ក្រុង​តូក្យូៈ ទិន្នន័យ​ផ្លូវ​ការ​បាន​​បង្ហាញ​​កាល​ពី​ថ្ងៃ​ពុធ​ថា អតិរេក​ពាណិជ្ជកម្ម​របស់​ប្រទេស ជប៉ុន បាន​ធ្លាក់ចុះ​ប្រហែល​ ៩០​ ភាគរយ ​កាល​ពី​ខែ​មេសា​ ដោយសារ​ការ​នាំចេញ​រង​ផល​ប៉ះពាល់​ពី​ការ​ថមថយ​កំណើន​សេដ្ឋកិច្ច​ចិន​ ខណៈ​​​​​ប្រទេស​​នេះ​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​​​ជាមួយ​​អាមេរិក។​ នេះ​បើ​យោង​តាម​​ទិន្នន័យ​ផ្លូវការ​កាល​ពី​ថ្ងៃ​ពុធ។

ទន្ទឹម​នឹង​នេះ ទិន្នន័យ​នេះ​បាន​​បង្ហាញ​ថា អតិរេក​ពាណិជ្ជកម្ម​ដែល​មាន​ភាព​រសើប​ផ្នែក​​​នយោបាយ​របស់​​​​ជប៉ុន​​ជាមួយ​អាមេរិក​បាន​កើន​ឡើង​ ១៧,​៧ ​ភាគរយ​កាល​ពី​ខែ​មេសា ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​ ២០១៧ ដែល​ទិន្នន័យ​នេះ​បាន​បង្ហាញ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​​​ការ​ទៅ​​ដល់​ប្រទេស ​ជប៉ុន ​​​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ លើ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មួយ។​


អតិរេក​ពាណិជ្ជកម្ម​ជា​រួម​របស់​ប្រទេស ​ជប៉ុន ​បាន​ធ្លាក់​ចុះ​ ៩០,៣ ​ភាគរយ ​មក​នៅ​ត្រឹម ​៦០,​៤ ពាន់​លាន​យ៉េន (៥៥០ លាន​ដុល្លារ​)។​


ទិន្នន័យ​របស់​ក្រសួង​​ហិរញ្ញវត្ថុ​បាន​បង្ហាញ​ថា ការ​ធ្លាក់​ចុះ​នេះ​ ដែល​ខ្លាំង​ជាង​ការ​រំពឹង​ទុក​របស់​​ទីផ្សារ គឺ​ភាគ​ច្រើន​ដោយសារ​​​​ធ្លាក់​ចុះ​ការ​នាំចេញ​​ផលិតផល​ជាប់​ទាក់ទង​នឹង​បន្ទះ​ឈីប​​​ទៅ​កាន់​ប្រទេស ចិន​។


ប៉ុន្តែ​អតិរេក​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក បាន​កើន​ឡើង​ក្នុង​រយៈពេល ​២ ខែ​ជាប់​គ្នា​ ដែល​​បាន​នាំ​មុខ​ដោយ​ការ​នាំចេញ​រថយន្ត ​ឧបករណ៍​​ផលិត​បន្ទះ​ឈីប និង​យន្តហោះ​។



កំណើន​អតិរេក​ជាមួយ​អាមេរិក​ដល់​ ៧២៣,២ ពាន់​លាន​យ៉េន (៦,៥ ​ពាន់​លាន​ដុល្លារ​) នេះ បាន​កើន​ឡើង​មាន​​បន្ទាប់​ពី​កំណើន​​​ជិត ​១០ ​ភាគរយ​កាល​ពី​ខែ​មីនា និង​ការ​ធ្លាក់ចុះ​​ ១,៦ ​ភាគរយ ​កាល​ពី​ខែ​កុម្ភៈ។

តួលេខ​ចុង​ក្រោយ​បំផុត​នេះ ធ្វើ​ឡើង​​មុន​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​​ ត្រាំ ទៅ​កាន់​​​ប្រទេស ជប៉ុន ​នៅ​ចុង​សប្ដាហ៍​នេះ សម្រាប់​កិច្ច​ប្រជុំ​ជាមួយ​​លោក ​ស៊ីនហ្សូ អាបេ។ មេ​ដឹកនាំ​ទាំង ​២ ត្រូវ​បាន​រំពឹង​ថា នឹង​ផ្ដោត​លើ​បញ្ហា​នានា រួម​ទាំង​ពាណិជ្ជកម្ម​ផង​ដែរ​៕ AFP/LA