អតិរេក​ពាណិជ្ជកម្ម​ជប៉ុន​ជាមួយ​អាមេរិក​កើន ខណៈ​ប្រទេស​ទាំង​ ២ ​ត្រៀម​ជួបចរចា

Content image - Phnom Penh Post
ម៉ាស៊ីនស្ទូច​កំពុង​ស្ទូច​កុងតឺន័រ​ដាក់​លើក​ប៉ាល់​នៅ​កំពង់ផែ​ក្រុង​តូក្យូ​។​AFP

ក្រុងតូក្យូៈ ទិន្នន័យ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ថា អតិរេក​ពាណិជ្ជកម្ម​ដែល​មាន​ភាពរសើប​ផ្នែក​នយោបាយ​របស់​ប្រទេស​ជប៉ុន​ជាមួយ​អាមេរិក​បាន​កើនឡើង​ជាង ១៥ ​ភាគរយ​កាលពី​ខែ​កក្កដា ខណៈ​ក្រុម​អ្នកចរចា​មកពី​ប្រទេស​ទាំង​ ២ រៀបចំ​ចាប់ផ្ដើម​ចរចា​ជាថ្មី​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​។

យោងតាម​ស្ថិតិ​របស់​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន អតិរេក​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​កើនឡើង​ដល់ ៥៧៩,៤ ពាន់​លាន​យ៉េន (៥,៥ ​ពាន់​លាន​ដុល្លារ​) កាលពី​ខែ​មុន កើន ១៥,៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន និង​ការកើនឡើង​រយៈពេល​ ៥ ខែ​ជាប់​គ្នា​។

ទិន្នន័យ​ក្រសួង​ហិរញ្ញវត្ថុ​បាន​បង្ហាញ​ថា ការនាំ​ចូល​របស់​ប្រទេស​ជប៉ុន​ពី​អាមេរិក​បាន​កើនឡើង ៣,៥ ​ភាគរយ​ដែល​បាន​នាំមុខ​ដោយ​យន្តហោះ និង​ប្រេងឆៅ ប៉ុន្តែ​តួលេខ​នេះ​មាន​កម្រិត​ទាប​ជាង​តួលេខ​កំណើន​នាំចេញ​ដែលមាន ៨,៤ ​ភាគរយ ដែល​ជំរុញ​ដោយ​ឧបករណ៍​ផលិត​បន្ទះ​ឈីប និង​គ្រឿងចក្រ​សំណង់​។

លោក ដូណាល់ ត្រាំ ជារឿយៗ​បាន​បញ្ជាក់​ថា​ទីក្រុង​តូក្យូ​មាន​ភាព​ចំណេញ​ក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី និង​បាន​អំពាវនាវ​ឲ្យ​មាន​ទំនាក់ទំនង «​កាន់តែ​ស្មើភាព​គ្នា​»​។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន​កាលពី​ខែ​ឧសភា​លោក ត្រាំ បាន​ឲ្យ​ដឹងថា​លោក​រំពឹងថា​នឹង​ប្រកាស «​អ្វីៗ​មួយចំនួន​» ស្ដីពី​ការចរចា​ពាណិជ្ជកម្ម នៅ​ខែ​សីហា ប៉ុន្តែ​មិនមាន​ការបញ្ជាក់​ពី​ពេលវេលា​នៅឡើយ​ទេ​សម្រាប់​កិច្ចព្រមព្រៀង​មួយ​។

អ្នកចរចា​ពាណិជ្ជកម្ម​ ២ ​រូប​គឺ​លោក Toshimitsu Motegi រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច​ជប៉ុន និង​លោក Robert Lighthizer អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក គ្រោង​ជួបគ្នា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បត៍​សប្តាហ៍​នេះ​។

ជារួម​ជប៉ុន​មាន​ឱនភាព​ពាណិជ្ជកម្ម ២៤៩,៦ ​ពាន់​លាន​យ៉េន​នៅ​ខែ​មុន​កើន ៩,៨ ​ភាគរយ​ធៀប​នឹង​ពេល​ដូចគ្នា​នៅ​ឆ្នាំ​មុន​៕ LA