេញៈ ​អង្ករ​​របស់​កម្ពុជា​​បាន​បាត់បង់​​សិទិ្ធ​ទទួល​ការ​​​លើកលែង​​​ពន្ធ​ពី​ទីផ្សារ​អឺរ៉ុប​​ជា​ផ្លូវ​ការ​ហើយ ចាប់​ពី​​​​​ថ្ងៃ​​សុក្រ​នេះ​ត​ទៅ​ បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធ​លើ​អង្ករ​នាំ​ចូល​ពី​ប្រទេស កម្ពុជា​ និង​​មីយ៉ាន់ម៉ា​ ក្រោម​ហេតុផល​ដើម្បី​ការពារ​ផល​ប្រយោជន៍​កសិករ​​ផលិត​អង្ករ​នៅ​អឺរ៉ុប។

ការ​សម្រេច​​ដែល​បាន​ធ្វើ​ឡើង​​កាល​ពី​ថ្ងៃ​ម្សិលមិញ​ និង​មាន​ប្រសិទ្ធ​ភាព​អនុវត្ត​ចាប់​ពី​ថ្ងៃ​សុក្រ​ ទី​​ ១៨ នេះ​ទៅ តម្រូវ​ឲ្យ​អង្ករ​នាំ​ចូល​ពី​ប្រទេស​ កម្ពុជា និង​មីយ៉ាន់ម៉ា​ ត្រូវ​​បង់​ពន្ធ​រយៈ​ពេល​​ ៣ ឆ្នាំ​ក្នុង​​អត្រា ១៧៥ អឺរ៉ូ​ (ប្រហែល ២០០ ដុល្លារ​) ក្នុង​ ១ ​តោន​នៅ​ឆ្នាំ​ដំបូង និង​ថយចុះ​បន្តិច​នៅ​ឆ្នាំ​ទី ២ ​និង​ទី​ ៣។ ​ដោយ​ផ្អែក​លើ​បរិមាណ​នៃ​ការ​នាំចេញ​អង្ករ​ទៅ​អឺរ៉ុប​កាល​ពី​ឆ្នាំ ២០១៨ ដែល​មាន​ចំនួន​ជិត ២៧ ម៉ឺន​តោន ការ​សម្រេច​ថ្មី​នេះ​​នឹង​ធ្វើ​​ឲ្យ​​​វិស័យ​អង្ករ​កម្ពុជា​ ត្រូវ​ចំណាយ​លើ​ការ​បង់​ពន្ធ​ប្រមាណ ៥០ លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។


គណៈ​កម្មការ​អឺរ៉ុប​បាន​ឲ្យ​ដឹង​​កាល​ពី​ម្សិលមិញ​ថា៖ «​ការ​ស៊ើប​អង្កេត​បាន​បញ្ជាក់​ពី​ការ​កើន​ឡើង​​​យ៉ាង​ខ្លាំង​នៃ​ការ​នាំចូល​អង្ករ​ Indica ​ពី​​​កម្ពុជា និង​មី​យ៉ាន់​ម៉ា​​ ទៅ​ក្នុង​សហភាព​អឺរ៉ុប​ (EU) ​ដែល​បាន​បណ្ដាល​ឲ្យ​ខូចខាត​សេដ្ឋកិច្ច​ដល់​ប្រទេស​ផលិត​អង្ករ​អឺរ៉ុប»។​


គណៈ​កម្មការ​នេះ​បាន​បន្ត​ថា​៖ «​ដូច្នេះ នៅ​ថ្ងៃ​នេះ [ថ្ងៃ​ម្សិលមិញ] ​គណៈ​កម្មការ​អឺរ៉ុប​ បាន​សម្រេច​​​​​អនុវត្ត​​ការ​ដក​ហូត​ពន្ធ​គយ​ឡើង​វិញ ​ដែល​នឹង​​ត្រូវ​បាន​កាត់​បន្ថយ​ជា​បន្ត​បន្ទាប់​ក្នុង​អំឡុង​ពេល ​៣ ឆ្នាំ​»​។​


សហភាព​អឺរ៉ុប​ គឺ​ជា​ទីផ្សារ​នាំចេញ​អង្ករ​សំខាន់​មួយ​របស់​ប្រទេស​ កម្ពុជា​។​ ទិន្នន័យ​រដ្ឋាភិបាល​កម្ពុជា​​បាន​បង្ហាញ​ថា ​ប្រទេស​ កម្ពុជា ​​បាន​នាំចេញ​អង្ករ​សរុប​ ៦២៦ ២២៥ ​តោន​កាល​ពី​ឆ្នាំ​ ២០១៨​ ក្នុង​ចំណោម​នោះ​សហភាព​អឺរ៉ុប​បាន​ស្រូប​យក​ប្រហែល​ ៤៣​ ភាគរយ​នៃ​ការ​នាំចេញ​សរុប​ដែល​មាន​​​ចំនួន​ ២៦៩ ១២៧ តោន។​


ពន្ធ​នាំចូល​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​ស៊ើប​​អង្កេត​របស់​សហភាព​អឺរ៉ុប ដែល​ចាប់​ផ្ដើម​ដំណើរ​ការ​កាល​ពី​​ខែ​មីនា ឆ្នាំ​ ២០១៨ បន្ទាប់​ពី​កសិករ​របស់​ប្រទេស​​ អ៊ីតាលី ​​បាន​អំពាវនាវ​ឲ្យ​មាន ​ខ​-ការពារ​ ដែល​រឹត​បន្តឹង​ការ​នាំចូល​អង្ករ។​


សំណើ​ដំបូង​ឲ្យ​មាន​ការ​ការពារ​ពាណិជ្ជកម្ម​លើ​ការ​នាំចូល​អង្ករ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​របស់​ប្រទេស​ អ៊ីតាលី​​ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​ ២០​១៨ និង​បាន​គាំទ្រ​ដោយ​​ប្រទេស​ជា​សមាជិក​ដាំដុះ​ស្រូវ​ផ្សេង​ទៀត​របស់​​សហភាព​អឺរ៉ុប​ រួម​មាន​​ប្រទេស​ បារាំង​អេស៉្បាញ​ ព័រទុយហ្គាល់ ក្រិក ហុងគ្រី រូម៉ានី និង​ប៊ុល​ហ្គារី។ គណៈ​កម្មការ​នេះ​​បាន​បើក​ការ​ស៊ើប​អង្កេត​ជា​ផ្លូវការ​កាល​​ពី​ថ្ងៃ​ទី​ ១៦​ ខែ​មីនា​ ឆ្នាំ​ ២០១៨។​

គណៈ​កម្មការ​អឺរ៉ុប​​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ បាន​បញ្ជាក់​ថា កំណើន​​ដ៏​ខ្លាំង​​ក្នុង​ការ​នាំចូល​អង្ករ​ Indica គ្រាប់​វែង​​ពី​ប្រទេស​ កម្ពុជា និង​មីយ៉ាន់​ម៉ា​ បាន​ធ្វើ​ឲ្យ​​ខូច​ខាត​ដល់​ប្រទេស​ផលិត​អង្ករ​​របស់​អឺរ៉ុប។

អ្នក​លក់​អង្ករ​កំពុង​ដេរ​ការុង​អង្ករ​នៅ​ទីតាំង​លក់​អង្ករ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ។ ហុង មិនា

លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ បាន​ថ្លែង​ថា ការ​នាំចេញ​អង្ករ​ផ្កាម្លិះ​ពី​កម្ពុជា​​ទៅ​កាន់​សហភាព​អឺរ៉ុប នឹង​មិន​រង​​ផល​ប៉ះពាល់​ខ្លាំង​ទេ​ពី​ពន្ធ​ថ្មី​នេះ ប៉ុន្តែ ​អង្ករ​ស​នឹង​ប៉ះ​ពាល់​ខ្លាំង។ លោក​​បាន​បន្ថែមថា ក្នុង​ករណី​នេះ កសិករ​អាច​ប្តូរ​ទៅ​ដាំ​ស្រូវ​ផ្កា​​ម្លិះ​ ឬ​ដំណាំ​ផ្សេង​វិញ​បើ​អាច​ធ្វើ​បាន។

ទោះ​ជា​យ៉ាង​ណា លោក​បាន​ថ្លែង​ថា ផល​ប៉ះពាល់​ពិត​ប្រាកដ​នឹង​អាស្រ័យ​លើ​ទស្សនៈ​របស់​អ្នក​ប្រើប្រាស់​ចំពោះ​អង្ករ​​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា វា​នឹង​អាស្រ័យ​លើ​និរន្តរភាព​របស់​អង្ករ​កម្ពុជា​ នៅ​ហាង​លក់​អង្ករ​ក្នុង​ទីផ្សារ​អឺរ៉ុប។ បើ​ពួក​គេ​ចូលចិត្ត​អង្ករ​កម្ពុជា ផ្សារ​ទំនើប និង​អ្នក​ប្រើប្រាស់​​នៅ​អឺរ៉ុប អាច​មិន​គិត​ពី​ការ​ចំណាយ​ខ្ពស់​បន្តិច​នោះ​ទេ។ វា​គួរ​តែ​មិនមែន​ជា​ចំណែក​ធំ​នៃ​ការ​ចំណាយ​លើ​ការ​ប្រើប្រាស់​របស់​ពួក​គេ​ទេ»។

លោក​បន្ថែម​ថា៖ «រដ្ឋាភិបាល​គួរ​ពិចារណា​កាត់​បន្ថយ​តម្លៃ​អគ្គិសនី និង​កម្រៃ​សេវា​កំពង់ផែ ដើម្បី​ជួយ​ឧស្សាហកម្ម​អង្ករ​របស់​យើង​​ឲ្យ​នៅ​តែ ឬ​កាន់​តែ​មាន​ភាព​ប្រកួត​ប្រជែង ដែល​នឹង​ជួយ បើ​ឧស្សាហកម្ម​កាត់ដេរ​ទទួល​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​ការ​ព្យួរ EBA ​បើ​វា​កើត​ឡើង»។

លោក ហ៊ុន ឡាក់ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើក​ឡើង​ស្រដៀង​លោក​ សុផល​ ដែរ​ទាក់ទង​នឹង​ឥទ្ធិពល​នៃ​អ្នក​ប្រើប្រាស់​នៅ​អឺរ៉ុប​ទៅ​លើ​គុណភាព​អង្ករ​កម្ពុជា​ និង​ផល​ប៉ះពាល់​ពី​ការ​ដាក់​ពន្ធ​នេះ។

ទោះ​បី​យ៉ាង​ណា​​ លោក​បញ្ជាក់​ថា​​ ការ​សម្រេច​របស់​អឺរ៉ុប នឹង​ផ្តល់​ផល​​ប៉ះពាល់​អវិជ្ជមាន​​​មួយ​ចំនួន​ដល់​​ឧស្សាហកម្ម​អង្ករ​កម្ពុជា​ តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​​ទំហំ​នៃ​​​ផល​ប៉ះពាល់​​ឡើយ។

លោក​អះអាង​ថា​៖​ «កម្ពុជា​​នៅ​តែ​ចាត់​ទុក​ថា អឺរ៉ុប​គឺ​​​ជា​ទីផ្សារ​សំខាន់​របស់​​ខ្លួន​ គ្រាន់​​តែ​ក្នុង​ករណី​ដែល​គេ​កំណត់​ឲ្យ​យើង​បង់​ពន្ធ គឺ​យើង​ត្រូវ​តែ​រក​វិធី​ដោះ​ស្រាយ​»។ លោក​បន្ត​ថា៖​ «យើង​ក៏​ត្រូវ​​​ពិនិត្យ​មើល​ទៅ​លើ​ថ្លៃ​ដើម ដើម្បី​ឲ្យ​មាន​តុល្យភាព​នឹង​ការ​កំណត់​ឲ្យ​បង់​ពន្ធ​ ដែល​មាន​ដូច​ជា​ការ​បញ្ចុះ​ថ្លៃ​ដើម ដើម្បី​នៅ​តែ​អាច​បន្ត​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​បាន​»។

យោង​តាម​លោក ហ៊ុន ឡាក់ ទិស​ដៅ​ទីផ្សារ​របស់​កម្ពុជា​អាច​ជា​ការ​ពង្រីក​​ការ​​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ ចិន ​បន្ថែម​ទៀត​ដោយ​លោក​បញ្ជាក់​ថា ប្រទេស​ ចិន បាន​ផ្តល់​កូតា​នាំចូល​អង្ករ​ពី​កម្ពុជា ​​៣០ ម៉ឺន​តោន​ ក្នុង​ ១ ​ឆ្នាំ​កាល​ពី​ឆ្នាំ​ ២០១៨ តែ​កម្ពុជា​បាន​នាំចេញ​បាន​ត្រឹមតែ​​ ១៧ ម៉ឺន​តោន​ប៉ុណ្ណោះ​​។

លោក​បន្ត​ថា​៖​ «​នៅ​ពេល​ខាង​មុខ​ យើង​​អាច​នឹង​មាន​ការ​ចរចា​បន្ថែម​ទៀត​​ជា​មួយ​ប្រទេស​ ចិន ទាក់ទង​នឹង​ការ​​នាំចេញ​អង្គរ​នេះ​»។

លោក សុង សារ៉ន អគ្គ​នាយក​ក្រុមហ៊ុន AMRU Rice Cambodia បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ទីផ្សារ​សហភាព​អឺរ៉ុប នឹង​តែង​តែ​សំខាន់​សម្រាប់​អង្ករ​កម្ពុជា ដូច្នេះ​ក្រុមហ៊ុន​នាំ​ចេញ​នឹង​ចាំបាច់​ត្រូវ​ស្វែង​រក​ដំណោះ​ស្រាយ​ដើម្បី​រក្សា​លទ្ធភាព​នាំចេញ​ទៅ​កាន់​ទីផ្សារ​នេះ។

លោក​បន្ថែម​ថា ក្នុង​ពេល​ជា​មួយ​គ្នា​នេះ កម្ពុជា​នឹង​ចាំបាច់​ត្រូវ​លើក​កម្ពស់​លទ្ធភាព​​ប្រកួត​ប្រជែង និង​រិះរក​ទីផ្សារ​​​ថ្មី​ៗ ដើម្បី​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ទីផ្សារ​តែ​មួយ។ លោក​ថ្លែង​​ថា៖ «យើង​​ត្រូវ​ការ​​ទីផ្សារ​អឺរ៉ុប ហើយ​យើង​មិន​អាច​បាត់​បង់​ទីផ្សារ​នេះ​ទេ។ ដូច្នេះ​ យើង​នឹង​ស្វែង​រក​វិធីសាស្រ្ត ដើម្បី​បន្ទាប​ការ​ចំណាយ​ប្រតិបត្តិការ ដើម្បី​លើក​កម្ពស់​​ភាព​ប្រកួត​ប្រជែង​»៕ LA